ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ដី​ថៃ​ប្រល័យ​ស្នេហ៍​ខ្ញុំ​ ៖​ ប្រពន្ធ​មាន​ប្តី​ថ្មី​ បុរស​ជា​ប្តី​នៅ​ស្រុក​ខ្មែរ​តូចចិត្ត​បបួល​កូនស្រី​២​នាក់​ផឹកថ្នាំ​សម្លាប់​ខ្លួន​

​មានរឿង​នឹក​ស្មាន​មិន​ដល់​មួយ​ដែល​បុរស​ជា​ប្តី​ម្នាក់​រស់នៅ​ភូមិ​ពន្លៃ​ខាងជើង​ ឃុំ​ពន្លៃ​ ស្រុក​អង្គរបុរី​ ខេត្តតាកែវ​ បាន​សម្រេចចិត្ត​បបួល​កូនស្រី​ក្នុង​បន្ទុក​ចំនួន​២​នាក់​ផឹកថ្នាំ​សម្លាប់​ខ្លួន​ កាលពី​វេលា​ម៉ោង​១៦​និង​៣៥​នាទី​ល្ងាច​ នា​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ បន្ទាប់​ពី​ប្រពន្ធ​របស់​ខ្លួន​ដែល​កំពុងធ្វើការ​ជា​ពល​ការិនី​នៅ​ប្រទេស​ថៃ​ប្រាប់​ថា​ នាង​មាន​ប្តី​ថ្មី​ហើយៗ​សូម​ឲ្យ​ប្តី​យកប្រពន្ធ​ថ្មី​ទៀត​ចុះ​ នឹង​ផ្តាំ​ឲ្យ​បុរស​ជា​ប្តី​ថែទាំ​កូន​តូចៗ​ទាំង​២​នាក់​ឲ្យ​បាន​ល្អ​ផង​ ។​

​បុរស​ជា​ប្តី​ដែល​មានគំនិត​ខ្លី​ដា​ចិត្ត​បបួល​កូនស្រី​ក្នុង​បន្ទុក​ទាំង​២​នាក់​ផឹកថ្នាំ​សម្លាប់​ខ្លួន​ ដ្បិត​តូចចិត្ត​ដោយសារ​ប្រពន្ធ​មាន​ប្តី​ថ្មី​នោះ​ មានឈ្មោះ​ ពុក​ ថា​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ជា​កសិករ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ និង​មានកូន​ស្រី​ចំនួន​២​នាក់​ គឺ​ឈ្មោះ​ ប៉ុន​ ស្រី​នួន​ អាយុ​១០​ឆ្នាំ​ និង​ឈ្មោះ​ ប៉ុន​ ស្រី​ទូច​ អាយុ​៤​ឆ្នាំ​ កំពុង​រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ ខណៈ​ស្ត្រី​ជា​ប្រពន្ធ​ និង​ត្រូវជា​ម្តាយ​បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើការ​ជា​ពល​ការិនី​នៅ​ប្រទេស​ថៃ​ អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​មក​ហើយ​តាម​រយៈ​ក្រុមហ៊ុន​ឯកជន​មួយ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រោយ​ពេល​ផឹកថ្នាំ​សម្លាប់​សត្វល្អិត​ប៉ុនប៉ង​ធ្វើ​អត្តឃាត​រួច​មក​ បុរស​ជា​ប្តី​និង​ជា​ឪពុក​គិត​ខ្លី​រូប​នេះ​មិន​បាន​ទទួលមរណភាព​ដូច​ក្តី​ប្រាថ្នា​នោះ​ឡើយ​ ដ្បិត​ត្រូវ​បាន​ដឹក​យក​មក​សង្គ្រោះ​ឲ្យ​បាន​រស់រាន​មានជីវិត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ រាជធានី​ភ្នំពេញ​ ខណៈ​កូនស្រី​តូចៗ​ទាំង​២​នាក់​មិន​បាន​ចូលរួម​ផឹកថ្នាំ​សម្លាប់​ខ្លួន​តាម​ឪពុក​ទេ​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរបុរី​  បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​ប្តី​តូចចិត្ត​នឹង​ប្រពន្ធ​របស់​ខ្លួន​ដែល​មាន​ប្តី​ថ្មី​ ហើយ​គិត​ខ្លី​បបួល​កូន​ផឹកថ្នាំ​ធ្វើ​អត្តឃាត​នោះ​ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​មុន​ពេល​កើត​ហេ​តូ​ បុរស​រូប​នេះ​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​របស់​ខ្លួន​ឲ្យ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្រោយ​ពេល​ដឹង​ព័ត៌មាន​ថា​ មាន​ពលករ​ ពល​ការិនី​ខ្មែរ​រាប់​ម៉ឺន​នាក់​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​រៀងៗ​ខ្លួន​ តាម​ការ​បណ្តេញ​របស់​អាជ្ញាធរ​ថៃ​អស់ហើយ​នៅ​សល់​តែ​ប្រពន្ធ​របស់​ខ្លួន​ ។​ ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​នោះ​ ប្រពន្ធ​របស់​ខ្លួន​បាន​តប​មក​បុរស​ជា​ប្តី​ថា​ "​ខ្ញុំ​មិន​ទៅ​វិញ​ទេ​ សូម​បង​យកប្រពន្ធ​ថ្មី​ទៀត​ចុះ​ និង​ជួយ​មើលថែ​ទាំ​កូន​ឲ្យ​បាន​ស្រួលបួល​ផង​ ព្រោះ​ខ្ញុំ​មាន​ប្តី​ថ្មី​ហើយ​ "​ ។​ មិនតែប៉ុណ្ណោះ​ តាម​រយៈ​ការ​សន្ទនា​នេះ​ដែរ​ បុរស​ជា​ប្តី​ថ្មី​របស់​ប្រពន្ធ​ខ្លួន​បាន​ពោល​ពីក្រោយ​បន្ថែម​ថា​ "​ខ្ញុំ​ជា​ប្តី​របស់​នាង​ស្របច្បាប់​ ខ្ញុំ​មិន​ឲ្យ​ប្រពន្ធ​ខ្ញុំ​ទៅ​ជួប​អ្នកឯង​វិញ​ទេ​ ។​ ដូច្នេះ​ អ្នកឯង​យកប្រពន្ធ​ថ្មី​ទៀត​ទៅ​ ព្រោះ​ប្រពន្ធ​អ្នកឯង​ក្លាយជា​ប្រពន្ធ​ខ្ញុំ​ទៅ​ហើយ​"​ ។​

