ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ប្រិយមិត្ត​អ្នកលេង Facebook ជជែក​គ្នា​រឿង​ផ្សារ​ទំនើប​ជប៉ុន AEON នៅ​កម្ពុជា​ដែល​មិន​ប្រើប្រាស់​អក្សរ​ខ្មែរ​

​ផ្សារ​ទំនើប​របស់​ជប៉ុន​មួយ​បាន​សាងសង់ឡើង​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានឈ្មោះ AEON MALL ក្រោម​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន​ឈ្មោះ AEON MALL (Cambodia) Co.,Ltd. លើ​ផ្ទៃដី​ទំហំ​ប្រមាន​៦៨.០០០​ម៉ែត្រក្រឡា (​ហាង​ទំហំ​ប្រមាណ​៦៦.០០០​ម៉ែត្រក្រឡា និង​ទំហំ​អគារ​ទាំងមូល​ប្រមាណ​១០៨.០០០​ម៉ែត្រក្រឡា​) និង​អាច​ចត​រថយន្ត​បាន​ចំនួន​១.៤០០​គ្រឿង ព្រមទាំង​អាច​ចត​ទោចក្រយានយន្ត​ចំនួន​១.៦០០​គ្រឿង ឋិត​នៅ​វិថី​សុធារស ចន្លោះ​ស្ថានទូត​រុស្ស៊ី និង​សណ្ឋាគារ​សូ​ហ្វី​តែ​ល រាជធានី​ភ្នំពេញ​នោះ បាន​ក្លាយជា​ប្រធានបទ​ជជែក​វែកញែក​យ៉ាង​ក្តៅគគុក​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម Facebook ដ៏​ពេញនិយម​នៅ​កម្ពុជា ដ្បិត​ផ្សារ​ទំនើប​របស់​ជប៉ុន​នេះ​មិនបាន​ប្រើប្រាស់​អក្សរ​ខ្មែរ​។​

​ក្នុងចំណោម Comments ចំនួន​រាប់រយ គឺ​អ្នកលេង Facebook ភាគច្រើន​បានលើកឡើង​ថា «​ត្រូវតែមាន​សរសេរ​ជា​អក្សរ​ខ្មែរ​។ មិន​ថា​មានកម្ម​សិទ្ធិ​មកពី​ប្រទេស​ណា​ទេ​ត្រូវតែ​មានឈ្មោះ​ខ្មែរ ព្រោះ​ឋិត​ក្នុងប្រទេស​ខ្មែរ​។ មិន​ថា​ជនជាតិ​ណាក៏ដោយ​បើ​មាន​បង្កើត​ក្រុមហ៊ុន ជា​ផ្សារ ជា​រោងចក្រ ត្រូវ​គិតដល់​អត្តសញ្ញាណ ឬ​វប្បធម៌​របស់​ម្ចាស់​ប្រទេស​ផង​។ ទាមទារ​ឲ្យ​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​ដាច់ខាត​…»​។ រីឯ​អ្នកខ្លះ​បាន​លើកឡើងថា «​ជា​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន AEON» និង​អ្នក​ខ្លះទៀត​បាន​លើក​ឧទាហរណ៍​ថា «​ផ្សារ​ទំនើប Lotus នៅ​ប្រទេស​ថៃ​ក៏​មិនមាន​សរសេរ​ជា​អក្សរ​ថៃ​ដែរ​…»​។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​បាន​លើកឡើងថា អនុលោម​តាម​មាត្រា​៥​នៃ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា «​ភាសា​និង​អក្សរ​ដែល​ប្រើ​ជា​ផ្លូវការ គឺ​ភាសា និង​អក្សរ​ខ្មែរ​» ម្យ៉ាងទៀត​សូម្បីតែ​មាត្រា​១៨ នៃ​ច្បាប់​ស្តីពី​គ្រប់គ្រង​រោងចក្រ និង​សិប្បកម្ម​ដែល​ប្រកាស​ឲ្យ​ប្រើ ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/០៦០៦/០១៨ ចុះ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០០៦ បាន​ចែងថា «​រោងចក្រ​នីមួយៗ​ត្រូវ​មានឈ្មោះ​រោងចក្រ ហើយ​ស្លាក​ឈ្មោះ​រោងចក្រ​ត្រូវ​សរសេរ​ជា​អក្សរ​ខ្មែរ មាន​ទំហំ​ធំ​ជាង និង​នៅ​ពីលើ​អក្សរ​ផ្សេងទៀត​…» ដូច្នេះ​រាល់​ឈ្មោះ​ក្រុមហ៊ុន ឬ​ឈ្មោះ​ផ្សារ​ទំនើប​ក្តី​ក៏​គួរតែ​ឲ្យ​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​ផងដែរ​ទើប​ជាការ​ត្រឹមត្រូវ​ក្នុងន័យ​លើកស្ទួយ​តម្លៃ​នៃ​អក្សរសាស្ត្រ​របស់​ជាតិ​។​

​សូម​ស្ថាប័ន​មាន​សមត្ថកិច្ច​មេត្តា​ធ្វើការ​ពិចារណា និង​មាន​វិធានការ​ក្នុងករណីនេះ​ផង ដើម្បី​លើកស្ទួយ​តម្លៃ​កិត្យានុភាព​របស់​ជាតិខ្មែរ​យើង​ទាំងមូល​៕​

10474856_10152978739754148_1615726623036949803_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.