ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

គណបក្ស​ប្រជាជន​កម្ពុជា​មានឈ្មោះ​ល្អ​ ប៉ុន្តែ​ថ្នាក់ដឹកនាំ​និង​សមាជិក​មួយ​ចំនួន​របស់​បក្ស​ប្រព្រឹត្ត​អំពើអាក្រក់​

​អស់​រយៈពេល​៦៣​ឆ្នាំ​មក​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់កំណើត​ឡើង​ (២៨​ មិថុនា​ ១៩៥១​ -​ ២៨​ មិថុនា​ ២០១៤)​ និង​នៅ​ថ្ងៃនេះ​ដែរ​ ថ្នាក់ដឹកនាំ​ និង​សមាជិក​ សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៣​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧​ មក​រា​ ១៩៧៩​ រហូត​ដល់​ថ្ងៃ​បង្កើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ (​ចាប់កំណើត​នៅ​ឆ្នាំ​១៩៩៣)​ និង​មក​ទល់​បច្ចុប្បន្ន​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់គ្រង​កាន់កាប់​អំណាច​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​៣៥​ឆ្នាំ​ហើយៗ​គណបក្ស​នយោបាយ​ដ៏​ចំណាស់​មួយ​នេះ​ធ្លាប់​បាន​ទទួល​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​តាំងពី​ថ្ងៃ​បង្កើត​ឡើង​ដល់​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង​រដ្ឋ​កម្ពុជា​ ដោយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ។​

​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិក​ សមាជិកា​នៃ​គណៈកម្មាធិការ​កណ្តាល​ចំនួន​ជាង​២០០​នាក់​(​ក្នុង​នោះ​មាន​សមាជិក​ សមាជិកា​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​ចំនួន​៣៤​នាក់​ និង​មាន​សមាជិក​ សមាជិកា​គណៈ​ប្រចាំការ​នៃ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​ចំនួន​៩​នាក់​)​ ។​

​ក្រោយ​ការ​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល​១៤​ឆ្នាំ​ គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​ទទួល​នូវ​រសជាតិ​ជូរ​ចត់​មួយ​ដែល​មិន​នឹក​ស្មាន​ដល់​ គឺ​ចាញ់ឆ្នោត​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ អតីត​មាន​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ឫ​ទ្ទិ​ ជា​ព្រះប្រធាន​ នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១(១៩៩៣-១៩៩៨)​ រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ អ៊ុ​ន​តាក់​ (UNTAC)​ ។​ ប៉ុន្តែ​ទោះបី​ចាញ់ឆ្នោត​ក្តី​ក៏​សម្តេច​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មានឱកាស​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២​ (​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ជា​នាយក​រដ្ឋមន្ត្រី​ទី​១)​ ក្រោម​រូបមន្ត​បង្រួបបង្រួម​ ផ្សះផ្សា​ជាតិ​របស់​សម្តេច​ព្រះករុណា​ព្រះបាទ​ ព្រះ​នរោត្តម​ សីហ​នុ​ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​នៅ​ថ្ងៃ​ទី​០៥-០៦​ ខែកក្កដា​ ឆ្នាំ​១៩៩៧​ ក្នុង​ព្រឹត្តិការណ៍​បង្ហូរឈាម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ គឺ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ទី​២​ បាន​ផ្តួលរំលំ​សម្តេចក្រុមព្រះ​នរោត្តម​ រណឫទ្ធិ​ នាយក​រដ្ឋមន្ត្រី​ទី​១​ឲ្យ​ដួល​រលំ​ទាំងស្រុង​ ដោយ​សម្តេច​ ហ៊ុន​ សែន​ មិន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទី​១​នោះ​ទេ​ ដើម្បី​គេចវេះ​ពី​ការ​ចោទប្រកាន់​ថា​ "​ធ្វើ​រដ្ឋប្រហារ​"​ បែរជា​បាន​លើក​បន្តុប​មន្ត្រី​ក្នុង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី​១​ជំនួស​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ទៅ​វិញ​ ។​

