ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ស្ថាប័ន​ជាតិ​ធំៗ​និង​សំខាន់ៗ​របស់​កម្ពុជា​ដែល​មិន​ទាន់​មាន​ឯករាជ្យ​ភាព​ពិតប្រាកដ​

​ស្ថាប័ន​ជាតិ​ធំៗ​ និង​សំខាន់ៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ មិន​ទាន់​មាន​ឯករាជ្យ​ភាព​ពិតប្រាកដ​នៅឡើយ​ ទោះបី​ស្ថាប័ន​ខ្លះ​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ និង​ច្បាប់​ដទៃ​ទៀត​បាន​ចែង​តម្រូវ​ឲ្យ​មាន​អំណាច​ឯករាជ្យ​ក៏​ដោយ​ ពោល​គឺ​មានឈ្មោះ​ឯករាជ្យ​ភាព​តែ​លើ​ក្រដាស​ ឬ​បបូរមាត់​របស់​បុរស​ខ្លាំង​ប៉ុណ្ណោះ​ ។​ ភាព​មិន​ឯករាជ្យ​នៃ​ស្ថាប័ន​ជាតិ​ធំៗ​ និង​សំខាន់ៗ​ទាំងនោះ​ធ្វើ​ឲ្យ​មាន​អយុត្តិធម៌​សង្គម​ផង​ និង​នាំ​ឲ្យ​មាន​វិបត្តិ​នយោបាយ​ជា​រឿយៗ​នៅ​កម្ពុជា​ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ម្តងៗ​ផង​ ដោយសារ​គណបក្ស​នយោបាយ​ដែល​ចាញ់ឆ្នោត​តែង​បាន​ចោទប្រកាន់​ថា​ មក​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​រៀបចំ​ការ​បោះ​ឆ្នោត​(​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​-​គជ​ប​)​មិន​មាន​ឯករាជ្យ​ភាព​ពិតប្រាកដ​ និង​កងកម្លាំងប្រដាប់អាវុធ​ក៏​មិន​មាន​ឯករាជ្យ​ភាព​ ហើយ​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​…​។​ល​។​ ស្ថាប័ន​ធំៗ​ និង​សំខាន់ៗ​របស់​កម្ពុជា​ដែល​មិន​ទាន់​មាន​ឯករាជ្យ​ភាព​ពិតប្រាកដ​នោះ​ រួម​មាន​ដូច​តទៅ​ ៖​

១-​ក្រុមប្រឹក្សាធម្មនុញ្ញ​ ៖​ ជា​ស្ថាប័ន​កំពូល​មួយ​សម្រាប់​ការពារ​ការ​គោរព​រដ្ឋធម្មនុញ្ញ​ បកស្រាយ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ​ ពិនិត្យ​អំពី​បញ្ហា​អ​ធម្មនុញ្ញភាព​នៃ​ច្បាប់​ ឬ​សេចក្តីសម្រេច​របស់​ស្ថាប័ន​នានា​របស់​រដ្ឋ​ ដូច​ជា​ ព្រះរាជក្រឹត្យ​ អនុក្រឹត្យ​ ប្រកាស​ និង​សេចក្តីសម្រេច​រដ្ឋបាល​ផ្សេងៗ​ តាម​រយៈ​រឿង​ក្តី​ ពិនិត្យ​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​រឿង​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ និង​សមាជិក​ព្រឹទ្ធសភា​ …​។​ល​។​ ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បច្ចុប្បន្ន​ គឺ​ឯកឧត្តម​ ឯក​ សំ​អុល​ ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​,​ សមាជិក​ចំនួន​៣​នាក់​ជ្រើសតាំង​ដោយ​រដ្ឋសភា​ មាន​សមាសភាព​លើ​ប​លប់​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​,​ សមាជិក​ចំនួន​៣​នាក់​តែងតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​មាន​សមាសភាព​សុទ្ធតែ​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​ (​លើកលែង​សមាជិក​ចំនួន​៣​នាក់​ទៀត​ដែល​តែងតាំង​ដោយ​ព្រះមហាក្សត្រ​)​ ។​

​ដូច្នេះ​ហើយ​ ទើប​ការ​សម្រេច​អំពី​ករ​ណិ​វិវាទកម្ម​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​ គឺ​ក្រុមប្រឹក្សាធម្មនុញ្ញ​តែងតែ​"​ប្រថាប់ត្រា​"​តាម​ការ​សម្រេច​របស់​ គ​.​ជ​.​ប​ ភាគច្រើន​ ឬ​សឹងតែ​ទាំងអស់​ ។​

