ក្រោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន និងបញ្ជូនខ្លួនមកកាន់ស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញ ក្រោមទម្ងន់នៃបណ្តឹងរបស់ប្អូនប្រុសបង្កើត គឺលោកឧកញ៉ា ហួត វ៉ាន់ថន នាយកក្រុមហ៊ុន Socotel ជាក្រុមហ៊ុនទូរគមនាគមន៍នោះ នៅទីបំផុតលោកឧកញ៉ា ថៃ សេងឡុង មានឈ្មោះដើម ហួត សេងឡុង អាយុ៧៦ឆ្នាំ ថៅកែក្រុមហ៊ុនបារី Alain Delon និងជានាយកក្រុមហ៊ុន Data Management Center(DMC) ជាក្រុមហ៊ុនបម្រើសេវាបច្ចេកវិទ្យាទូរគមនាគមន៍ ត្រូវជាបងបង្កើតលោកឧកញ៉ា ហួត វ៉ាន់ថន ត្រូវបានស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ប្តឹងទៅចៅក្រមស៊ើបសួរពីបទរំលោភលើទំនុកចិត្ត និងពីបទលួចលក់អចលនវត្ថុរបស់អ្នកដទៃ និងក៏ត្រូវបានលោក ជា សុខហៀង ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នផងដែរកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ។
ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ លោកឧកញ៉ា ហួត វ៉ាន់ថន បានដាក់បណ្តឹងទៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយប្តឹងលោកឧកញ៉ា ថៃ សេងឡុង ឈ្មោះដើម ហួត សេងឡុង ពីបទលួចលក់ផ្ទះមួយកន្លែងមានវិញ្ញាបនបត្រសំគាល់អចលនវត្ថុលេខ១៣៣ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៨៩ ឋិតនៅរាជធានីភ្នំពេញ និងពីបទក្លែងលិខិតសាធារណៈតាមរយៈការលួចធ្វើវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មីចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ រួចហើយលក់ឲ្យទៅអ្នកដទៃ ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់លោកឧកញ៉ា ហួត វ៉ាន់ថន រួចមក សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានកោះហៅលោកឧកញ៉ា ថៃ សេងឡុង ឲ្យចូលខ្លួនមកបំភ្លឺ និងក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងបញ្ជូនខ្លួនទៅតុលាការចោទប្រកាន់តែម្តង ។
ពាក្យបណ្តឹងរបស់លោកឧកញ៉ា ហួត វ៉ាន់ថន បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩១ លោកឧកញ៉ាបានទិញផ្ទះមួយកន្លែងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសំគាល់អចលនវត្ថុលេខ១៣៣ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៨៩ ដោយឲ្យលោកឧកញ៉ា ថៃ សេងឡុង ជាបងបង្កើតជាអ្នកឈរឈ្មោះ ប៉ុន្តែប្លង់ផ្ទះគឺលោកឧកញ៉ា ហួត វ៉ាន់ថន ជាអ្នករក្សាទុក ។ ក្រោយមកទើបលោកឧកញ៉ា ហួត វ៉ាន់ថន ដឹងថា លោកឧកញ៉ា ថៃ សេងឡុង បានលួចធ្វើប្លង់ផ្ទះថ្មីចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ និងលួចលក់ផ្ទះនេះទៅឲ្យអ្នកដទៃបាត់ទៅហើយ ។
ដោយឡែក អ្នកស្រី ថៃ កូឡែត អាយុ៥៤ឆ្នាំ ជាកូនបង្កើតលោកឧកញ៉ា ថៃ សេងឡុង បានអះអាងថា ផ្ទះមានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ១៣៣ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៨៩នោះឪពុករបស់អ្នកស្រីជាអ្នកគ្រប់គ្រង ។ លុះមកដល់ឆ្នាំ២០១៣ ប្លង់ផ្ទះរបស់ឪពុកអ្នកស្រីបានបត់បង់នៅសល់តែប្លង់ថតចម្លង ទើបគាត់ក៏បានធ្វើប្លង់ទុតិយតាថ្មី រួចហើយក៏លក់ផ្ទះនេះឲ្យទៅឈ្មោះ ប៉ាក់ រ៉ា ស្រាប់តែឪពុកមា(លោកឧកញ៉ា ហួត វ៉ាន់ថន)របស់អ្នកស្រីចេញមុខប្តឹងផ្តល់តែម្តង ។
ព័ត៌មានក្រៅផ្លូវការបានបង្ហើបប្រាប់ឲ្យដឹងថា ដីនិងផ្ទះដែលលោកឧកញ៉ា ថៃ សេងឡុង បានលក់ឲ្យទៅឈ្មោះ ប៉ាក់ រ៉ា នោះមានតម្លៃរហូតដល់ទៅជាង១០លានដុល្លារអាមេរិក ។
យោងតាមកំណត់ហេតុប្រចាំថ្ងៃរបស់នាង ពិសិដ្ឋ ពិលិកា អតីតតារាសម្តែងដ៏ល្បីឈ្មោះកាលនាងនៅរស់ បានសរសេរទុកឲ្យដឹងថា លោកឧកញ៉ា ថៃ សេងឡុង មានការពាក់ព័ន្ធយ៉ាងជ្រៅក្នុងសំណុំរឿងទំនាក់ទំនងរវាងនាង ពិសិដ្ឋ ពិលិកា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ១៩៩៩កន្លងមក រហូតដល់លោកឧកញ៉ារូបនេះធ្លាប់ទទួលបញ្ជាពីបុរសខ្លាំងទិញរថយន្តឲ្យនាង ពិសិដ្ឋ ពិលិកា ទៀតផង ៕