ប្រិយមិត្តអ្នកអានទំនងជាអាចនៅចងចាំបានថា កាលពីចុងឆ្នាំ២០០១ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី ធ្លាប់បានចេញបទបញ្ជាមួយលេខ០០១បប ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០១ បង្គាប់ឲ្យបញ្ឈប់ការធ្វើអាជីវកម្មរង្គសាល ក្លឹបរាត្រី ឌីស្កូថែក និងខារ៉ាអូខេទាំងឡាយដែលកំពុងធ្វើសកម្មភាពក្នុងរាជធានីភ្នំពេញ និងខេត្ត-ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា ។ បទបញ្ជារបស់បុរសខ្លាំងនោះ ធ្វើឲ្យក្លឹបខារ៉ាអូខេតូចតាចគ្មានខ្នងបង្អែកមួយចំនួន"ដួលបះជើងខាតឡុងចុង" ដ្បិតស្រង់ដើមមិនទាន់រួចផង បែរជាត្រូវបានអាជ្ញាធរបិទទ្វារអាជីវកម្ម ខណៈដែលក្លឹបខារ៉ាអូខេធំៗអាចនៅបន្តធ្វើអាជីវកម្មបាន ក្រោមរូបភាព"លួចលាក់ ឬបន្លំប្រើស្លាកថា បន្ទប់ទស្សនាបាល់ទាត់" ដោយមានវត្តមានសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល និងសមត្ថកិច្ចប៉ូលិស ប៉េអឹម …នាំគ្នាទៅចូលច្រៀងខារ៉ាអូខេជាធម្មតាជាហូរហែ រហូតដល់រង្គសាល ក្លឹបរាត្រី និងខារ៉ាអូខេដំណើរការរីកដូចផ្សិតត្រូវទឹកភ្លៀងឡើងវិញទល់បច្ចុប្បន្ន ដោយមិនចាំបាច់មានប្រកាសពីបុរសខ្លាំង ។
បទបញ្ជារបស់បុរសខ្លាំងក្នុងការបិទអាជីវកម្មខារ៉ាអូខេ និងក្លឹបរាត្រីដែលជាកម្មវិធីកម្សាន្តរបស់មនុស្ស ត្រូវបានទទួលរងការរិះគន់តាំងពីដើមទី ប៉ុន្តែមិនអាចកែប្រែ"អារម្មណ៍"របស់បុរសខ្លាំងបានឡើយនាពេលនោះ គឺម្ចាស់អាជីវកម្មខារ៉ាអូខេធំៗដែលមានខ្នងបង្អែកជាមន្ត្រីគ្រាក់ៗសុខចិត្តស៊ូទ្រាំដំណើរការអាជីវកម្មរបស់ខ្លួន ក្រោមរូបភាព"លួចលាក់" ដ្បិតមានប្រភពព័ត៌មានខ្លះលួចបង្ហើបប្រាប់ថា ការណ៍ដែលនាំឲ្យបុរសខ្លាំងសម្រេចប្រកាសបិទខារ៉ាអូខេ ដោយសារបុរសខ្លាំងខឹងសម្បានឹងកូនប្រសា(អតីតស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា គឺលោកឧត្តមសេនីយ៍យោធា ម៉ឹង កុម្ភៈ ជាកូនប្រុសរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ) ចូលចិត្តដើរលេងយប់ ចូលខារ៉ាអូខេ (Sic!) ។ ទីបំផុត បទបញ្ជារបស់បុរសខ្លាំងសាបរលាបគ្មានតម្លៃ គឺក្លឹបរាត្រី និងខារ៉ាអូខេនៅតែបិទមិនជិត ទប់មិនឈ្នះ ហើយដំណើរការគគ្រឹកគគ្រេងលើសដើមទល់បច្ចុប្បន្ន ។
ក្រោយមក ឆ្នោតឡូតូ ល្បែងអេឡិចត្រូនិច-មេហ្គានិច ស្លុតម៉ាស៊ីន និងល្បែងភ្នាល់បាល់ (កាលណោះក្រុមហ៊ុន Cambo Six ជាក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណបម្រើសេវាកម្មល្បែងភ្នាល់បាល់ទាត់) បានកើតឡើងរីកសុសសាយនៅកម្ពុជា ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលបុរសខ្លាំងប្រកាសបិទអាជីវកម្មជាបន្តបន្ទាប់ចាប់តាំងពីចុងឆ្នាំ២០០៨ មកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ (លើកលែងតែក្រុមហ៊ុនល្បែងកាស៊ីណូ) ធ្វើឲ្យក្រុមហ៊ុនធ្វើសេវាកម្មល្បែងភ្នាល់បាល់ Cambo Six ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខឹងសម្បានឹងបុរសខ្លាំងមិនស្ទើរឡើយ ។
