ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ព្រោះតែ​ស្រឡាញ់​ប្តី​ពេក​និង​ពិបាកចិត្ត​ដ្បិត​ប្តី​ចាក​ចេញពីផ្ទះ​ ភរិយា​វ័យក្មេង​ស្រស់​សោភា​ម្នាក់​ក៏​ដាច់​ចិត្ត​លេបថ្នាំ​សម្លាប់​ខ្លួន​

​មានរឿង​រ៉ាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ នា​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ នៅ​ចំណុច​ភូមិ​អូរ​អណ្តូង​១​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដោយសារ​ស្ត្រី​ជា​ភរិយា​វ័យក្មេង​មាន​សម្រស់​ស្រស់​សោភា​ម្នាក់​ ព្រោះតែ​ខឹង​ប្តី​ជាទី​ស្រឡាញ់​ចុះ​ចាក​ចេញពីផ្ទះ​ ក៏​ដាច់​ចិត្ត​លេបថ្នាំ​សម្លាប់​ខ្លួន​ដោយ​កាន់​រូបថត​អាពាហ៍ពិពាហ៍​អនុស្សាវរីយ៍​ជាមួយ​ស្វាមី​នៅ​ជាប់​នឹង​ដៃ​មិន​ខ្វី​លែង​រហូត​ដល់​មន្ទីរពេទ្យ​ ។​

​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​ ស្រស់​ អាយុ​២៣​ឆ្នាំ​ មុខរបរ​លក់​ខោអាវ​តាម​ផ្ទះ​ ស្នាក់​នៅ​សង្កាត់​ព្រែក​ប្រា​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្ត្រី​ជា​ភរិយា​វ័យក្មេង​ស្រស់​សោភា​ដែល​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួន​នោះ​ មានឈ្មោះ​ ពេជ្រ​ ច័ន្ទ​សូ​នី​តា​ អាយុ​២០​ឆ្នាំ​ មុខរបរ​មេផ្ទះ​ ស្នាក់​នៅ​ភូមិ​អូរ​អណ្តូង​១​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ និង​មានស្រុក​កំណើត​នៅ​ភូមិ​ស្រះ​វង់​ សង្កាត់​ស្វាយ​រៀង​  ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ។​ ស្ត្រី​ឈ្មោះ​ ស្រស់​ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ នាង​ទើបតែ​បាន​ស្គាល់​ជាមួយ​ឈ្មោះ​ ពេជ្រ​ ច័ន្ទ​សូ​នី​តា​ តាម​រយៈ​រូប​នាង​ជា​ម៉ូយ​ទិញ​ខោអាវ​ ហើយ​ក៏​ក្លាយជា​មិត្តភក្តិ​រាប់អាន​គ្នា​ និង​បានដឹង​ថា​ នាង​ ពេជ្រ​ ច័ន្ទ​សូ​នី​តា​ ទើបតែ​រៀប​ការ​បាន​ប្រមាណ​៦​ខែ​ប៉ុណ្ណោះ​ ដោយ​ម្តាយ​របស់​នាង​បាន​ទិញ​ផ្ទះ​មួយ​ល្វែង​ជា​ផ្ទះ​កើតហេតុ​ខាងលើ​ ឲ្យ​នាង​រស់នៅ​ជាមួយ​ស្វាមី​ គឺ​នាង​ជា​មេផ្ទះ​ ឯ​ប្តី​របស់​នាង​ទៅ​ធ្វើការ​ ។​

