ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ការ​ស្លាប់​របស់​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ម្នាក់​សង្ស័យ​ឋិត​ក្រោម​ស្នាដៃ​ស្រី​ស្នេហ៍​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​

​កាលពី​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ល្ងាច​ នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​លេខ​៣​ ខេត្ត​ព្រះ​សីហ​នុ​ម្នាក់​ ដែល​គេ​ស្គាល់​ថា​មានឈ្មោះ​ ហែម​ សា​រិ​ទ្ធ​ អាយុ​៥៣​ឆ្នាំ​ ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក​ បាន​ទទួល​រង​មរណភាព​ ពាក់ព័ន្ធ​នឹង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​មាន​យីហោ​ រាត្រី​សុខសាន្ត​ ឋិត​ក្នុងភូមិ​ថ្មី​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​បាន​បន្សល់​ទុក​នូវ​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ និង​ក្រុម​គ្រួសារ​សព​ដាក់​ការ​សង្ស័យ​ ព្រមទាំង​កំពុង​តាមដាន​ស៊ើបអង្កេត​យ៉ាង​សកម្ម​ ។​

​ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៣​នេះ​ គឺ​ដោយសារ​ជន​រង​គ្រោះ​និង​ស្ត្រី​ម្នាក់​ឈ្មោះ​ សួន​ សុខសាន្ត​ ដែល​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​យីហោ​ រាត្រី​សុខសាន្ត​ មាន​ទំនាក់ទំនង​នឹង​គ្នា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ សូ​ម្បី​តែ​ភរិយា​របស់​ជន​រង​គ្រោះ​ក៏​បានដឹង​អំពី​ការ​ទំនាក់ទំនង​របស់​ស្វាមី​ខ្លួន​និង​ស្ត្រី​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​​  ​       ​នេះ​ដែរ​ ។​

​លោកស្រី​ សេង​ និមល​ អាយុ​៥០​ឆ្នាំ​ ដែល​ជា​ភរិយា​របស់​ជន​រង​គ្រោះ​បាន​ផ្តោត​ការ​សង្ស័យ​ថា​ ស្វាមី​របស់​ខ្លួន​អាច​ស្លាប់​ដោយសារ​ស្រី​ស្នេហ៍​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​ រាត្រី​សុខសាន្ត​ ដាក់​ថ្នាំ​បំពុល​ ពីព្រោះ​សាកសព​ស្វាមី​របស់​គាត់​មាន​បែកពពុះមាត់​ និង​ម្យ៉ាងទៀត​នៅ​ក្រោយ​ការ​ស្លាប់​របស់​ស្វាមី​គាត់​មាន​បាត់​ខ្សែ​ក​មាស​១​ខ្សែ​ទម្ងន់​ជាង​១​តម្លឹង​ និង​ប្រាក់​ជាង​១​ពាន់​ដុល្លារ​អា​មេ​រិ​ក​ ដែល​ជា​លុយ​ថ្លៃ​ប្រេងឥន្ធនៈ​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ជា​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៣​នោះ​ មិន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព​ទេ​ បន្ទាប់​ពី​មាន​រូបភាព​ឆោឡោ​កើតឡើង​ដោយសារ​មាន​ម៉ូតូឌុប​២​គ្រឿង​បាន​ឌុ​ប​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយ​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ទាំង​២​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​វិញ​ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សាកសួរ​ ។​

​តាម​ចម្លើយ​របស់​អ្នក​រត់​ម៉ូតូឌុប​ដែល​បាន​ឌុ​ប​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ គឺ​មិន​បាន​ស្លាប់​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​រាត្រី​សុខសាន្ត​ ហើយ​ពេល​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នោះ​ បាន​និយាយ​ប្រាប់​ថា​ "​កុំ​បញ្ជូន​ខ្ញុំ​ទៅ​គ្លីនិក​ឯកជន​អី​ ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ​ចំការ​ចេក​ ដែល​ជា​មន្ទីរពេទ្យ​រដ្ឋ​វិញ​"​ ។​ ក្រោយមក​ ជន​រង​គ្រោះ​ចាប់ផ្តើម​លែង​ដឹងខ្លួន​ និង​បែកពពុះមាត់​ដាច់​ស្លាប់​តែ​ម្តង​ ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ ។​

​មជ្ឈដ្ឋាន​ទូទៅ​បាន​សម្តែង​នូវ​ការ​សង្ស័យ​ថា​ ការ​ស្លាប់​របស់​លោកនាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៣​ ខេត្ត​ព្រះ​សីហ​នុ​នេះ​ អាច​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ប្រើប្រាស់​ថ្នាំ​សម្រើប​ហួស​កម្រិត​ពេល​រួមរ័ក​ជាមួយ​ស្រី​ស្នេហ៍​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​រាត្រី​សុខសាន្ត​ ដោយសារ​ជន​រង​គ្រោះ​មាន​វ័យ​ជ្រេ​ទៅ​ហើយ​ ។​

​ទោះ​យ៉ាងណា​​ ការ​ស្លាប់​របស់​លោកនាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៣​ ខេត្ត​ព្រះ​សីហ​នុ​នេះ​ សមត្ថកិច្ច​មិន​ទាន់​បាន​សន្និដ្ឋាន​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​​ ខណៈស្ត្រីជាម្ចាស់ហាង ខារ៉ាអូខេរាត្រីសុខសាន្តបានគេចខ្លួនបាត់ ទោះបី​ភរិយា​របស់​ជន​រង​គ្រោះ​ និង​មជ្ឈដ្ឋាន​នានា​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ស្ត្រី​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​រាត្រី​សុខសាន្ត​ក៏​ដោយ​ ដ្បិត​សាកសព​ត្រូវ​បាន​ភរិយា​ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​កំពុង​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឡើយ​ ៕​

jk9x4uuc6japxvl0

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.