ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

ការ​ចរចា​និង​ការ​ដោះ​លែង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​ជិត​១០​នាក់​ដែល​កំពុង​ជាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​

​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​ ចាប់តាំងពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥(២០១៣-២០១៨)​ត្រូវ​បាន​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​រួច​មក​ គឺ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ដែល​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត​ និង​ជា​ម្ចាស់​វាសនា​ប្រទេស​ជាតិ​ មិន​ទាន់​ស្រុះស្រួល​គ្នា​ ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បង្ហាញ​អំពី​ការ​រួបរួម​រវាង​ខ្មែរ​និង​ខ្នែ​រ​ បម្រើ​ឲ្យ​ផលប្រយោជន៍​ជាតិ​ និង​ប្រជាពលរដ្ឋ​នៅឡើយ​ ទោះបី​ខាង​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​មានះ​បង្កើត​ និង​ដំណើរការ​រដ្ឋសភា​ ព្រមទាំង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ប្រភព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​សុទ្ធសាធ​ និង​ខាង​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ ប្រឹងប្រែង​ព្យាយាម​ដឹកនាំ​អ្នកគាំទ្រ​ធ្វើ​បាតុកម្ម​ទាមទារ​តវ៉ា​អស់​ជា​ច្រើន​លើក​ច្រើន​សា​ ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធ​ការ​ដឹកនាំ​ប្រទេស​ជាតិ​ក៏​ដោយ​ ។​

​នៅ​ទីបំផុត​ ឈាន​ចូល​មក​ដល់​សបា្ត​ហ៍​ទី​៣​នៃ​ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ ដើម្បី​ទទួល​បាន​អភ័យឯកសិទ្ធិ​សភា​ពេញលេញ​នោះ​ ចំនួន​៧​នាក់​ត្រូវ​បាន​អាជ្ញាធរ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​តុលាការ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​-​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​ហូរហែ​ ក្រោម​បទចោទប្រកាន់​ក្នុង​រឿង​ព្រហ្មទណ្ឌ​ ព្រោះតែ​ទាមទារ​តវ៉ា​ឲ្យ​មានការ​បើក​ទីលាន​ប្រជាធិបតេយ្យ​ដែល​អាជ្ញាធរ​បាន​បិទ​កាលពីដើម​ឆ្នាំ​២០១៤​ឡើង​វិញ​ រហូត​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​គណបក្ស​ ទាំង​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​អនុប្រធាន​គណបក្ស​ ជា​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ (​ឯកឧត្តម​ កឹ​ម​ សុខា​ ក៏​ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ផង​ដែរ​នៅ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​)​ សុទ្ធតែ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើការ​ដោះ​លែង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​ខ្លួន​ដែល​ជាប់​ពន្ធនាគារ​នោះ​ជា​បន្ទាន់​ និង​ដោយ​ឥត​លក្ខខណ្ឌ​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​អំណាច​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​អនុប្រធាន​គណបក្ស​ដ៏​មាន​ឥទ្ធិពល​ និង​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ចោទប្រកាន់​និង​ថ្កោលទោស​ទៅ​លើ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​មេគំនិត​ដឹកនាំ​ និង​បញ្ជា​ឲ្យ​មានការ​ប្រព្រឹត្ត​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ​ ព្រមទាំង​បង្គាប់​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់​ជន​ដៃដល់​ និង​មេខ្លោង​ទាំងនោះ​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ។​

​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ បន្ទាប់​ពី​ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ក្នុង​ន័យ​ជំរុញ​ឲ្យ​មានការ​ជួប​ចរចា​ថ្នាក់ដឹកនាំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បាន​ឆាប់រហ័ស​ ដើម្បី​បញ្ចប់វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រូបភាព​នៃ​ការ​ចរចា​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​កម្រិត​ថ្នាក់​កំពូល​ ទាំង​កម្រិត​ថ្នាក់​ក្រុមការងារ​ច្រើន​លើក​ច្រើន​សា​កន្លង​មក​ តែង​ទទួល​បាន​នូវ​ភាព​បរាជ័យ​ ហើយ​ចោទប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ មិន​ស្មោះត្រង់​រៀងៗ​ខ្លួន​ ។​ ដូច្នេះ​ តើ​ការ​ចរចា​នៅ​ពេល​ខាង​មុខ​នេះ​ទៀត​ នឹង​ទទួល​បាន​លទ្ធផល​កម្រិត​ណា​ ?​ ខាង​ភាគី​គណបក្សប្រឆាំង​នឹង​បាន​ចំណេញ​អ្វី​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ចរចា​លើក​មុន​ សម្រាប់​បំពេញ​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ខ្លួន​ និង​ដើម្បី​ផលប្រយោជន៍​ជាតិ​ ?​ តើ​ការ​ចរចា​ត្រូវ​ប្រព្រឹត្ត​ទៅ​សិន​ទើប​សម្របសម្រួល​គ្នា​ ធ្វើការ​ដោះ​លែង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​ទាំង​៧​នាក់​តាម​ក្រោយ​ ឬ​យ៉ាងណា​ ?

​ទោះ​យ៉ាងណា​ក៏​ដោយ​ មជ្ឈដ្ឋាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចេញ​ទស្សនៈ​ថា​ គ្រប់ការ​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​បុរស​ខ្លាំង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​សូមកុំ​សំឡឹង​ឃើញ​នូវ​មុខ​តំណែង​នៅ​ក្នុង​រដ្ឋសភា​ជា​ធំ​ និង​ត្រូវ​ទាមទារ​ឲ្យ​ខាង​តែ​បាន​នូវ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ដែល​ឈាន​ទៅ​នាំ​ឲ្យ​ស្ថាប័ន​ជាតិ​សំខាន់ៗ​មាន​ឯករាជ្យ​ភាព​ពិតប្រាកដ​ ដូច​ជា​ ក្រុមប្រឹក្សាធម្មនុញ្ញ​,​ តុលាការ​,​ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​,​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​…​ជាដើម​ ។​ល​៕​

Sam-Rainsy-Kem-Sokha Sam-Raingsy---Hun-Sen40Sam-Raingsy---Hun-Sen455

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.