ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

មន្ត្រី​រដ្ឋបាល​កំពុង​រុញ​លោក​ចៅក្រម​ អាំង​ មាលតី​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទើប​កាន់​​តំណែង​ថ្មី​ឲ្យ​ធ្លាក់ទឹក​

​ប្រជាពលរដ្ឋ​ដែល​មានរឿង​ក្តី​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ក្រុម​អ្នក​ច្បាប់​ បាន​សម្តែង​នូវ​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការ​បង្គាប់បញ្ជា​ខុស​ទំនង​ និង​គ្មាន​សម​ហេតុ​សម​ផល​របស់​មន្ត្រី​រដ្ឋបាល​ដែល​ជា​ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​ជំនាន់​លោក​ចៅក្រម​ អាំង​ មាលតី​ ធ្វើ​ជា​ប្រធាន​សាលាដំបូង​ក្នុង​ការ​ដាក់​ពាក្យបណ្តឹង​ ឬ​បំពេញ​នីតិវិធី​ផ្សេងៗ​ជូន​ទៅ​ប្រធាន​សាលាដំបូង​ និង​ទៅ​ចៅក្រម​ទទួល​បន្ទុក​ ដោយ​ត្រូវ​ឲ្យ​ប្រើ​ពាក្យ​ថា​ "​ឯកឧត្តម​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​"​ និង​តម្រូវ​ឲ្យ​គោរព​ជូន​ទៅ​ប្រធាន​សាលាដំបូង​ទាំងអស់​ ទោះបីជា​នីតិវិធី​ត្រូវ​សរសេរ​គោរព​ជូន​ផ្ទាល់​ចៅក្រម​ទទួល​បន្ទុក​សំណុំរឿង​ក៏​ដោយ​ ពោល​គឺ​មាន​ចំណុច​ខ្លះ​ធ្លាក់​ដល់​សភាព​យ៉ាប់យ៉ឺន​ជាង​ជំនាន់​លោក​ចៅក្រម​ ជីវ​ កេង​ ធ្វើ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​ទៀត​ ។​

​ព័ស្តុតាង​ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​ និង​ប្រជាពលរដ្ឋ​ដែល​មានរឿង​ក្តី​ពាក់ព័ន្ធ​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​ពេល​សរសេរ​ពាក្យ​គោរព​ជូន​"​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​"​ គឺ​រដ្ឋបាល​សាលាដំបូង​មិន​ទទួល​វាយ​ត្រា​ចូល​ឲ្យ​ឡើយ​ ហើយ​តម្រូវ​ឲ្យ​សរសេរ​ថា​ គោរព​ជូន​"​ឯកឧត្តម​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​"​វិញ​ ទើប​វាយ​ត្រា​ចូល​ឲ្យ​ ។​ លើស​ពី​នេះ​ នៅ​ពេល​មាន​សំណុំរឿង​ក្តី​ និង​មាន​ចៅក្រម​ទទួល​បន្ទុក​រឿង​ក្តី​ផ្ទាល់​រួច​ហើយ​ក៏​ដោយ​ បើ​សរសេរ​គោរព​ជូន​ផ្ទាល់​ទៅ​ចៅក្រម​ទទួល​បន្ទុក​ដើម្បី​បំពេញ​នីតិវិធី​ផ្សេងៗ​ក៏​មិន​បាន​ដែរ​ គឺ​តម្រូវ​ឲ្យ​សរសេរ​គោរព​ជូន​ឆ្លងកាត់​តាម​"​ឯកឧត្តម​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​"​ទាំងអស់​(Sic!)​ ។​