២-​ស្ថាប័ន​តុលាការ​ ៖​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​តម្រូវ​ឲ្យ​អំណាចតុលាការ​ជា​អំណាច​ឯករាជ្យ​ ដែល​គ្របដណ្តប់​ទៅ​លើ​រឿង​ក្តី​ទាំងអស់​ រួម​ទាំង​រឿង​ក្តី​រដ្ឋបាល​ផង​ ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មាន​ភារកិច្ច​ជួយ​ព្រះមហាក្សត្រ​ក្នុង​ការ​ធានា​ឯករាជ្យ​នៃ​អំណាចតុលាការ​ ។​ ប៉ុន្តែ​ជាក់ស្តែង​ សមាសភាព​នៃ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សុទ្ធតែ​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​ប្រធាន​តុលាការ​កំពូល​ ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ គឺ​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​ស្ថាប័ន​តុលាការ​សព្វថ្ងៃ​ បាន​ទទួល​រង​នូវ​ការ​រិះគន់​ដោយ​ចំៗ​ថា​ គឺជា​ខែល​ការពារ​អំណាច​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឧបករណ៍​សម្រាប់​ផ្តួលរំលំ​ ឬ​វាយ​កម្ទេច​គណបក្ស​នយោបាយ​ដទៃ​ ឬ​ បុគ្គល​ដទៃ​ដែល​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

៣-​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ ៖​ សមាសភាព​ចំនួន​៩​នាក់​នៃ​ស្ថាប័ន​នេះ​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​រដ្ឋសភា​ក្នុង​សំឡេង​ភាគច្រើន​២​ភាគ​៣​ ដែល​មាន​សមាសភាព​លើសលប់​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ស្ថាប័ន​នេះ​បាន​ប្រើប្រាស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រាប់​ជួយ​ដល់​កិច្ចការ​របស់​ខ្លួន​ ។​ ស្ថាប័ន​ គ​.​ជ​.​ប​ ធ្លាប់​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ធ្ងន់ៗ​ពី​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ ប្រជាពលរដ្ឋ​និង​ពី​គណបក្ស​នយោបាយ​ប្រឆាំង​ថា​ អសមត្ថភាព​ផង​ និង​លម្អៀង​គ្មាន​ឯករាជ្យ​ផង​ ពោល​គឺ​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ និង​ផលប្រយោជន៍​លុយកាក់​ ។​

៤-​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ ៖​ ស្ថាប័ន​នេះ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រម​លេខ​ ន​ស​/​រកម​/០៣១៣/០០៥​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៣​ ដែល​មាន​សមាសភាព​ចំនួន​៧​នាក់​ សុទ្ធតែ​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ (​លើកលែងតែ​អង្គ​ព្រះមហាក្សត្រ​ ជា​ព្រះ​អធិបតី​)​ ។​

៥-​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​ ៖​ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ គឺ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​អគ្គស្នងការ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ គឺ​ ឯក​ត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ ដូច្នេះ​ ហើយ​ទើប​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​តែង​ចេញ​មុខការ​ពារ​បុរស​ខ្លាំង​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ភរិយា​របស់​បុរស​ខ្លាំង​ ជាង​ការពារ​ទឹកដី​ ជាតិ​មាតុភូមិ​ និង​ប្រជារាស្ត្រ​ទៅ​ទៀត​ ។​

៦-​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ៖​ ស្ថាប័ន​ដ៏​សំខាន់​នេះ​មាន​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ជា​ប្រធាន​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ឋិត​ក្រោម​អំណាច​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ និង​ឋិត​ក្រោម​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​ផង​ ។​

៧-​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៖​ មិន​ត្រឹមតែ​ស្ថាប័ន​ធំៗ​ និង​សំខាន់ៗ​របស់​ជាតិ​ប៉ុណ្ណោះ​ទេ​ដែល​មិន​មាន​ឯករាជ្យ​ភាព​ពិតប្រាកដ​នោះ​ សូ​ម្បី​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ចែង​តម្រូវ​មិន​ឲ្យ​ឋិត​នៅ​ក្រោម​គណបក្ស​នយោបាយ​ណាមួយ​ ឬ​អង្គការ​សាសនា​ណាមួយ​ ឬ​អង្គការ​នានា​ផ្សេង​ទៀត​ ដោយ​ព្រមទាំង​វិជ្ជាជីវៈ​មេធាវី​ជា​វិជ្ជាជីវៈ​ឯករាជ្យ​ និង​សេរី​ ដែល​ចូលរួម​បម្រើ​វិស័យ​យុត្តិធម៌​ក៏​ដោយ​ ក៏​ស្ថាប័ន​គណៈមេធាវី​បច្ចុប្បន្ន​នេះ​ បាន​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​ដែរ​ ដោយ​បាន​ទទួល​រង​ឥទ្ធិពល​ពី​អ្នកមាន​អំណាច​ និង​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​សឹង​"​ងើបមុខ​លែង​រួច​"​ ។​

​សរុបសេចក្តី​មក​ ស្ថាប័ន​ជាតិ​ធំៗ​និង​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​នយោបាយ​ដោយ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ គឺ​មិន​ទាន់​មាន​ឯករាជ្យ​ភាព​ពិតប្រាកដ​ដែល​អាច​ធ្វើ​ជា​មូលដ្ឋាន​នាំ​ឲ្យ​មាន​យុត្តិធម៌​សង្គម​ គ្មាន​ការ​រើសអើង​នោះ​នៅឡើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.