ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ពលរដ្ឋ​ខ្មែរ​រក​ក្តាម​ខ្យង​នៅ​ខេត្តតាកែវ ​ខឹងសម្បា​នឹង​ក្រុមហ៊ុន​នាំ​ខ្យង​ក្តាម​ផ្តាច់មុខ​ទៅ​ស្រុក​យួន​

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អង្គរបុរី​ ខេត្តតាកែវ​ ដែល​ប្រកប​របរ​រក​ក្តាម​ខ្យង​លក់​ដើម្បី​ចិញ្ចឹមជីវិត​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ពួក​គាត់​លក់​ក្តាម​ខ្យង​ដែល​ខំ​រកបាន​តម្លៃ​៣.០០០​រៀល​ក្នុង​១​គីឡូក្រាម​ នៅ​លើ​ទីផ្សារសេរី​ ប៉ុន្តែ​ឥឡូវ​មាន​ក្រុមហ៊ុន​មួយ​រកស៊ី​ផ្តាច់មុខ​ខាង​នាំ​ក្តាម​ខ្យង​ទៅ​ស្រុក​យួន​នោះ​ ទិញ​ពី​ពួក​គាត់​តែ​ម្តង​ មាន​តម្លៃ​ត្រឹម​២.០០០​រៀល​ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ​ ពោល​គឺ​ក្រុមហ៊ុន​ទទួល​បាន​ផល​ចំណេញ​ចំនួន​១.០០០​រៀល​ក្នុង​១​គីឡូក្រាម​យ៉ាង​ស្រួល​ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មិន​សប្បាយចិត្ត​ និង​ខឹងសម្បា​យ៉ាង​ខ្លាំង​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរបុរី​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​នាំ​ក្តាម​ខ្យង​ផ្តាច់មុខ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ​ ឈ្មោះ​ នាង​ សុ​វ​ណ្ណា​រី​ ទទួល​បាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ជលផល​ នា​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៤​ ចុះហត្ថលេខា​ដោយ​លោក​ អ៊ឹ​ង​ ទ្រី​ អនុប្រធាន​រដ្ឋបាល​ជលផល​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ បាន​ឲ្យ​ដឹង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ កម្លាំង​នគរបាល​ស្រុក​អង្គរបុរី​បាន​បើក​ប្រតិបត្តិការ​ចាប់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ ដែល​បើកទូក​ចូល​មក​ដឹក​ក្តាម​ខ្យង​នៅ​ស្រុក​អង្គរបុរី​នាំ​យក​ទៅ​ប្រទេស​វៀតណាម​ ។​ បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច​មក​ឃើញ​ថា​ បុរស​ជនជាតិ​វៀតណាម​នោះ​មាន​កាន់​លិខិតអនុញ្ញាត​របស់​ក្រុមហ៊ុន​នា​ សុ​វ​ណ្ណា​រី​ និង​លិខិត​របស់​រដ្ឋបាល​ជលផល​កម្ពុជា​ទៅ​វិញ​ (Sic!)​ ។​ ដូច្នេះ​ សមត្ថកិច្ច​ត្រូវ​ដោះ​លែង​បុរស​ជនជាតិ​វៀតណាម​ទាំងនោះ​វិញ​ ។​

​ក្រុម​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា​ខេត្តព្រៃវែង​ ខេត្តតាកែវ​…​ការ​លក់ដូរ​ស្រូវ​គឺ​វៀតណាម​ រួម​ជាមួយ​ឈ្មួញកណ្តាល​ជា​ខ្មែរ​ខ្លះ​ជា​អ្នក​កំណត់​ថ្លៃ​ (​ទិញ​ក្នុង​តម្លៃ​ថោក​សឹង​ធ្វើ​ឲ្យ​កសិករ​ទប់ទល់​នឹង​ការ​ចំណាយ​មិន​រួច​)​ ឥឡូវ​ឈាន​មក​ដល់​សូ​ម្បី​ក្តាម​ខ្យង​ក៏​ត្រូវ​ទីផ្សារ​វៀតណាម​ រួម​ជាមួយ​ក្រុមហ៊ុន​នាង​ សុ​វ​ណ្ណា​រី​ ជា​អ្នក​កំណត់​ថ្លៃ​ដែរ​ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ស្រុក​ប្រឈម​នឹង​ការ​លំបាក​ ខណៈ​អាជ្ញាធរ​ហាក់​គ្មាន​វិធានការ​ទាល់តែ​សោះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.