ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

ភ្ញាក់ផ្អើល​នឹង​រឿង​បញ្ចេញ​ឈើ​គ្រញូងតម្លៃរាប់សែនដុល្លារ​ពី​ក្នុង​ឃ្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​ស្ងាត់ៗ​

​មានរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ដោយ​គេ​បានឃើញ​កម្មករ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ឈើ​គ្រញូង​ច្រើន​ម៉ែត្រគូប​ ចេញពី​ឃ្លាំង​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​ ដាក់​ទៅ​លើ​រថយន្ត​ប្រភេទ​យី​ឌុ​ប​ដ៏​ធំ​មួយ​ ក្រោម​ការ​ត្រួតពិនិត្យ​ចាត់ចែង​ពី​សំណាក់​នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ ខណៈ​ដែល​ឈើ​គ្រញូង​ទាំងនោះ​គឺ​សុទ្ធតែ​ជា​ឈើ​ដែល​ក្រុម​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ចាប់​បាន​ និង​រឹបអូស​ពី​ជនល្មើស​ប្រគល់​ឲ្យ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រក្សា​ទុក​ធ្វើ​ជា​វត្ថុ​តាង​ ។​

​នៅ​ក្នុង​ហេតុការណ៍​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ដាក់​រថយន្ត​យី​ឌុ​ប​ចេញពី​ឃ្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​ដោយ​ស្ងាត់ៗ​នេះ​ គឺ​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ភ្ញាក់ផ្អើល​នាំ​គ្នា​ចុះ​ទៅ​យក​ព័ត៌មាន​ ស្រាប់តែ​ទទួល​រង​នូវ​ការ​ស្តីបន្ទោស​ និង​ការ​ប្រើ​ពាក្យ​ពេជ្រ​អសុរោះ​យ៉ាងច្រើន​ពី​នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ដែល​ឈរ​មើល​ការ​ខុស​ត្រូវ​ពេល​កម្មករ​កំពុង​លើក​ឈើ​ដាក់​រថយន្ត​ ហាក់​មាន​ចេតនា​លាក់បាំង​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​រឿងរ៉ាវ​នេះ​ឡើយ​ ខណៈ​ដែល​ឃ្លាំង​ដាក់​ឈើ​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​ធ្លាប់​បាត់បង់​ឈើ​ជា​ញឹកញាប់​ ហើយ​មិន​ដែល​រក​ឃើញ​មុខសញ្ញា​ចោរលួច​ឈើ​ទេ​ ។​

​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មួយ​រូប​ បាន​និយាយ​ឲ្យ​ដឹង​ថា​ តាម​នីតិវិធី​ក្នុង​ករណី​លក់​ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ពី​ក្រុម​ជនល្មើស​ទុកជា​វត្ថុ​តាង​ ដើម្បី​បានជា​ប្រយោជន៍​ថវិការដ្ឋ​នោះ​ គឺ​ត្រូវ​អនុវត្តន៍​តាម​គោលការណ៍​ដេញថ្លៃ​ជា​សាធារណៈ​ តាម​រយៈ​គណៈកម្មការ​ចម្រុះ​មួយ​ដោយ​អាជ្ញាធរ​ខេត្ត​ ក៏​អាច​ចូលរួម​ដឹង​ឮ​ផង​ដែរ​ មិន​អាច​ប្រព្រឹត្ត​ឡើង​ដោយ​ស្ងាត់ៗ​លាក់កំបាំង​នោះ​ឡើយ​ ។​

​ដោយឡែក​ ពាក់ព័ន្ធ​នឹង​រឿង​បញ្ចេញ​ឈើ​គ្រញូង​ចេញពី​ឃ្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​ដ៏​ច្រើន​ម៉ែត្រគូប​ តាម​រថយន្ត​យី​ឌុ​ប​នេះ​ គឺ​ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​អ្នក​សារព័ត៌មាន​ថា​ ឯកឧត្តម​មិន​ទាន់​បានដឹង​ពី​ករណី​នេះ​ទេ​ ចាំ​ឯកឧត្តម​សួរនាំ​ទៅ​មន្ត្រី​ជំនាញ​សិន​ ។​

​ប្រភព​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ឈើ​គ្រញូង​ដែល​ដឹក​ចេញពី​ឃ្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​នេះ​ ត្រូវ​បាន​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​រួច​ទៅ​ហើយ​ តែ​ត្រង់​ថា​ ដេញថ្លៃ​ជា​សាធារណៈ​ ឬ​ក៏​អត់​នោះ​ លោក​ក៏​មិន​បានដឹង​ច្បាស់​ដែរ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ថ្វី​ដ្បិត​មាន​សកម្មភាព​បង្ក្រាប​បទល្មើស​ឈើ​ប្រណីត​ ជា​ពិសេស​ប្រភេទ​ឈើ​គ្រញូង​ខ្លះៗ​ពី​សំណាក់​សមត្ថកិច្ច​ក៏​ដោយ​ ប៉ុន្តែ​នៅ​ទីបំផុត​ ឈើ​ដែល​រឹបអូស​បាន​ពី​ជនល្មើស​ទុកជា​វត្ថុ​តាង​ទាំងនោះ​ ត្រូវ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ក្រុម​ឈ្មួញ​ឈើ​គ្រាក់ៗ​ដដែល​ តាម​រយៈ​ការ​ទិញ​-​លក់​ស្ងាត់ៗ​ ឬ​តាម​របៀប​"​ដេញថ្លៃ​ចង​មុង​"​ រួច​ហើយ​ក្រុម​ឈ្មួញ​ឈើ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​បន្ត​ទៀត​ ខណៈ​ដែល​លោក​ឧកញ៉ា​ ទ្រី​ ភាព​ អគ្គ​នាយ​ក្រុមហ៊ុន​ MDS​ Import​ Export​ Co.,​ Ltd.​ និង​ត្រូវជា​ប្អូនធម៌​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​ជា​ភរិយា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មានការ​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ក្នុង​រឿង​ធ្វើ​អាជីវកម្ម​ឈើ​នៅ​កម្ពុជា​ ។​

​របាយការណ៍​ស៊ើបអង្កេត​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​មក​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ បាន​បង់ប្រាក់​ឲ្យ​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ចំនួន​ប្រមាណ​១​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ដើម្បី​ទទួល​បាន​សិទ្ធិ​អំណាច​កាន់កាប់​ និង​ធ្វើ​អាជីវកម្ម​ឈើ​នៅ​កម្ពុជា​ នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​ ។​

​ដូច្នេះ​ ឈើ​គ្រញូង​ជា​ច្រើន​ម៉ែត្រគូប​ និង​មាន​តម្លៃ​រាប់​សែន​ដុល្លារ​អា​មេ​រិ​ក​ ដែល​បញ្ចេញ​ចេញពី​ឃ្លាំង​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​ ក៏​ដូច​ជា​ឃ្លាំង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ អាច​រត់​ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ តែ​ម្តង​នៅ​ដំណាក់កាល​ចុង​ក្រោយ​បំផុត​ ៕​

New-Picture P1011974P1011973

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.