ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ចៅក្រម​សាលាដំបូង​ម្នាក់​ស្រវឹង​ចងកំហឹង​ជាមួយ​ក្បាល​មេក្រូ​អុកឡុក​ក្នុង​ហាង​ខារ៉ាអូខេ​

​សេចក្តីរាយការណ៍​ពី​ខេត្តរតនគិរី​បាន​ឲ្យ​ដឹង​ថា​ កាលពី​រាត្រី​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលម្ង៉ៃ​នេះ​ សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ចៅក្រម​សាលាដំបូង​ខេត្តរតនគិរី​ម្នាក់​ ដោយសារ​ចៅក្រម​រូប​នោះ​បាន​ចូល​ទៅ​ហូប​ចុក​ និង​ច្រៀង​កម្សាន្ត​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​ឈ្មោះ​"​ Dance​ World​ KTV"​ ក្នុង​បន្ទប់​ឈ្មោះ​កោះកុង​ ឋិត​នៅ​ភូមិ​ជ័យ​ជំនះ​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ចាប់តាំងពី​រសៀល​រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​១៩​យប់​ ហើយ​ស្រវឹងស្រា​ជោកជាំ​ចងកំហឹង​ជាមួយ​ក្បាល​មេក្រូ​ អុកឡុក​មិន​ព្រម​ទូទាត់​ប្រាក់​ឲ្យ​ម្ចាស់​ហាង​ខារ៉ាអូខេ​ថែម​ទៀត​ ។​

​សមត្ថកិច្ច​នគរបាល​ដែល​ចុះ​ទៅ​អនុវត្តន៍​ឃាត់ខ្លួន​ក្រុម​អុកឡុក​ហាង​ខារ៉ាអូខេ​ Dance​ World​ បាន​ឲ្យ​ដឹង​ថា​ ចៅក្រម​សាលាដំបូង​ខេត្តរតនគិរី​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​យប់​នោះ​ មានឈ្មោះ​ អេ​ង​ ចំនាប់​ ស្នាក់​នៅ​ភូមិ​បុរី​កម្មករ​១​ សង្កាត់​កាចា​ញ​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ។​ មុន​ពេល​កើតហេតុ​ លោក​ចៅក្រម​រូប​នេះ​ជាមួយ​គូកន​ចំនួន​ពី​៣​នាក់​ទៅ​៤​នាក់​ទៀត​ជា​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ ដូច​ជា​ កងរាជអាវុធហត្ថ​ និង​នគរបាល​ជាតិ​ មិន​ស្គាល់ឈ្មោះ​ បាន​ចូល​ទៅ​ហូប​ចុក​និង​ច្រៀង​កម្សាន្ត​ក្នុង​ហាង​ខារ៉ាអូខេ​ Dance​ World​ តាំងពី​ម៉ោង​១៥​រសៀល​រហូត​ដល់​ពេល​កើតហេតុ​ អស់​ទឹកប្រាក់​ចំនួន​៨២១.០០០​រៀល​ ។​ ដល់​ពេល​ហូប​ចុក​ស្រវឹង​ លោក​ចៅក្រម​រូប​នេះ​ក៏​ចងកំហឹង​ជាមួយ​ក្បាល​មេក្រូ​(​បោក​ក្បាល​មេក្រូ​)​ផង​ បត់ជើងតូច​ក្រៅ​បង្គន់​អនាម័យ​ផង​ ព្រួស​ស្រា​បៀរ​ដាក់​មុខ​នារី​បម្រើ​ខារ៉ាអូខេ​ផង​ ដក​កាំភ្លើងខ្លី​បង្វិល​ចុះឡើង​អួត​ក្អេងក្អាង​ មើលងាយមើលថោក​ទៅ​លើ​បុគ្គលិក​នារី​បម្រើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ​ផង​ និង​មិន​ព្រម​ទូទាត់​លុយ​ឲ្យ​ម្ចាស់​ហាង​ខារ៉ាអូខេ​ផង​ ។​

​មន្ត្រី​នគរបាល​ខេត្តរតនគិរី​ម្នាក់​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ លោក​ចៅក្រម​ អេ​ង​ ចំនាប់​ ខណៈ​ពេល​ហូប​ចុក​ជាមួយ​មិត្តភក្តិ​ធ្វើការ​នៅ​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ ស្រុក​កូន​មុំ​ ស្រវឹងស្រា​ទាំង​កណ្តាលអធ្រាត្រ​ រួច​ហើយ​ក៏​នាំ​គ្នា​បើកបរ​ប្រណាំង​រថយន្ត​ទំនើប​របស់​ពួក​ខ្លួន​តាម​បណ្តោយ​ផ្លូវ​លេខ​៧៨​ បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ទៅ​បុក​របង​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ខេត្តរតនគិរី​ បាក់​អស់​ចំនួន​៤​ទៅ​៥​ផ្ទាំង​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​ទទួល​បានការ​បកស្រាយ​បំភ្លឺ​បញ្ជាក់​ណាមួយ​នៅឡើយ​ពី​លោក​ចៅក្រម​ អេ​ង​ ចំនាប់​ ទាក់ទង​នឹង​រឿងអាស្រូវ​អុកឡុក​ហាង​ខារ៉ាអូខេ​ Dance​ World​ នេះ​ ខណៈ​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ភាគី​លោក​ចៅក្រម​ និង​ភាគី​ម្ចាស់​ហាង​ខារ៉ាអូខេ​នឹង​ចរចា​សម្រុះសម្រួល​គ្នា​ ជៀសវាង​មានរឿង​រ៉ាវ​វែង​ឆ្ងាយ​ ។​

​ថ្វី​ដ្បិត​មិន​ទាន់​មានច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​យក​មក​ប្រើប្រាស់​ជា​ធរមាន​ក៏​ដោយ​ ក៏​ប្រការ​២៥​នៃ​ក្រមសីលធម៌​ចៅក្រម​ ចុះ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ បាន​ចែង​ថា​ "​ចៅក្រម​ក៏​គួរ​ជៀសវាង​ផង​ដែរ​នូវ​កន្លែង​កម្សាន្ត​ដែល​មិន​មាន​សេចក្តី​ថ្លៃថ្នូរ​គ្រប់គ្រាន់​"​ ។​ ឥឡូវ​ លោក​ចៅក្រម​ អេ​ង​ ចំនាប់​ បាន​បង្ក​ការ​អុកឡុក​ក្នុង​ហាង​ខារ៉ាអូខេ​ទាំង​យប់​ដូច្នេះ​ តើ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នឹង​មាន​វិធានការ​យ៉ាងណា​ទៅ​លើ​លោក​ចៅក្រម​រូប​នេះ​ ?

​លោក​ អេ​ង​ ចំនាប់​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៤​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ហើយ​ត្រូវ​បាន​ចាត់​ឲ្យ​បម្រើ​ការងារ​ជា​ចៅក្រម​កម្មសិក្សា​នៅ​សាលាដំបូង​ខេត្តរតនគិរី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១១/២៣៣​ ចុះ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១១​ និង​ក្រោយមក​ ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​ជា​ចៅក្រម​សាលាដំបូង​ខេត្តរតនគិរី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១២/៥៩១​ ចុះ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១២​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.