ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

មហាសេដ្ឋី​ចិន​ម្នាក់​អញ្ជើញ​អ្នក​ក្រីក្រ​នៅ​អា​មេ​រិ​ក​ចំនួន​១.០០០​នាក់​ឲ្យ​មក​ទទួលទាន​អាហារ​ពេល​ល្ងាច​និង​កាដូ​ជា​ប្រាក់​បន្ថែម​

​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The​ New​ York​ Times​ និង​ Wall​ Street​ Journal​ បាន​ឲ្យ​ដឹង​ថា​ មាន​មហាសេដ្ឋី​ចិន​ម្នាក់​ គឺ​លោក​ Chen​ Guangbiao​ ជា​សេដ្ឋី​ធ្វើ​មុខ​ជំនួញ​ខាង​ការ​ផលិត​កែ​ច្នៃ​សម្ភារៈ​វេច​ខ្ចប់​ពី​ប្លា​ស្ទីក​ បាន​ប្រកាស​ព័ត៌មាន​អញ្ជើញ​ពលរដ្ឋ​ក្រីក្រ​នៅ​សហរដ្ឋអាមេរិក​ចំនួន​១.០០០​នាក់​ ឲ្យ​មក​ទទួលទាន​អាហារ​ពេល​ល្ងាច​រៀបចំ​ដោយ​លោក​ផ្ទាល់​នៅ​បុរី​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​ នា​ពេល​ស​ប្តា​ហ៍​ខាង​មុខ​ ព្រមទាំង​នឹង​ផ្តល់​ប្រាក់​ទុកជា​កាដូ​ក្នុង​ម្នាក់ៗ​ចំនួន​៣០០​ដុល្លារ​អា​មេ​រិ​ក​ទៀត​ផង​ ដើម្បី​ចង់​បង្ហាញ​ឲ្យ​សហរដ្ឋអាមេរិក​មើលឃើញ​ថា​ គ្រប់​មហាសេដ្ឋី​ចិន​មិនមែន​សុទ្ធតែ​មានបាន​ទ្រព្យសម្បត្តិ​ដោយសារ​តែ​អំពើ​ពុក​រលួយ​ ដូច​ការ​រិះគន់​ពី​បណ្តា​ប្រទេស​លោក​ខាងលិច​នោះ​ទេ​ ។​

​គម្រោង​នៃ​ការ​រៀបចំ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ពលរដ្ឋ​ក្រីក្រ​សហរដ្ឋអាមេរិក​ចំនួន​១.០០០​នាក់​នោះ​ លោក​មហាសេដ្ឋី​ Chen​ Guangbiao​ បាន​បញ្ជាក់​ថា​ កម្មវិធី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៤​ខាង​មុខ​នៅ​ឧទ្យាន​ The​ Loeb​ Boathouse​ Central​ Park​ នៃ​បុរី​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​ ដោយ​លោក​នឹង​ច្រៀង​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ "We​ are​ the​ world"​ ថែម​ទៀត​ ។​

​គេ​មិន​ទាន់​បានដឹង​ថា​ នឹង​មាន​ពលរដ្ឋ​អា​មេ​រិ​ក​ចំនួន​ប៉ុន្មាន​នាក់​ឡើយ​ដែល​នឹង​មក​ចូលរួម​ទទួលទាន​អាហារ​ពេល​ល្ងាច​រៀបចំ​ដោយ​លោក​ Chen​ Guangbiao​ នោះ​ ខណៈ​ដែល​មាន​ពលរដ្ឋ​អា​មេ​រិ​ក​ចំនួន​២៥០​នាក់​ហើយ​បាន​ចុះ​ឈ្មោះ​ឯកភាព​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ។​

​អាហារ​ពេល​ល្ងាច​ដែល​រៀបចំ​ដោយ​លោក​មហាសេដ្ឋី​ Chen​ Guangbiao​ រួម​មាន​ ដំឡូងបារាំង​ចៀន​១​កញ្ចប់​ តម្លៃ​២៦​ដុល្លារ​អា​មេ​រិ​ក​ និង​នំប៉័ង​១​កន្ត្រក​តម្លៃ​១២​ដុល្លារ​អា​មេ​រិ​ក​ និង​ភេសជ្ជៈ​មួយ​ចំនួន​ទៀត​ ។​

​លោក​ Chen​ Guangbiao​ អាយុ​៤៥​ឆ្នាំ​ ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​៤០០​នាក់​ជាប់​លំដាប់ថ្នាក់​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​បង្អស់​នៅ​ក្នុង​ប្រទេស​ចិន​ ។​ លោក​ជា​មហាសេដ្ឋី​ដែល​ចូល​ចិត្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​ និង​មិន​ប្រកាន់ខ្លួន​ ។​ កាលពីដើម​ឆ្នាំ​២០១៤​កន្លង​ទៅ​ លោក​ធ្លាប់​បាន​ចូលរួម​ដេញថ្លៃ​ទិញ​យក​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​សារព័ត៌មាន​របស់​សហរដ្ឋអាមេរិក​មួយ​ឈ្មោះ​ The​ New​ York​ Times​ ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​នៅឡើយ​ ខណៈ​ដែល​ក្នុង​ព្រឹត្តិការណ៍​ចូលរួម​ប្រកាស​ដេញថ្លៃ​ទិញ​ភាគហ៊ុន​នោះ​ លោក​មហាសេដ្ឋី​រូប​នេះ​បាន​ច្រៀង​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ "My​ Chinese​ Dream"​ និង​លេងភ្លេង​ដោយ​ខ្លួន​លោក​ផ្ទាល់​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.