ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

​ឧត្តមសេនីយ៍​យោធាម្នាក់​ដែល​មានរឿង​អាស្រូវ​ក្នុង​ទំនាស់​ដីធ្លី​ និង​ស្និទ្ធ​ជាមួយ​កូនប្រុស​បុរស​ខ្លាំង​បាន​ឡើង​ឋានន្តរស័ក្តិ​ពាក់​ផ្កាយ​៣

​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ម្នាក់​ដែល​មាន​អាស្រូវ​ក្នុង​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង​ទំហំ​ជាង​១៧​ហិ​កតា​ រវាង​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​(​ការ​រៀបចំ​)​ និង​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ ឋិត​នៅ​ភូមិ​ក្រសាំង​រលើង​ សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ និង​ជា​មនុស្ស​ស្និទ្ធ​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ (​ផ្កាយ​៣)​ ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៥៣៨​ ចុះ​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៤​ ។​

​បុរស​នាយទាហាន​ដែល​មានរឿង​អាស្រូវ​ក្នុង​ករណី​ទំនាស់​ដីធ្លី​ និង​ជា​មនុស្ស​ស្និទ្ធ​ជាមួយ​កូនប្រុស​បុរស​ខ្លាំង​ ដែល​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​នោះ​មានឈ្មោះ​ យូ​ សិរី​វុ​ឌ្ឍ​ អត្តលេខ​០១៩៧០៣​ ធ្លាប់​កាន់កាប់​មុខ​តំណែង​ជា​ជំនួយការ​បុរស​ខ្លាំង​នា​អាណត្តិ​ទី​៤​ និង​ជា​នាយករង​ទីចាត់ការ​កល​យុទ្ធ​នៃ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ ។​

​លោក​ឧត្តមសេនីយ៍​យោធា​ យូ​ សិរី​វុ​ឌ្ឍ​ គឺជា​ជន​ដែល​មានការ​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ទៅ​នឹង​ដំណើរការ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​ប្រជាជន​ពាក់​ស្លាក​១១១​គ្រួសារ​ ប្រកបដោយ​ភាព​មិន​ប្រក្រតី​ តាម​គំនាប​នៃ​កិច្ចសន្យា​ប្រគល់​សិទ្ធិ​ដ៉​ស្រាយ​ដី​ទំនាស់​ និង​កិច្ចសន្យាលក់​-​ទិញ​ដី​ទំនាស់​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០០៦​ ធ្វើ​ឲ្យ​ក្រុម​ប្រជាជន​ចំនួន​៩​គ្រួសារ​ទទួល​រង​អំពើ​អយុត្តិធម៌​ និង​រង​ការ​ឈឺចាប់​មក​ទល់​បច្ចុប្បន្ន​ ខណៈ​ដែល​លោក​ឧត្តមសេនីយ៍​យោធា​រូប​នេះ​កើប​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹក​ តាម​រយៈ​ធ្វើ​ជា​ឈ្មួញកណ្តាល​យក​ដី​ពី​ប្រជាពលរដ្ឋ​(​ទទួល​បាន​ដីធ្លី​ទំនាស់​តាម​រយៈ​លិខិត​ស​.​ជ​.​ណ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​)​លក់​ឲ្យ​ទៅ​កូនប្រសា​ និង​ដន្លង​ឯកឧត្តម​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ គ្រប់គ្រង​អំណាច​ដោយ​បុរស​ខ្លាំង​ ។​

​គួរ​រំលឹក​ជូន​ថា​ បន្ទាប់​ពី​ដើរតួ​ធ្វើ​ជា​ឈ្មួញកណ្តាល​បាន​សម្រេច​ និង​វេច​ស្ពាយ​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​រឿង​ទំនាស់​ដីធ្លី​រវាង​ប្រជាជន​ពាក់​ស្លាក​១១១​គ្រួសារ​ និង​ប្រជាជន​ចំនួន​៩​គ្រួសារ​ ទំហំ​ជាង​១៧​ហិ​កតា​ ឋិត​នៅ​ខេត្តសៀមរាប​រួច​មក​ លោ​ឧត្តមសេនីយ៍​យោធា​ យូ​ សិរី​វុ​ឌ្ឍ​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៧/៦៥៧​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៧​ និង​បច្ចុប្បន្ន​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៥៣៨​ ចុះ​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៤​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.