ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ឧកញ៉ា​ពាក់​ផ្កាយ​៣​យោធា​ម្នាក់​រង​ការ​ចោទប្រកាន់​ពី​ប្រជាជន​ថា​បាន​សមគំនិត​ជាមួយ​អាជ្ញាធរ​រំលោភ​បំពាន​ដីធ្លី​ពួក​គាត់​ជាង​១០០​ហិ​កតា​

​ប្រជាពលរដ្ឋ​ចំនួន​ជាង​៣០០​គ្រួសារ​ ដែល​អះអាង​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ទីតាំង​ដី​ទំហំ​២៩២​ហិ​កតា​ ឋិត​នៅ​ចន្លោះ​ព្រំប្រទល់​រវាង​ភូមិ​ព្រែក​តា​នប់​២​ ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ​ និង​ភូមិ​ព្រែក​តា​តិ​ន​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​នោះ​ កាលពី​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ បាន​លើកគ្នា​ទៅ​ឡោម​ព័​ទ្ទត​វ៉ា​នឹង​ការ​ចុះ​វាស់វែង​ដីធ្លី​តាម​ការ​សម្រេច​របស់​សាលាដំបូង​ខេត្តកណ្តាល​ អនុវត្តន៍​ដោយ​លោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​ និង​មន្ត្រី​ជំនាញ​សុរិយោដី​ អាជ្ញាធរ​មូលដ្ឋាន​ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ ក្នុង​បំណង​ប្រគល់​ដីធ្លី​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ឧត្តមសេនីយ៍​យោធា​ម្នាក់​ មានឈ្មោះ​ ជុំ​ ចំណាន​ ជា​តំណាង​ ដ្បិត​ដីធ្លី​នេះ​ពួក​គាត់​ជា​ប្រជាជន​បាន​លក់​ឲ្យ​ទៅ​លោក​ យូ​ ណា​រិ​ន​ អស់​ទៅ​ហើយ​តាំងពី​អំឡុង​ឆ្នាំ​២០០៦​បន្តបន្ទាប់​មក​ម្ល៉េះ​ ។​

​ក្រុម​ប្រជាជន​បាន​អះអាង​ថា​ ដី​ត្រង់​ចំណុច​ទំនាស់​នេះ​គឺជា​ដីធ្លី​កម្មសិទ្ធិ​ពួក​គាត់​កាន់កាប់​បង្កបង្កើន​ផល​តាំងពី​ឆ្នាំ​១៩៧៩​ និង​លុះ​មក​ដល់​ឆ្នាំ​២០០៦​ ដោយ​មាន​គ្រោះ​ធម្មជាតិ​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ដាំ​ដុះ​ រួម​ទាំង​ទប់ស្កាត់​មិន​ឈ្នះ​នឹង​សត្វ​កណ្តុរ​បំផ្លាញ​ផលដំណាំ​ផង​នោះ​ ពួក​គាត់​បាន​នាំ​គ្នា​លក់​ដីធ្លី​ទាំងនេះ​មាន​ទំហំ​ប្រមាណ​២៩២​ហិ​កតា​ឲ្យ​ទៅ​លោក​ យូ​ ណា​រិ​ន​ ជា​បន្តបន្ទាប់​អស់​ទៅ​ ។​ ស្រាប់តែ​មក​ដល់​អំឡុង​ឆ្នាំ​២០០៧​ ទីតាំង​ដីធ្លី​នេះ​បែរជា​មាន​ទំនាស់​ដោយសារ​លោក​ឧកញ៉ា​ឧត្តមសេនីយ៍​យោធា​ម្នាក់​ឈ្មោះ​ ឈ​ន​ សា​រ៉ា​ណេ​ មានឈ្មោះ​ ជុំ​ ចំណាន​ ជា​អ្នកតំណាង​ បាន​អះអាង​ថា​ មាន​ដីធ្លី​ទំហំ​១៣៧​ហិ​កតា​ ជា​កម្មសិទ្ធិ​ដែរ​ ។​

