ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

តម្លៃ​លិខិតឆ្លងដែន​កម្ពុជា​ត្រូវ​បន្ត​កំណត់​ដោយ​បបូរមាត់​មន្ត្រី​ជ្រមុជ​ក្នុង​អំពើ​ពុក​រលួយ​ដល់​ពេល​ណា​ ?

​ថ្វី​ដ្បិត​ចាប់តាំងពី​ចុងឆ្នាំ​២០១២​មក​ មាន​បណ្តា​ក្រសួង​-​រដ្ឋលេខាធិការដ្ឋាន​នៃ​ស្ថាប័ន​ជា​ច្រើន​របស់​រដ្ឋ​ បាន​ធ្វើ​ប្រកាស​រួម​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង​-​រដ្ឋលេខាធិការដ្ឋាន​ទាំងនោះ​ក៏​ពិតមែន​ ប៉ុន្តែ​ដោយឡែក​ក្រសួងមហាផ្ទៃ​ដែល​មាន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ ជា​រដ្ឋមន្ត្រី​ មិន​ទាន់​បាន​ធ្វើ​ប្រកាស​រួម​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លើ​ការ​ផ្តល់​សេវា​សាធារណៈ​ ពាក់ព័ន្ធ​នឹង​លិខិតឆ្លងដែន​នៅឡើយ​ ពោល​គឺជា​ហេតុ​នាំ​ឲ្យ​មាន​បច្ច័យ​អាក្រក់​នៃ​ពេលវេលា​ និង​តម្លៃ​ក្នុង​ការ​ធ្វើ​លិខិតឆ្លងដែន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​រ៉ាំរ៉ៃ​អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ​ ។​

​ជា​ការ​ពិត​ណាស់​ នៅ​ពេល​មិន​ទាន់​មាន​ប្រកាស​រួម​រវាង​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ លើ​ការ​ផ្តល់​សេវា​សាធារណៈ​នៃ​លិខិតឆ្លងដែន​នោះ​ នាំ​ឲ្យ​តម្លៃ​ការ​ធ្វើ​លិខិតឆ្លងដែន​ឋិត​នៅ​លើ​បបូរមាត់​របស់​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​ការិយាល័យ​លិខិតឆ្លងដែន​ ហើយ​ក៏​អាច​ផ្តល់​ឱកាស​ឲ្យ​ក្រុម​មន្ត្រី​ទាំងនោះ​ងាយ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ គាបសង្កត់​លើ​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ធ្វើ​លិខិតឆ្លងដែន​ដែរ​ ។​

