ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

ទីលាន​”​ប្រជាធិបតេយ្យ​”​ក្លាយជា​ទីលាន​”​បង្ហូរឈាម​”​បង្ហាញ​អំពី​ការ​បែកបាក់​សាមគ្គី​គ្នាសាជាថ្មី​រវាង​ខ្មែរ​និង​ខ្មែរ​

​មាត្រា​១​ វាក្យខណ្ឌ​ទី​១​ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ "​ប្រទេស​កម្ពុជា​ជា​ព្រះរាជាណា​ចក្រ​ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ​ និង​តាម​លទ្ធិប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​"​ និង​មាត្រា​៥១​ថ្មី​ វាក្យខណ្ឌ​ទី​១​ នៃ​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជាដដែល​ក៏​បាន​ចែង​ដែរ​ថា​ "​ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្តន៍​នយោបាយ​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​"​ ។​

​មិនដឹង​ថា​ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​ សេរី​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ពិតប្រាកដ​ ឬ​គ្រាន់តែ​ជា​ការ​បំភ័ន្ត​ភ្នែក​ក្លែងក្លាយ​ ឬ​យ៉ាងណា​នោះ​ទេ​ ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បង្កើត​ឲ្យ​មាន​សួន​សេរីភាព​ ឬ​ហៅ​ថា​ទីលាន​ប្រជាធិបតេយ្យ​មួយ​ ឋិត​ក្នុង​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​បាន​ជួបជុំ​គ្នា​បញ្ចេញមតិ​យោបល់​របស់​ខ្លួន​តាម​លទ្ធិប្រជាធិបតេយ្យ​ ។​

​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ (២០១៣-២០១៨)​ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ កាលពី​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៣​ (​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន​៦៨​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​អាសនៈ​ចំនួន​៥៥​ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២៣​នៅ​ក្នុង​រដ្ឋសភា​)​ និង​ក្រោយ​មានការ​ប៉ះទង្គិច​ដោយ​ហិង្សា​រវាង​ក្រុម​បាតុករ​ និង​ក្រុម​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពីដើម​ខែមករា​ ឆ្នាំ​២០១៤​កន្លង​មក​នោះ​ ទើប​នៅ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៤​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បិទ​ ឬ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទៀត​ឡើយ​ ។​

​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ បាន​ព្យាយាម​អស់​ជា​ច្រើន​លើក​ច្រើន​សា​ ដើម្បី​ទាមទារ​ឲ្យ​មានការ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ​ តែ​មិន​បាន​សម្រេច​ ត្រូវ​បាន​រារាំង​ដោយ​កងកម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ។​ ជាក់ស្តែង​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ក៏​កើត​មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​បំណង​ជម្នះ​ចង់​ឲ្យ​មានការ​បើក​ទីលាន​ប្រជាធិបតេយ្យ​ និង​កងកម្លាំង​សមត្ថកិច្ច​ដែល​ព្យាយាម​ជម្នះ​រារាំង​ការ​បើក​ទីលាន​ប្រជាធិបតេយ្យ​ ទទួល​រង​របួស​ជា​ច្រើន​នាក់​ទាំង​សងខាង​ និង​លើស​ពី​នេះ​ទៀត​ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ដែល​មិន​ទាន់​ចូល​ធ្វើ​សច្ចាប្រណិធាន​ដើម្បី​កាន់​តំណែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤​នាក់​ រួម​មាន​ លោក​ជំទាវ​ មួរ​ សុខ​ហួរ​ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តបាត់ដំបង​,​ ឯកឧត្តម​ ហូរ​ វ៉ា​ន់​ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​,​ ឯកឧត្តម​ ម៉ែ​ន​ សុ​ថា​វរិ​ន្ទ្រ​ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ធំ​ និង​ឯកឧត្តម​ កែវ​ ភី​រម្យ​ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តក្រចេះ​ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ ដោយ​អាជ្ញាធរ​ចោទប្រកាន់​ថា​ ជា​មេដឹកនាំ​បាតុកម្ម​ខុសច្បាប់​ និង​បង្ក​ហិង្សា​លើ​សមត្ថកិច្ច​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៤​នាក់​ ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃស្អែក​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​របស់​តុលាការ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ គណបក្ស​នយោបាយ​ធំៗ​ទាំង​២​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ គប្បី​រិះរក​ដំណោះស្រាយ​នយោបាយ​បញ្ចប់​ជម្លោះ​រួម​មួយ​ដើម្បី​ផលប្រយោជន៍​ជាតិ​ ដើម្បី​បម្រើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ប្រសើរ​ជា​ជាង​ច្នៃ​ទីលាន​"​ប្រជាធិបតេយ្យ​"​ដែល​បង្កើត​ឲ្យ​មាន​ជា​រូបរាង​ហើយ​ ឲ្យ​ក្លាយទៅជា​ទីលាន​"​បង្ហូរឈាម​"​ ដែល​បង្ហាញ​អំពី​រូបភាព​នៃ​ការ​បែកបាក់​សាមគ្គី​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​សា​ជា​ថ្មី​ បង្ក​ឲ្យ​ឈាម​ខ្មែរ​ហូរ​តទៅ​ទៀត​ ៕​  CNRP-15-07CNRP-15-04-03CNRP-15-07-14-3CNRP-15-04-05

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.