ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

សិស្ស​ស្ទាវ​ថ្នាក់​ទី​១០​ពីរ​នាក់​ឆក់​កាបូប​ស្រី​ស្អាត​ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​៤​និង​ជា​អ្នក​បង្ហាញ​ម៉ូដ​ម្នាក់ត្រូវ​ប្រជាជន​ព័ទ្ធចាប់​បានប្រគល់​ឲ្យ​សមត្ថកិច្ច​

កាលពី​វេលា​ម៉ោង​១៤​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៤ ម្សិលមិញ​នេះ សិស្សសាលា​ស្ទាវៗ​រៀន​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន សែន វត្តភ្នំ បាននាំគ្នា​ធ្វើ​សកម្មភាព​ឆក់​កាបូប​និស្សិត​ស្រី​ឆ្នាំ​ទី​៤ និង​ជា​អ្នក​បង្ហាញ​ម៉ូដ​ម្នាក់ ខណៈ​មេឃ​កំពុង​ភ្លៀង ឋិត​នៅ​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​លេខ​៣៧០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បានសម្រេច​ហើយ​ប៉ុន្តែ​ជួប​រឿង​អកុសល ពេល​សិស្ស​ស្ទាវៗ​ទាំង​២​នាក់ បម្រុង​ជិះ​ទោចក្រយានយន្ត​បំណង​គេចខ្លួន​នោះ ក៏​ស្រាប់តែ ភ្លាត់ស្នៀត​រអិលដួល​ដោយ​ខ្លួនឯង​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​ព័ទ្ធ​ចាប់ខ្លួន​បានប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ស្ត្រី​ម្នាក់​ជិះ​ទោចក្រយានយន្ត​ម៉ាក​Icon ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1AB-9646 ធ្វើដំណើរ​តាមផ្លូវ​លេខ​៥១ ពី​ត្បូង​ទៅ​ជើង ។ លុះ​មកដល់​កែង​ផ្លូវ​៣៧០ ស្រាប់​តែមាន​យុវជន​២​នាក់​ជិះ​ទោចក្រយានយន្ត​១​គ្រឿង​ម៉ាក Suzuki Let´s ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC-8833 មក​អែប​នាង​រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រងគ្រោះ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​រងគ្រោះ​រួចហើយ ជនសង្ស័យ​ទាំង​២​នាក់​ក៏​ជិះ​ទោចក្រយានយន្ត​គេចខ្លួន ប៉ុន្តែ​ជា​អកុសល​ដោយសារ​មាន​ភ្លៀង​ផ្លូវ​រអិល​ធ្វើ​ឲ្យ​ទោចក្រយានយន្ត​ជនសង្ស័យ​ដួល និង​ភ្លាមៗ​នោះ ក្រុម​ប្រជាពលរដ្ឋ​ដែល​ឋិត​នៅ​ជិត​កន្លែងកើតហេតុ​ក៏​នាំគ្នា​ព័ទ្ធចាប់​ជនសង្ស័យ​បាន​ទាំង​២​នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បឹង​កេងកង​ទី​១ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា យុវជន​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​តាមផ្លូវ​សាធារណៈ​នោះ មានឈ្មោះ សុខ លី អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦  ផ្លូវ​លេខ​៧៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​ឈ្មោះ សុច សុភា អាយុ​១៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​យុវជន​ទាំង​២​នាក់ ជា​សិស្ស​សាលារៀន​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន សែន វត្តភ្នំ ។ រីឯ​នារី​រងគ្រោះ​មានឈ្មោះ ហង្ស ផា​រ៉ា​ឌី អាយុ​២២​ឆ្នាំ ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​៤ និង​មាន​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូដ​ផងដែរ ស្នាក់នៅ​ភូមិ​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹង​ដែរ​ថា កាបូប​របស់​ស្ត្រី​រងគ្រោះ ត្រូវបាន​ប្រគល់​ឲ្យ​នាង​ជា​ម្ចាស់​វិញ​ហើយ ក្នុងនោះ​មាន​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល និង​ទូរស័ព្ទដៃ ម៉ាក​iPhone5 មួយគ្រឿង​មិនមាន​ការបាត់បង់​អ្វី​ទេ ខណៈដែល​ជនសង្ស័យ​ទាំង​២​នាក់ ជា​សិស្សសាលា​និង​វត្ថុតាង​ប្រព្រឹត្តល្មើស​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​បញ្ជូន​ទៅ​អធិការដ្ឋាន នគរបាល​ខណ្ឌចំការមន កសាង​សំណុំរឿង​ឲ្យ​ស្ថាប័ន​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​និយាយ​ពេញៗ​មាត់​ថា ស្ថានភាព​សង្គម​បច្ចុប្បន្ន ក្នុង​ស្រទាប់​យុវជន​ជា​សិស្សសាលា​មួយចំនួន​មិន​ត្រឹម​ចេះ​សូកប៉ាន់​គ្រូបង្រៀន​ដើម្បី​បាន​ឡើង​ថ្នាក់​នោះទេ គឺ​ពួកគេ ចេះ​ធ្វើ​បងតូច​បងធំ ចេះ​សេព​គ្រឿងញៀន ចេះ​វាយតប់ និង​ចេះ​ធ្វើ​ចោរប្លន់​-​ឆក់​ថែមទៀត​…​។​ល​។ ដែល​ទាមទារ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​និង​ឪពុកម្តាយ អាណាព្យាបាល​សិស្ស​ចាប់អារម្មណ៍​គិតគូរ និង​មាន​វិធានការ​ក្នុង​រឿង​អសកម្ម​នេះ​ផង៕

368299795_n

562245325_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.