​លុះ​មក​ដល់​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៤​ ស្រាប់តែ​មាន​មន្ត្រី​ជំនាញ​សុរិយោដី​ អាជ្ញាធរ​មូលដ្ឋាន​ និង​បក្ខពួក​មួយ​ចំនួន​ទៀត​ បាន​ចុះ​ទៅ​វាស់វែង​ទីតាំង​ដី​ទំនាស់​ស្ងាត់ៗ​តាម​សំណើ​របស់​ឈ្មោះ​ ជុំ​ ចំណាន​ តំណាង​ឲ្យ​លោក​ឧកញ៉ា​ ឧត្តមសេនីយ៍​ ឈ​ន​ សា​រ៉ា​ណេ​ ទៅ​វិញ​ ទើប​ពួក​គាត់​ជា​ប្រជាជន​នាំ​គ្នា​តវ៉ា​ទប់ស្កាត់​មិន​ឲ្យ​វាស់វែង​ដីធ្លី​ប្រគល់​ឲ្យ​ទៅ​ឈ្មោះ​ ជុំ​ ចំណាន​ ឡើយ​ ។​

​ទោះ​យ៉ាងណា​ ក្រុម​ប្រជាជន​បាន​ធ្វើការ​ចោទប្រកាន់​ថា​ អាជ្ញាធរ​ និង​លោក​ឧកញ៉ា​ឧត្តមសេនីយ៍ឯក​ ឈ​ន​ សា​រ៉ា​ណេ​ បាន​រួមដៃគ្នា​សមគំនិត​រំលោភ​បំពាន​យក​ដីធ្លី​របស់​ពួក​គាត់​ដែល​បាន​លក់​ឲ្យ​ទៅ​លោក​ យូ​ ណា​រិ​ន​ ហើយ​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​ទទួល​បានការ​បំភ្លឺ​បញ្ជាក់​ណាមួយ​ពី​លោក​ឧកញ៉ា​ឧត្តមសេនីយ៍ឯក​ ឈ​ន​ សា​រ៉ា​ណេ​ និង​លោក​ ជុំ​ ចំណាន​ ជា​អ្នកតំណាង​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​របស់​ក្រុម​ប្រជាជន​ថា​ បាន​រំលោភ​បំពាន​ដីធ្លី​របស់​ពួក​គាត់​នៅ​ ខណៈ​ដែល​កាលពី​ចុងឆ្នាំ​២០១៣​កន្លង​មក​ លោក​ឧកញ៉ា​ឧត្តមសេនីយ៍ឯក​ ឈ​ន​ សា​រ៉ា​ណេ​ ធ្លាប់​បាន​ទទួល​រង​ការ​ចោទប្រកាន់​ផង​ដែរ​ពី​សំណាក់​ដៃគូ​ធ្លាប់​រកស៊ី​ជាមួយ​គ្នា​ម្នាក់​ថា​ មាន​មហិច្ឆតា​ស៊ីដាច់​ទ្រព្យ​ដាក់បញ្ចាំ​ជា​អចលនវត្ថុ​ និង​គ្រឿងចក្រ​មាន​តម្លៃ​ជា​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​រំលោភ​បំពាន​លើ​អំណាច​នៃ​ការ​សម្រេច​របស់​ស្ថាប័ន​តុលាការ​ ។​

​លោក​ ឈ​ន​ សា​រ៉ា​ណេ​ អាយុ​៤០​ឆ្នាំ​ ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៥/៤៣៣​ ចុះ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០០៥​ ។​ ក្រៅពី​មានមុខរ​បរជា​អ្នកជំនួញ​យ៉ាង​សកម្ម​នោះ​ លោក​ឧកញ៉ា​រូប​នេះ​ក៏​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ផង​ដែរ​ ដែល​មាន​អត្តលេខ​០០៤៤៥៤​ និង​មានមុខ​ងារ​ជា​នាយ​រង​សេនាធិការ​បញ្ចា​ការដ្ឋាន​វិស្វកម្ម​របស់​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ។​

​ជាមួយនឹង​ការ​មាន​សំណុំរឿង​ប្តឹងផ្តល់​ជា​ច្រើន​នៅ​ស្ថាប័ន​តុលាការ​ លោក​ឧកញ៉ា​ឧត្តមសេនីយ៍​ឈ​ន​ សា​រ៉ា​ណេ​ ត្រូវ​បាន​ដំឡើង​ឋានន្តរ ស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៧៦១​ ចុះ​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.