​ក្រុម​អ្នក​ច្បាប់​និង​ប្រជាពលរដ្ឋ​ធ្លាប់​មានរឿង​ក្តី​ពាក់ព័ន្ធ​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ​កន្លង​មក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជំនាន់​លោក​ចៅក្រម​ ជីវ​ កេង​ ធ្វើ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​តម្រូវ​ឲ្យ​សរសេរ​ថា​ គោរព​ជូន​"​ឯកឧត្តម​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​"​អ៊ីចឹង​ដែរ​ ខណៈ​ពេល​មាន​លិខិត​ស្នាម​ផ្សេងៗ​ពី​តុលាការ​កំពូល​ផ្ញើ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ហៅ​ថា​ "​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​"​ ប៉ុន្តែ​ក្នុង​ករណី​បំពេញ​នីតិវិធី​ផ្សេងៗ​ទៅ​ចៅក្រម​ទទួល​បន្ទុក​សំណុំរឿង​ គឺ​អាច​សរសេរ​គោរព​ជូន​ផ្ទាល់​ទៅ​ឈ្មោះ​លោក​ ឬ​លោកស្រី​ចៅក្រម​ទទួល​បន្ទុក​សំណុំរឿង​តែ​ម្តង​ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​"​ឯកឧត្តម​ប្រធាន​"​របៀប​ជា​ច្រកចេញ​-​ចូល​តែ​មួយ​ក្តោប​អំណាច​ខុស​ទំនង​នោះ​ទេ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​បាន​ធ្វើការ​ពន្យល់​ថា​ លោក​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ទើបត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ដោយ​ក្នុង​ព្រះរាជក្រឹត្យ​ដែល​ត្រាស់​បង្គាប់​ដោយ​ព្រះមហាក្សត្រ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ទទួល​បានការ​ឯកភាព​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ នា​សម័យប្រជុំ​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០១៤​នោះ​ បាន​សរសេរ​ឬ​ហៅ​យ៉ាង​ច្បាស់លាស់​ថា​ "​លោក​ អាំង​ មាលតី​"​ គឺ​មិនមែន​សរសេរ​ ឬ​ហៅ​ថា​ "​ឯកឧត្តម​ អាំង​ មាលតី​"​ឡើយ​ ។​ ម្យ៉ាងទៀត​ ទោះបី​លោក​ចៅក្រម​ អាំង​ មាលតី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួល​បានការ​តែងតាំង​មុខងារ​ និង​តួនាទី​បន្ថែម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក្តី​ ឬ​ជាទី​ប្រឹក្សា​របស់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ណាមួយ​មាន​ឋានៈ​ចាប់ពី​អគ្គនាយក​ឡើង​ទៅ​ ដែល​មាន​គោរមងារ​ជា​ឯកឧត្តម​ក្តី​ ក៏​ក្នុង​ករណី​អ្នក​មានរឿង​ក្តី​ពាក់ព័ន្ធ​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ​ដាក់​ពាក្យបណ្តឹង​មក​ប្រធាន​សាលាដំបូង​ឲ្យ​ដោះស្រាយ​ជា​សមត្ថកិច្ច​ គឺ​ត្រូវ​តែ​សរសេរ​ ឬ​ហៅ​ថា​ "​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​"​ ទើប​ត្រឹមត្រូវ​តាម​មុខ​តំណែង​ពិតប្រាកដ​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ដែរ​ថា​ ក្នុង​នាម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​តុលាការ​គំរូ​ ទោះបី​មិន​ទាន់​មានច្បាប់​រដ្ឋបាល​សម្រាប់​ប្រើប្រាស់​ក្នុង​ស្ថាប័ន​តុលាការ​ក៏​ដោយ​ ក៏​ថ្នាក់ដឹកនាំ​សាលាដំបូង​ និង​មន្ត្រី​រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ​គួរតែ​ចេះ​ និង​ស្វែង​យល់​អំពី​បែបបទ​រដ្ឋបាល​ខ្លះ​ផង​ កុំ​ចេះ​តែ​នាំ​គ្នា​ឈ្លក់​ ឬ​វង្វេងវង្វាន់​នឹង​ពាក្យ​"​ឯកឧត្តម​"​ ឬ​ "​បណ្ឌិត​"​ ដើម្បី​លើកជើង​ខ្លាំង​ពេក​ ប្រយ័ត្ន​រហែក​ខោ​មេ​លេច​កេរ្តិ៍ខ្មាស​ ។​

​សូម​លោក​ចៅក្រម​ អាំង​ មាលតី​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ទើប​ទទួល​តំណែង​ថ្មី​ ដែល​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ពីសា​លា​"CUP-​ខាប់​"​នោះ​ មេត្តា​ត្រួតពិនិត្យ​ និង​មាន​វិធានការ​ឲ្យ​បាន​ជាក់លាក់​ទៅ​លើ​មន្ត្រី​រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ផង​ ពីព្រោះ​ពួក​គេ​កំពុង​តែ​បញ្ចើចបញ្ចើ​បញ្ជោរ​លើកជើង​រុញ​រូប​លោក​ឲ្យ​ធ្លាក់ទឹក​ហើយ​ ប្រសិនបើ​លោក​មិន​បាន​បង្គាប់បញ្ជា​ឲ្យ​មន្ត្រី​រដ្ឋបាល​សាលាដំបូង​ប្រព្រឹត្ត​អំពើ​ដូច្នេះ​ទេ​នោះ​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.