ទោះបីរាជរដ្ឋាភិបាលបុរសខ្លាំងប្រកាសបិទអាជីវកម្មភ្នាល់បាល់ទាត់ និងអាជីវកម្មល្បែងឆ្នោតគ្រប់ប្រភេទក៏ដោយ ប៉ុន្តែជាក់ស្តែងបានបង្ហាញថា ល្បែងភ្នាល់បាល់ទាត់នៅតែមានលេងតាមកាស៊ីណូរហូតដល់មានការបង្កើត Account សម្រាប់លេងតាម Internet ទៅទៀត ដែលកាងដោយមន្ត្រី អ្នកឈ្មួញគ្រាក់ៗស្និទ្ធនឹងបុរសខ្លាំង ឋិតក្រោមរូបភាព"លួចលាក់"មិនចំហ ។ រីឯល្បែងឆ្នោត"កន្ទុយលេខ"មានលេងសឹងនៅគ្រប់ទីផ្សារក្នុងរាជធានី-ខេត្ត ហើយសូម្បីតែក្រុមសមត្ថកិច្ចក៏ចូលរួមលេងឆ្នោតដែរ ក្រោមរូបភាព"លួចលាក់" ខណៈឆ្នោតយួនបានធ្វើអាជីវកម្មជាចំហនៅក្នុងស្រុកខ្មែរតែម្តង ។ មានន័យថា បិទពីការធ្វើអាជីវកម្មដោយចំហស្របច្បាប់ បែរជាមកទុកផ្លូវ និងឱកាសឲ្យមន្ត្រី ព្រមទាំងឈ្មួញមួយចំនួនបើកអាជីវកម្មក្រោមរូបភាព"លួចលាក់"របៀបជាមុខរបររបស់ចោរទៅវិញ ។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចនិងកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ការបិទអាជីវកម្មដែលមានចំណូលពីរូបភាពស្របច្បាប់ ហើយបែរជាបិទមិនបានឲ្យក្លាយទៅជាមានរូបភាព"លួចលាក់"មិនស្របច្បាប់ រកស៊ីដូចចោរ ជាអាទិ៍ ល្បែងភ្នាល់បាល់ ឆ្នោតកន្ទុយលេខ…។ល។ គឺធ្វើឲ្យបាត់បង់ចំណូលថវិការដ្ឋបានត្រឹមតែទៅបំប៉នឲ្យហោប៉ៅឈ្មួញ និងមន្ត្រីធ្វើជាខ្នងបង្អែកមួយចំនួន និងឈានទៅមានការពិបាកក្នុងការគ្រប់គ្រងថែមទៀត ។
ដោយឡែក ទាក់ទងនឹងការដោះស្រាយទំនាស់ដីធ្លី និងការជួយអន្តរាគមន៍ក្នុងសំណុំរឿងផ្សេងៗទៀត គឺបុរសខ្លាំងតែងធ្វើការសម្រេចត្រឡប់ត្រឡិនច្រើនដង សាចុះសាឡើងទៅតាមតែរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោម ដោយម្តងសម្រេចឲ្យ"ភាគីក" ម្តងទៀតសម្រេចឲ្យ"ភាគីខ" រួចហើយត្រឡប់មកសម្រេចឲ្យ"ភាគីក"វិញ និងបែរទៅជាសម្រេចឲ្យ"ភាគីខ"សាជាថ្មីទៀតតាមអារម្មណ៍របស់បុរសខ្លាំង (ឧទាហរណ៍ សំណុំរឿងទំនាស់ដីធ្លីទំហំ៣៥២ហិកតារវាងលោកឧកញ៉ា ជៀម ផែន ថៅកែក្រុមហ៊ុនស្រាបៀរលីអូ និងក្រុមប្រជាពលរដ្ឋចំនួន៤៩គ្រួសារ ឋិតនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាដើម…) ធ្វើឲ្យភាគីទំនាស់ទាំងសងខាងទទួលរងការខាតបង់រៀងៗខ្លួន ទម្រាំទទួលបានលទ្ធផលសម្រេចចុងក្រោយពីបុរសខ្លាំងដែលមានចរិតរបៀបនយោបាយទៅទៀត ។
សរុបសេចក្តីមក រូបភាពទាំងនេះគឺជាព័ស្តុតាងបង្ហាញថា មួយផ្នែកនៃនយោបាយដឹកនាំរបស់បុរសខ្លាំង គឺ"ធ្វើតាមអារម្មណ៍" ដែលអាចធ្វើឲ្យប្រទេសជាតិទាំងមូលក្លាយទៅជាមានឈ្មោះ"ស្រុកសម្បុកចោរ" និងពោរពេញដោយអយុត្តិធម៌សង្គម ៕