​ហាងឆេង​នៃ​ការ​ធ្វើ​លិខិតឆ្លងដែន​បច្ចុប្បន្ន​ ត្រូវ​បាន​ក្រុម​មន្ត្រី​កំណត់​ទៅ​តាម​រយៈពេល​យូរ​ ឬ​ឆាប់​ស្រេច​លើ​បបូរមាត់​របស់​ពួក​គេ​ ពោល​គឺ​បើ​ក្នុង​រយៈពេល​ពី​៣​ថ្ងៃ​ទៅ​៧​ថ្ងៃ​(​មួ​យស​ប្តា​ហ៍​)​ត្រូវ​បង់ថ្លៃ​ពី​៤០០​ដុល្លារ​អា​មេ​រិ​ក​ទៅ​៤៥០​ដុល្លារ​អា​មេ​រិ​ក​ ។​ រយៈពេល​ពី​១​ស​ប្តា​ហ៍​ទៅ​១០​ថ្ងៃ​ ត្រូវ​បង់ថ្លៃ​ពី​២៨០​ដុល្លារ​អា​មេ​រិ​ក​ទៅ​៣០០​ដុល្លារ​អា​មេ​រិ​ក​ និង​ក្នុង​រយៈពេល​១​ខែ​ ត្រូវ​បង់ថ្លៃ​ចំនួន​១៩០​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​ដែល​លេស​របស់​ក្រុម​មន្ត្រី​គឺ​ឯកសារ​ខុស​អ៊ីចេះ​ខុស​អ៊ីចុះ​ នាំ​ឲ្យ​អ្នក​ត្រូវការ​ធ្វើ​លិខិតឆ្លងដែន​មាន​អារម្មណ៍​ធុញទ្រាន់​ ត្រូវ​តែ​បង្ខំចិត្ត​ចំណាយ​ប្រាក់​បង់​តាម​ហាងឆេង​របស់​មន្ត្រី​កំណត់​ ។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើ​លិខិតឆ្លងដែន​ បាន​និយាយ​ប្រហាក់ប្រហែល​គ្នា​ថា​ តារាង​កំណត់​តម្លៃ​បណ្តោះអាសន្ន​របស់​ក្រសួងមហាផ្ទៃ​ ក្នុង​ការ​ធ្វើ​លិខិតឆ្លងដែន​គឺ​ចំនួន​១០៤​ដុល្លារ​អា​មេ​រិ​ក​(១០០​ដុល្លារ​អា​មេ​រិ​ក​កំណត់​ដោយ​ក្រសួងមហាផ្ទៃ​ និង​៤​ដុល្លារ​អា​មេ​រិ​ក​ទៀត​ជា​ថ្លៃ​ថតរូប​កំណត់​ដោយ​មន្ត្រី​ធ្វើ​លិខិតឆ្លងដែន​ផ្ទាល់​)​ ប៉ុន្តែ​ជាក់ស្តែង​ តម្លៃ​នៃ​ការ​ធ្វើ​លិខិតឆ្លងដែន​សម្រាប់​រយៈពេល​ធម្មតា​ក៏​ត្រូវ​ចំណាយ​យ៉ាងតិច​ពី​រង្វង់​១២៥​ដុល្លារ​អា​មេ​រិ​ក​ទៅ​១៣០​ដុល្លារ​អា​មេ​រិ​ក​ដែរ​ ដែល​សឹង​ក្លាយជា​អត្រា​កំណត់​ប្រពៃណី​ទៅ​ហើយ​ ។​

​ដោយសារ​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​ការ​ធ្វើ​លិខិតឆ្លងដែន​ បាន​កើត​មាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ទើប​មជ្ឈដ្ឋាន​ទូទៅ​បាន​ចោទ​ជា​សំណួរ​ថា​ តើ​តម្លៃ​នៃ​ការ​ធ្វើ​លិខិតឆ្លងដែន​ត្រូវ​បន្ត​កំណត់​ដោយ​បបូរមាត់​របស់​មន្ត្រី​ដល់​ពេល​ណា​ទៀត​ ?​ ឬ​ត្រូវ​ចែង​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​ប្រកាស​រួម​មួយ​ ?​ ឬ​ក៏​ត្រូវ​បន្ត​ឲ្យ​មាន​អំពើ​ពុក​រលួយ​ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រី​ពុក​រលួយ​មួយ​ចំនួន​ឲ្យ​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ប្រៀបប្រដូច​ទៅ​នឹង​អ្នកជំនួញ​លើ​លិខិតឆ្លងដែន​តរៀង​ទៅ​ ?

​សូម​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មេត្តា​ធ្វើការ​ពិចារណា​ និង​មាន​វិធានការ​ឈាន​ទៅ​កាត់​បន្ថយ​ និង​លុប​បំបាត់​អំពើ​ពុក​រលួយ​របស់​មន្ត្រី​គ្រាក់ៗ​ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​លិខិតឆ្លងដែន​ផង​ ដ្បិត​ក្រុម​មន្ត្រី​មាន​អំណាច​ទាំងនោះ​បាន​មានឱកាស​កើប​លុយ​ពុក​រលួយ​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​សឹង​គ្រប់ៗ​គ្នា​អស់ហើយ​ ៕​

On-Ponmonyrath13 Pasport

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.