ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ករណី​ចៅអធិការ​វត្ត​ទួល​ក្រសាំង​ឆាន់​ស្រា​ស្រវឹង​បើករថយន្ត​បុក​រះ​ត្រូវ​បាន​ចាប់​ផ្សឹក​និង​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ហើយ​

​ករណី​ព្រះ​ចៅអធិការ​វត្ត​ជលធារា​សម្បត្តិ​ ហៅ​វត្ត​ទួល​ក្រសាំង​ ព្រះ​នាម​ ខាន់​ ហេង​ ព្រះ​ជន​៥៦​ព្រះ​វស្សា​ រួម​ដំណើរ​ជាមួយ​ព្រះសង្ឃ​ និង​សិស្ស​លោក​ចំនួន​៤​អង្គ​-​នាក់​ទៀត​ ដែល​ឆាន់​ស្រា​ស្រវឹង​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ MITSUBISHI​ PAJERO​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2F-0003​ ធ្លាក់​ផ្លូវ​បុក​រះ​បណ្តាល​ឲ្យ​បាក់​ស្លាក​សញ្ញា​មណ្ឌល​សុខភាព​ឃុំ​កោះ​ខែល​ បាក់​បង្គោល​ភ្លើង​១​ដើម​លេខ​ NR857​ និង​បាក់​ដើម​អំពិលទឹក​មួយ​ដើម​ទៀត​ ទើប​រថយន្ត​ទៅ​មុខ​លែង​រួច​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៤​ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​២១B​ ភូមិ​ទេព​អរជូន​ ឃុំ​កោះ​ខែល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ នោះ​ ត្រូវ​បាន​ចាប់​ផ្សឹក​ឲ្យ​លាចាក​សិក្ខាបទ​រួច​ហើយ​នា​រាត្រី​ថ្ងៃ​ដដែល​ ព្រមទាំង​ត្រូវ​បាន​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ កាលពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​ថែម​ទៀត​ ដោយ​ជាប់ចោទ​ក្នុង​បទល្មើស​ចំនួន​៤​ ។​

​លោក​ កេង​ សុ​ម៉ា​រិ​ទ្ធ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ បាន​ចេញ​ដីកា​សម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​អតីត​ព្រះ​ចៅអធិការ​វត្ត​ទួល​ក្រសាំង​ ព្រះ​នាម​ ខាន់​ ហេង​ ដែល​ក្លាយជា​ជន​ត្រូវ​ចោទ​ពី​បទ​បើកបរ​យានជំនិះ​ដោយ​គ្មាន​ប័ណ្ណបើកបរ​,​ បទ​បើកបរ​យានជំនិះ​ក្នុង​ភាព​ស្រវឹង​,​ បទ​កាន់កាប់​រក្សា​ទុក​គ្រាប់រំសេវ​គ្មាន​ការ​អនុញ្ញាត​ និង​បទ​ប្រើប្រាស់​ឯកសណ្ឋាន​ខុសច្បាប់​ ។​

​គួរ​រំលឹក​ជូន​ថា​ ខណៈ​ដែល​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៤​នោះ​ អតីត​ព្រះ​ចៅអធិការ​វត្ត​ទួល​ក្រសាំង​ ដែល​ព្រះ​អង្គជា​អ្នកបើកបរ​យានជំនិះ​ដោយ​ផ្ទាល់​ គ្រង​ឯកសណ្ឋាន​ប៉ា​រ៉ា​ខាងលើ​ និង​ស្បង់​ចីវរ​ខាងក្រោម​ ឋិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​មាន​កម្រិត​ជាតិ​អាល់កុល​រហូត​ដល់​១,០៦​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់​ ព្រមទាំង​រក្សា​ទុក​គ្រាប់កាំភ្លើង​ AK47​ ចំនួន​១​គ្រាប់​នៅ​ក្នុង​ហោប៉ៅ​អាវ​ប៉ា​រ៉ា​ ដាក់​ស្លាក​សញ្ញា​កងរាជអាវុធហត្ថ​ទៀត​ផង​ ។​ បន្ទាប់​ពី​ចាប់​ផ្សឹក​ទាំង​យប់​រួច​ហើយ​ សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ខ្លួន​អតីត​ចៅអធិការ​វត្ត​រូប​នេះ​ និង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្តាល​ ដើម្បី​ចោទប្រកាន់​ និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ​តែ​ម្តង​ ។​

​ក្រុម​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជលធារា​សម្បត្តិ​ ហៅ​វត្ត​ទួល​ក្រសាំង​ បាន​សម្តែង​នូវ​ការ​ស្រងាកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​របស់​ព្រះ​តេជគុណ​ ខាន់​ ហេង​ ក្នុង​នាម​ជា​ចៅអធិការ​វត្ត​ទាំងមូល​ ហើយ​មិនដឹង​ថា​ អតីត​សង្ឃ​អង្គ​នេះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ធម្ម​វិន័យ​ចាប់តាំងពី​ពេល​ណា​មក​នោះ​ទេ​ បែរជា​ទើប​ដឹង​នៅ​ពេល​ឆាន់​ស្រា​ស្រវឹង​បើករថយន្ត​ធ្លាក់​ផ្លូវ​បុក​រះ​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​ និង​អានុភាព​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.