​បុរស​ជា​ប្តី​គិត​ខ្លី​ បាន​សារភាព​ប្រាប់​ទៀត​ថា​ ចប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​ប្រពន្ធ​ប្រាប់​ថា​ មាន​ប្តី​ថ្មី​ហើយ​ដូច្នេះ​ ធ្វើ​ឲ្យ​ខ្លួន​មានការ​តូចចិត្ត​យ៉ាង​ខ្លាំង​ ក៏​ទៅ​ទិញ​ថ្នាំ​សម្លាប់សត្វ​ល្អិត​មក​លាយ​ទឹក​ដាក់​ក្នុង​ផ្តិល​ រួច​បបួល​កូនស្រី​ទាំង​២​នាក់​ផឹកថ្នាំ​សម្លាប់​ខ្លួន​ជាមួយ​គ្នា​ ព្រោះ​មិន​ចង់​រស់នៅ​ឃើញ​ប្រពន្ធ​ និង​ម្តាយ​មាន​ប្តី​ថ្មី​ ។​ នៅ​ពេល​លាយថ្នាំ​សម្លាប់​សត្វល្អិត​នោះ​រួច​ហើយ​ ខ្លួន​ក៏​លើក​ផ្តិល​ទឹក​ថ្នាំផឹក​តែ​ម្នាក់ឯង​ រីឯ​កូនៗ​មិន​ព្រម​ផឹក​ទេ​ និង​បន្ទាប់​ពី​ផឹកថ្នាំ​រួច​ភ្លាមៗ​ ខ្លួន​ក៏​ក្អួតចង្អោរ​យ៉ាង​ខ្លាំង​ឮ​សូរ​ដល់​អ្នក​ជិតខាង​ ក៏​ដឹក​បញ្ជូន​រូប​ខ្លួន​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ឯ​រាជធានី​ភ្នំពេញ​តែ​ម្តង​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថែម​ទៀត​ថា​ ថ្វី​ដ្បិត​បុរស​រូប​នេះ​ត្រូវ​បាន​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​សេចក្តីស្លាប់​ក្នុង​អំពើ​អត្តឃាត​ដោយ​ផឹកថ្នាំ​ក៏​ដោយ​ ក៏​ជា​រឿង​អកុសល​ គឺ​បុរស​រូប​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​ខេត្តតាកែវ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ប៉ុនប៉ង​មនុស្សឃាត​(​ប៉ុនប៉ង​សម្លាប់​កូនស្រី​ទាំង​២​នាក់​)​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​ដូច្នេះ​ រឿងរ៉ាវ​ដែល​នឹក​ស្មាន​មិន​ដល់​នេះ​ ប្រសិនបើ​បុរស​ជា​ជនសង្ស័យ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​(​ប៉ុនប៉ង​សម្លាប់​កូន​)​នោះ​ គឺ​បន្ទុក​ដ៏​ធ្ងន់​នឹង​ធ្លាក់​ទៅ​លើ​កូនស្រី​តូច​ទាំង​២​នាក់​ ដោយ​ពួ​គ​គេ​បាត់បង់​ម្តាយ​ផ្តល់​ភាព​កក់ក្តៅ​ហើយ​ ណិ​ង​បន្ត​បាត់បង់​ការ​ថែទាំ​ពី​សំណាក់​ឪពុក​ក្នុង​រយៈពេល​យ៉ាង​យូរ​ថែម​ទៀត​ ។​

​នេះ​គឺជា​សាច់​រឿង​មួយ​ដែល​អាច​ដាក់​ចំណងជើង​តាម​បែប​ប្រលោមលោក​ថា​ "​ដី​ថៃ​ប្រល័យ​ស្នេហ៍​ខ្ញុំ​"​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.