ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ស្លាប់​ម្នាក់​និង​រង​របួសធ្ងន់​ដង្ហើមចង្រិត​ម្នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នៅ​លើ​ផ្លូវជាតិ​លេខ​៣

​យុវជន​អាយុ​១៩​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​ និង​យុវជន​អាយុ​១៩​ឆ្នាំ​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​គ្នា​ ទទួល​រង​របួស​ធ្ងន់ធ្ងរ​ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នា​វេលា​ម៉ោង​១៤​និង​២៥​នាទី​រសៀល​ ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ នៅ​ត្រង់​ចំណុច​ខាងត្បូង​វិទ្យាល័យ​ពងទឹក​ កំណាត់​ផ្លូវជាតិ​លេខ​៣​ ភូមិ​វត្ត​ស្លែង​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បង្ក​ដោយ​រថយន្ត​ដឹក​អ្នកដំណើរ​ចំណុះ​១២​កៅអី​មួយ​គ្រឿង​ និង​ទោចក្រយានយន្ត​មួយ​គ្រឿង​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​យុវជន​២​នាក់​ជិះ​ទោចក្រយានយន្ត​១​គ្រឿង​ ឌុ​ប​គ្នា​យ៉ាង​លឿន​ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​  ដោយ​បាន​បើក​ជែង​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ ស្រប​ពេល​មាន​រថយន្ត​ដឹក​អ្នកដំណើរ​(​តាក់ស៊ី​)​មួយ​គ្រឿង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ និង​ដល់​ចំណុច​កើតហេតុ​ក៏​បុក​គ្នា​ពេញទំហឹង​ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​រង​របួសធ្ងន់​ម្នាក់​ទៀត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ខណៈ​ដែល​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​បាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ​នៅ​ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ដោយ​អ្នកបើកបរ​ឈប់​រថយន្ត​បើកទ្វារ​រត់​តាម​វាលស្រែ​បម្រុង​គេចខ្លួន​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​មក​វិញ​ ។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ យុវជន​ជា​ជន​រង​គ្រោះ​ដែល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ឈ្មោះ​ ថន​ វី​រៈ​ អាយុ​១៩​ឆ្នាំ​ មុខរបរ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ ឃុំ​វាល​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ជា​អ្នកបើកបរ​ទោចក្រយានយន្ត​ម៉ាក​ Honda​ Dream​ C125​ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AU-2447​ និង​យុវជន​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​ជា​អ្នក​រួម​ដំណើរ​ជិះ​ពីក្រោយ​ឈ្មោះ​ ម៉ី​ ប៊ុ​ន​នាង​ អាយុ​១៩​ឆ្នាំ​ មុខរបរ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ដូច​គ្នា​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ ឃុំ​វាល​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។​ រីឯ​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ប្រភេទ​ទួ​រី​ស​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​ទឹកប្រាក់​ឆ្នូត​លឿង​ ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ​ 2A-0892​ បើកបរ​ដោយ​ឈ្មោះ​ នៅ​ ភឿ​ក​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្រាំង​ ឃុំ​ក្រាំង​អំពិល​ ស្រុក​កំពង់បាយ​ ខេត្តកំពត​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ ក្រោយ​ពេលធ្វើការ​វាស់វែង​រួចរាល់​ហើយ​ សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ និង​យុវជន​រង​របួស​ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ។​ ដោយឡែក​ អ្នកបើកបរ​រថយន្ត​បង្ក​ និង​រថយន្ត​ ព្រមទាំង​ទោ​ក្រ​យានយន្ត​ ត្រូវ​បាន​បញ្ជូន​យក​ទី​ធ្វើ​កំណត់ហេតុ​ និង​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។​

​សូម​បងប្អូន​អ្នកបើកបរ​យានយន្ត​ទាំងអស់​ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់​ និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​បញ្ជៀ​ស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ ពីព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ គឺជា​ឃាតក​លាក់​មុខ​ដ៏​សាហាវ​បំផុត​ ៕​

Kandal-Talem.1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.