​បន្ទាប់​ពី​ផ្តួលរំលំ​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ បុត្រា​ព្រះ​នរោត្តម​ សីហ​នុ​ បាន​សម្រេច​ គឺ​នៅ​រាល់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​២(១៩៩៨-២០០៣)​ អាណត្តិ​ទី​៣(២០០៣-២០០៨)​ និង​អាណត្តិ​ទី​៤(២០០៨-២០១៣)​ រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ជា​បន្តបន្ទាប់​មក​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ជ័យជម្នះ​ជា​លំដាប់​ ដូច​បាន​ទុក​ឱកាស​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ម្នាក់ឯង​ពោរពេញ​ដោយ​អំណាច​ដ៏​មហិមា​ ។​

​លុះ​មក​ដល់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥(២០១៣-២០១៨)​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នោះ​ គឺ​លទ្ធផល​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ គណបក្ស​ប្រជាជន​បាត់បង់​សំឡេង​ឆ្នោត​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​យ៉ាងច្រើន​គ​គោក​ និង​យ៉ាង​គំហុក​ ទោះបី​គណបក្ស​នេះ​បាន​ចំណាយ​លុយ​យ៉ាងច្រើន​សន្ធឹក​ក៏​ពិតមែន​ ដោយ​សន្លឹក​ឆ្នោត​ដែល​បាត់បង់​នោះ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ មាន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​ និង​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​អនុប្រធាន​ ។​ ទោះ​យ៉ាងណា​ក៏​ដោយ​ លទ្ធផល​ដែល​រៀបចំ​ដោយ​ គ​.​ជ​.​ប​ នៅ​តែ​ផ្តល់​ឱកាស​ឲ្យ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា​ និង​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​ជា​ប្រធានរដ្ឋសភា​ នីតិកាល​ទី​៥​យ៉ាង​ហ៊ឺហា​ ។​

​តាម​ការ​ពិត​ "​គណបក្ស​ប្រជាជន​កម្ពុជា​"​ គឺជា​ឈ្មោះ​គណបក្ស​នយោបាយ​មួយ​ដ៏​ល្អ​ ដ្បិត​មាន​ពាក្យ​ថា​ "​ប្រជាជន​កម្ពុជា​"​ នៅ​ក្នុង​នោះ​ ប៉ុន្តែ​ការណ៍​ដែល​ប្រជាជន​ជា​ម្ចាស់​ឆ្នោត​ងាករេ​លែង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយសារ​អំពើ​របស់​ថ្នាក់ដឹកនាំ​ និង​សមាជិក​ សមាជិកា​មួយ​ចំនួន​របស់​គណបក្ស​បាន​ប្រព្រឹត្ត​អំពើ​មិនល្អ​ ឬ​អំពើអាក្រក់​ ដូច​ជា​រួមដៃគ្នា​ពុក​រលួយ​ដុះ​ស្លែ​ រំលោភ​បំពាន​ដីធ្លី​ប្រជាជន​ បង្ក​ឲ្យ​មាន​អំពើ​អយុត្តិធម៌​សង្គម​គ្រប់​រូបភាព​ និង​បង្ក​នូវ​អំពើ​រើសអើង​គ្រប់យ៉ាង​…​ដើម្បី​តែ​អំណាច​ផ្ទាល់ខ្លួន​និង​បក្ខពួក​។​

​ក្នុង​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៣​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ (WWW.DTN7.COM)​ សូម​សំណូមពរ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​បុរស​ខ្លាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ មេត្តា​មាន​វិធានការ​ប្រកបដោយ​ឆន្ទៈ​បោសសម្អាត​អំពើ​ពុក​រលួយ​ក្នុង​ជួរ​មន្ត្រី​ខិលខូច​ និង​បញ្ឈប់​រាល់​អំពើ​រើសអើង​គ្រប់​រូបភាព​ ដើម្បី​គិតគូរ​ដល់​ផលប្រយោជន៍​ប្រទេស​ជាតិ​ និង​ប្រជាជន​ ពង្រឹង​យុត្តិធម៌​សង្គម​ ឈាន​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​ និង​នីតិរដ្ឋ​ ពោរពេញ​ដោយ​កិ​ត្យា​នុ​ភា​ពិតប្រាកដ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.