ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

រុ​ស្ស៊ី​និង​ប្រទេស​លោក​ខាងកើត​អាច​នឹង​ចាប់ដៃ​គ្នា​បោះបង់​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ខែឧសភា​ ឆ្នាំ​២០១៤​កន្លង​មក​ លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ Vladimir​ Putin​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ Xi​ Jinping​ ដោយ​ភាគី​ទាំង​២​បាន​ឯកភាព​គ្នា​បោះបង់​ចោលការ​ទូទាត់​ទំនិញ​ពាណិជ្ជកម្ម​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​  ត្រឡប់​មក​ប្រើប្រាស់​ប្រាក់​យន់​(Yuan)​ របស់​ចិន​ និង​ប្រាក់​រូ​ប្លិ៍​ (Ruble)​ របស់​រុ​ស្ស៊ី​ជំនួស​វិញ​ ហើយ​កំណត់ហេតុ​នៃ​ការ​សម្រេច​របស់​មេដឹកនាំ​ទាំង​ពីរ​ត្រូវ​បាន​ចុះហត្ថលេខា​ ដោយ​អនុប្រធាន​ទី​១​នៃ​ធនាគារជាតិ​រុ​ស្ស៊ី​ និង​ធនាគារ​ចិន​ ។​

​ដោយឡែក​ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៦​នៃ​គណៈកម្មការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​ប្រទេស​រុ​ស្ស៊ី​និង​ប្រទេស​កូរ៉េ​ខាងជើង​ កាលពីដើម​ខែមិថុនា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​ថ្មីៗ​នេះ​ ប្រទេស​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​យក​ប្រាក់​ Ruble​ របស់​រុ​ស្ស៊ី​សម្រាប់​ធ្វើការ​ទូទាត់​ថ្លៃ​ទំនិញ​ផ្សេងៗ​ ខណៈ​ដែល​កូរ៉េ​ខាងជើង​សង្ឃឹមថា​ អ្នក​វិនិយោគិន​រុ​ស្ស៊ី​នឹង​មក​កាន់​កូរ៉េ​ខាងជើង​កើនឡើង​ ។​

​ក្រោម​សម្ពាធ​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាងលិច​នោះ​ លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ (Vladimir​ Putin)​ បាន​ធ្វើការ​ប្រកាស​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​កថា​ រុ​ស្ស៊ី​នឹង​ទូទាត់​ថ្លៃ​ទំនិញ​ពាណិជ្ជកម្ម​ជាមួយ​ប្រាក់​Ruble​ របស់​រុ​ស្ស៊ី​ ជំនួស​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ ជាមួយ​បណ្តា​ប្រទេស​លោក​ខាងកើត​ ។​

​កាលពីដើម​ខែមិថុនា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​នេះ​ដែរ​ ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក៏​ត្រូវ​បាន​ទាត់​ចោល​ពី​ការ​ទូទាត់​រវាង​ពាណិជ្ជកម្ម​ចិន​និង​ជប៉ុន​ ហើយ​ប​ច្ចុ​បុ្ប​ន្ន​រាល់​តម្លៃ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង​ពីរ​មិន​ចាំបាច់​ប្តូរ​ទៅ​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ នោះ​ឡើយ​ ខណៈ​ដែល​ការ​ប្តូរ​ប្រាក់​ Yuan​ របស់​ចិន​ទៅ​ជា​ប្រាក់​យ៉េន​ (Yen)​ ជប៉ុន​ និង​ផ្ទុយ​មក​វិញ​ ត្រូវ​បាន​អនុវត្តន៍​នៅ​លើ​ទីផ្សារ​រូបិយ​វត្ថុ​ទីក្រុង​តូ​ក្យូ​ និង​ទីក្រុង​សៀង​ហៃ​ ។​

​លោក​បណ្ឌិត​សេដ្ឋកិច្ច​ Andrei​ Ostrasky​ អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មក​ពី​លោក​ខាងកើត​បាន​លើក​ឡើង​ថា​ ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​រុ​ស្ស៊ី​ មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​ជិត​១០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំៗ​ ហើយ​ចំនួន​នេះ​ នឹង​កើនឡើង​ដល់​ទៅ​២០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​ឆ្នាំ​២០២០​ ។​ ដូច្នេះ​ ប្រសិនបើ​ចិន​និង​រុ​ស្ស៊ី​ សម្រេច​ទូទាត់​ប្រាក់​Ruble​ និង​ប្រាក់​ Yuan​ នោះ​នឹង​ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ ទទួល​រង​ផល​ប៉ះពាល់​នឹង​ការ​បាត់​តម្លៃ​ជា​ច្រើន​ ។​

​ក្រុម​អ្នកឯកទេស​ពាណិជ្ជកម្ម​មួយ​ចំនួន​បាន​ព្យាករណ៍​ទុក​ថា​ តំណែង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ នៅ​លើ​ពិភពលោក​កំពុង​តែ​ធ្លាក់​ចុះ​ ហើយនឹង​អាច​បាត់បង់​នៅ​ពេល​អនាគត​ដ៏​ខ្លី​ ៕​

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.