ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

សំឡេង​អនុម័ត​២​ភាគ​៣​និង​៥០%​បូក​១​ក្នុង​រដ្ឋសភា​ជា​ចំណុច​វិវាទ​ក្តៅ​លើ​ការ​ជ្រើសតាំង​សមាសភាព​ គ​.​ជ​.​ប​

​ថ្វី​ដ្បិត​គណបក្ស​នយោបាយ​ទាំង​២​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ តាម​ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ នា​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​(៦៨​អាសនៈ​)​ និង​គណបក្ស​សង្គ្រោះ​ជាតិ​(៥៥​អាសនៈ​)​ បាន​ឯកភាព​គ្នា​លើ​ការ​កែទម្រង់​ស្ថាប័ន​ គ​.​ជ​.​ប​ ដោយ​ដាក់​បញ្ចូល​ គ​.​ជ​.​ប​ ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ចំណុច​វិវាទ​ដ​ក្តៅ​គគុក​កើត​មាននៅ​ឡើយ​ ទាក់ទង​នឹង​សំឡេង​អនុម័ត​ក្នុង​រដ្ឋសភា​ ដើម្បី​ជ្រើសតាំង​សមាសភាព​ គ​.​ជ​.​ប​ និង​ភារកិច្ច​ មុខងារ​របស់​ គ​.​ជ​.​ប​ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់បាន​សំឡេង​អនុម័ត​តាម​រូបមន្ត​ មតិ​ភាគច្រើន​ដាច់ខាត​(៥០%​បូក​១)​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន​សំឡេង​អនុម័ត​តាម​រូបមន្ត​មតិ​ភាគច្រើន​២​ភាគ​៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ ។​

​ទាក់ទង​នឹង​សំឡេង​អនុម័ត​ចំនួន​២​ភាគ​៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​(​កូរ៉ុម​ប្រជុំ​រដ្ឋសភា​ត្រូវ​លើស​ពី​២​ភាគ​៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​)​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវការ​សម្រាប់​ជ្រើសតាំង​សមាសភាព​ និង​ភារកិច្ច​របស់​ គ​.​ជ​.​ប​ នោះ​ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា​ ដើម្បី​ឲ្យ​ស្ថាប័ន​ គ​.​ជ​.​ប​ មាន​ឯករាជ្យ​ភាព​ និង​អព្យាក្រឹតភាព​ អាច​ទទួលយក​បាន​ពី​គណបក្ស​នយោបាយ​នានា​ បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​តរៀង​ទៅ​ ពីព្រោះ​ គ​.​ជ​.​ប​ បាន​កើត​ចេញពី​មតិ​ភាគច្រើន​២​ភាគ​៣​ ឬ​ឯកច្ឆន្ទ​(​បើ​អាច​)​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ ។​

​ដោយឡែក​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​ ការណ៍​ដែល​តម្រូវ​ឲ្យ​មាន​សំឡេង​អនុម័ត​ភាគច្រើន​២​ភាគ​៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​លើ​ការ​ជ្រើសតាំង​សមាសភាព​ និង​ភារកិច្ច​របស់​ គ​.​ជ​.​ប​ តាម​ការ​ស្នើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ក្នុង​បំណង​បង្ហាញ​ពី​ការ​មិន​ទុកចិត្ត​គ្នា​ និង​អាច​ធ្វើ​ឲ្យ​ជាប់​គាំង​អនុម័ត​មិនកើត​ ដូច្នេះ​ ត្រូវការ​សំឡេង​អនុម័ត​ភាគច្រើន​ដាច់ខាត​(៥០%​បូក​១)​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ ទើប​ជា​ដំណោះស្រាយ​(Sic!)​ ។

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្នើ​ឲ្យ​មាន​សំឡេង​អនុម័ត​ភាគច្រើន​២​ភាគ​៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ លើ​ការ​ជ្រើសតាំង​សមាសភាព​ និង​ភារកិច្ច​របស់​ គ​.​ជ​.​ប​ ដើម្បី​ឲ្យ​ស្ថាប័ន​ គ​.​ជ​.​ប​ មាន​ឯករាជ្យ​ភាព​ និង​អព្យាក្រឹតភាព​អាច​ទទួលយក​បាន​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ ។​

​ក្រុម​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ទាមទារ​ឲ្យ​មាន​សំឡេង​អនុម័ត​ភាគច្រើន​ដាច់ខាត​(៥០%​បូក​១)​ក្នុង​សភា​លើ​ការ​ជ្រើសតាំង​សមាសភាព​ និង​ភារកិច្ច​របស់​ គ​.​ជ​.​ប​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ គឺជា​លេស​របស់​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​មួយ​នេះ​ ក្នុង​គោលបំណង​មិន​ចង់​ឲ្យ​ស្ថាប័ន​ គ​.​ជ​.​ប​ មាន​ឯករាជ្យ​ភាព​ និង​អព្យាក្រឹតភាព​ពិតប្រាកដ​ទេ​ ដ្បិត​គណបក្ស​ប្រជាជន​កម្ពុជា​សំអាង​លើ​គណបក្ស​ខ្លួន​មាន​អាសនៈ​ច្រើន​ជាង​ស្រាប់​ក្នុង​រដ្ឋសភា​ផង​ និង​ខ្លាច​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ផង​ ប្រសិនបើ​ស្ថាប័ន​ គ​.​ជ​.​ប​ ក្លា​ហ​ជា​ស្ថាប័ន​ឯករាជ្យ​ និង​អព្យាក្រឹត​ មិន​ឋិត​ក្រោម​ឥទ្ធិពល​អំណាច​របស់​គណបក្ស​ខ្លួនឯង​ដែល​ធ្លាប់​កើត​មាន​កន្លង​មក​ ៕​

Hun-Sen-Vote-22

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.