​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ​ ស្រស់​ ដដែល​បាន​ឲ្យ​ដឹង​ថា​ នាង​ ពេជ្រ​ ច័ន្ទ​សូ​នី​តា​ តែង​បាន​ប្រាប់​នាង​ថា​ ប្តី​ប្រពន្ធ​មួយគូ​នេះ​ចេះ​តែ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ ទោះបី​នាង​ ពេជ្រ​ ច័ន្ទ​សូ​នី​តា​ បាន​បង្ហាញ​នូវ​ទឹកចិត្ត​ស្រឡាញ់​ចំពោះ​ប្តី​នាង​ក៏​ដោយ​ គឺ​នាង​តែងតែ​ពិបាក​ចិត្តជា​ញឹកញាប់​ ។​ មុន​ពេល​កើតហេតុ​ នាង​ ពេជ្រ​ ច័ន្ទ​សូ​នី​តា​ បាន​ទូរស័ព្ទ​ប្រាប់​មិត្តភក្តិ​ថា​ ប្តី​របស់​នាង​ឈ្លោះប្រកែក​គ្នា​ ហើយ​ប្តី​នាង​បាន​ចុះ​ចេញពីផ្ទះ​ នាង​ពិបាកចិត្ត​ណាស់​ នាង​នឹង​លេបថ្នាំ​សម្លាប់​ខ្លួន​ហើយ​ ។​ មិត្តភក្តិ​របស់​នាង​ឮ​ពាក្យ​នាង​និយាយ​នេះ​ស្មាន​តែ​ជា​ការ​លេងសើច​ មិត្តភក្តិ​របស់​នាង​ក៏​បាន​លួងលោម​មិន​ឲ្យ​នាង​ធ្វើ​ដូច្នោះ​ ស្រាប់តែ​មក​ដល់​ថ្ងៃ​កើតហេតុ​ ក៏​ជួបនឹង​ហេតុការណ៍​នាង​ ពេជ្រ​ ច័ន្ទ​សូ​នី​តា​ លេបថ្នាំ​សម្លាប់​ខ្លួន​ប្រាកដ​មែន​ និង​ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ​ ទើប​ក្រុម​មិត្តភក្តិ​របស់​នាង​បានដឹង​ និង​បាន​ជួយ​មើល​ដល់​មន្ទីរពេទ្យ​ ។​

​ចំណុច​ដែល​គួរ​ឲ្យ​អាណិតអាសូរ​នោះ​ គឺ​នាង​ ពេជ្រ​ ច័ន្ទ​សូ​នី​តា​ ទោះបី​បាន​សម្រេចចិត្ត​លេបថ្នាំ​ធ្វើ​អត្តឃាត​ក៏​ដោយ​ ក៏​នាង​នៅ​តែ​មិន​ដាច់​អាល័យ​ពី​ប្តី​ ដោយ​នាង​បាន​កាន់​រូបថត​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​មួយ​សន្លឹក​នឹង​ចាប់​នឹង​ដៃ​ សូ​ម្បី​ក្រុម​សង្គ្រោះ​ដឹក​តាម​រថយន្ត​សង្គ្រោះ​ពី​លំនៅ​ឋាន​ទៅ​ដល់​មន្ទីរពេទ្យ​ និង​ព្យួរសេរ៉ូម​ជាប់​នឹង​ដៃ​ ក៏​នាង​កាន់​ឱប​រូបថត​នោះ​ជាប់​នឹង​ខ្លួន​ទាំង​ទឹកភ្នែក​ហូរ​រហាម​ជោក​ថ្ពាល់​ទាំង​សងខាង​ ។​ លើស​ពី​នេះ​ នាង​ ពេជ្រ​ ច័ន្ទ​សូ​នី​តា​ ភរិយា​កម្សត់​បាន​ពោល​ពាក្យ​ថា​ "​បើសិនជា​នាង​ស្លាប់​ទៅ​ហើយ​ មិន​បាន​យកប្តី​ទៅ​ជាមួយ​ ក៏​អាច​យក​រូបថត​ប្តី​ទៅ​ជាមួយ​ដែរ​"​ ។​

​ទោះ​យ៉ាងណា​ នាង​ ពេជ្រ​ ច័ន្ទ​សូ​នី​តា​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើការ​លាង​ក្រពះ​ជម្រះ​ជាតិពុល​សង្គ្រោះ​បាន​ធូរស្រាល​ និង​រស់រាន​មានជីវិត​ចាក​ផុត​ពី​សេចក្តីស្លាប់​ហើយ​ ប៉ុន្តែ​ស្ត្រី​ជា​ភរិយា​វ័យក្មេង​ស្រស់​សោភា​រូប​នេះ​មិន​បាន​និយាយ​ស្តី​អ្វី​ទាំងអស់​ សូ​ម្បី​តែ​ឈ្មោះ​ប្តី​ និង​មុខរបរ​ធ្វើ​ការងារ​របស់​ប្តី​ក៏​នាង​មិន​ប្រាប់​ដែរ​ ខណៈ​ប្តី​របស់​នាង​ក៏​គ្មាន​វត្ត​មាននៅ​មន្ទីរពេទ្យ​មក​ថែទាំ​នាង​ គឺ​មាន​ត្រឹម​ក្រុម​គ្រួសារ​ដែល​ធ្វើ​ដំណើរ​មក​ពី​ស្រុក​កំណើត​ និង​មិត្តភក្តិ​ជួយ​មើលថែ​ទាំ​ប៉ុណ្ណោះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.