ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

កំពូល​មន្ត្រី​ ដែល​ឈ្លក់​វង្វេង​នឹង​ឋានៈ​ស័ក្តិ​បុណ្យ​ជា ​”​ឯកឧត្តម​”

​ក្នុង​នាម​ជា​មន្ត្រីរាជការ​សាធារណៈ​ មានមុខ​ងារ​ជា​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ លោក​ ធុ​ល​ នាង​ មិន​ពេញចិត្ត​ទាល់តែ​សោះ​ទៅ​នឹង​ពាក្យ​គេ​សរសេរ​ ឬ​ហៅ​លោក​ថា​ជា​ "​លោក​"​ ឡើយ​ ទោះបី​គេ​សរសេរ​លិខិត​លាយលក្ខណ៍អក្សរ​គោរព​ជូន​លោក​ផ្ទាល់​ក្នុង​នាម​មុខងារ​ជា​ប្រធាន​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ក៏​ដោយ​ គឺ​លោក​ចង់​ ឬ​តម្រូវ​ឲ្យ​គេ​សរសេរ​ ឬ​ហៅ​ថា​ "​ឯកឧត្តម​"​ ដោយ​លោក​បាន​ភ្ជាប់​មុខងារ​របស់​លោក​ទៅ​នឹង​តំណែង​បុណ្យស័ក្តិ​មួយទៀត​ដែល​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ ក្នុង​ករណី​សរសេរ​លិខិត​លាយលក្ខណ៍អក្សរ​ប្រាស្រ័យ​ទាក់ទង​នឹង​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គោរព​ជូន​លោក​ ធុ​ល​ នាង​ ជា​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ ដោយ​ប្រើ​ពាក្យ​ថា​ "​លោក​"​ នោះ​ គឺ​មន្ត្រី​រដ្ឋបាល​របស់​មន្ទីរ​មិន​ទទួល​ឡើយ​ លុះត្រាតែ​ប្រើ​ពាក្យ​ថា​ "​ឯកឧត្តម​ ធុ​ល​ នាង​"​ ទើប​មន្ត្រី​រដ្ឋបាល​របស់​មន្ទីរ​ទទួលយក​ និង​វាយ​ត្រា​ចូល​ឲ្យ​ ។​

​ក្រុម​អ្នក​ច្បាប់​បាន​ធ្វើការ​ពន្យល់​ថា​ ទោះបី​លោក​ ធុ​ល​ នាង​ ប្រធាន​មន្ទីរ​ការងារ​និង​បណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​ មាន​ឋានៈ​ចាប់ពី​អគ្គនាយក​ឡើង​ទៅ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ក៏​ដោយ​ ប៉ុន្តែ​ប្រសិនបើ​មជ្ឈដ្ឋាន​នានា​ទាក់ទង​មក​លោក​ក្នុង​នាម​ជា​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ គឺ​ត្រូវ​សរសេរ​ ឬ​ហៅ​ថា​ "​លោក​"​ មិនមែន​"​ឯកឧត្តម​"​នោះ​ទេ​ ដ្បិត​មុខងារ​របស់​លោក​ជា​ប្រធាន​មន្ទីរ​ទទួល​បានការ​តែងតាំង​ដោយ​ប្រកាស​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។​ ផ្ទុយ​ទៅ​វិញ​ បើ​លោក​ ធុ​ល​ នាង​ ចង់​ឲ្យ​គេ​សរសេរ​គោរព​ជូន​មក​រូប​លោក​ដោយ​ប្រើ​ពាក្យ​ថា​ "​ឯកឧត្តម​"​ លុះត្រាតែ​ដាក់​ភ្ជាប់​មុខ​តំណែង​របស់​លោក​ទាំង​២​តែ​ម្តង​ គឺ​ទាំង​តំណែង​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​ ទាំង​មុខងារ​ជា​ប្រធាន​មន្ទីរ​ ទើប​មាន​ភាព​ត្រឹមត្រូវ​ (​ឧទាហរណ៍​ ៖​ គោរព​ជូន​ ឯកឧត្តម​ ធុ​ល​ នាង​ ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ និង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​ ។​ ដូច្នេះ​ មន្ត្រី​រដ្ឋបាល​របស់​លោក​ ធុ​ល​ នាង​ គប្បី​ធ្វើ​សេចក្តីណែនាំ​មួយ​ដល់​អ្នកធ្វើការ​ប្រាស្រ័យ​ទាក់ទង​នានា​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​អំពី​របៀបរបប​សរសេរ​លិខិត​រដ្ឋបាល​គោរព​ជូន​មក​រូប​លោក​ ដើម្បី​កុំ​ឲ្យ​មានការ​ខុសឆ្គង​ ខាត​ពេលវេលា​ និង​ខាតបង់​ក្រដាស​ ព្រមទាំង​ទឹក​ថ្នាំ​ ឬ​ទឹក​ប៊ិក​ នៅ​ពេល​មន្ត្រី​រដ្ឋបាល​មិន​ទទួល​លិខិត​លាយលក្ខណ៍អក្សរ​របស់​អ្នក​ទាំងនោះ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ លោក​ ធុ​ល​ នាង​ ដែល​មានមុខ​ងារ​ជា​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នីតិកាល​ទី​៤​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៨/១១៤០​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០០៨​ និង​បន្ត​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១០៣៩​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ហួសចិត្ត​ឥត​ឧបមា​ នៅ​ពេល​ដែល​ឃើញ​មន្ត្រីរាជការ​មាន​ឋានៈ​ត្រឹម​ប្រធាន​មន្ទីរ​ក្នុង​មុខងារសាធារណៈ​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ បែរជា​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​ប្រធាន​ស្ថាប័ន​នីតិប្បញ្ញត្តិ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ទៅ​វិញ​ នាំ​ឲ្យ​មាន​ភាព​ច្របូកច្របល់​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​សម័យ​ព្រះរាជាណាចក្រ​ទី​២​ ។​

​សរុបសេចក្តី​មក​ លោក​ ធុ​ល​ នាង​ អាច​ចាត់​ទុក​បាន​ថា​ គឺជា​កំពូល​មន្ត្រី​មួយ​រូប​ដែល​បាន​និង​កំពុង​ឈ្លក់​វង្វេង​នឹង​ឋានៈ​ស័ក្តិ​បុណ្យ​ជា​"​ឯកឧត្តម​"​យ៉ាង​ងប់​ង​ល់​ ទើប​តម្រូវ​ឲ្យ​គេ​លើកតម្កើង​ខ្លួន​ភ្ជាប់​ជាមួយនឹង​ឋានៈ​ជា​ឯកឧត្តម​ទាំង​មិន​សម​ទំនង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.