ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អំពើ​ពុក​រលួយ​ជួញដូរ​ឋានៈ​និង​ឋានន្តរស័ក្តិ​ដែល​ជា​វប្បធម៌​ពេញ​និយម​ធ្វើ​ឲ្យ​កក្រើក​ដល់​ខុទ្ទកាល័យ​បុរស​ខ្លាំង​

​អំពើ​ពុក​រលួយ​ បក្ខពួក​និយម​ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ឋានៈ​របស់​មន្ត្រីរាជការ​ស៊ី​វិល​ និង​ឋានន្តរស័ក្តិ​របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ បាន​កើត​មាន​ឡើង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយៗ​បាន​ក្លាយជា​វប្បធម៌​ដ៏​ពេញ​និយម​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ គ្រប់គ្រង​អំណាច​ផ្តាច់មុខ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ​ អំពើ​ពុក​រលួយ​នេះ​បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ខុទ្ទកាល័យ​របស់​បុរស​ខ្លាំង​តែ​ម្តង​ ដែល​មាន​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជានា​យក​ខុទ្ទកាល័យ​បុរស​ខ្លាំង​ ។​

​កាលពី​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ខុទ្ទកាល័យ​របស់​បុរស​ខ្លាំង​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ ជានា​យក​ខុទ្ទកាល័យ​ ដោយ​ប្រកាស​ថា​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​មាន​ជន​ទុច្ចរិត​ភូតភរ​ថា​ ខ្លួន​ធ្វើការ​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ឆបោក​តាម​ទូរស័ព្ទ​ទៅ​មន្ត្រីរាជការ​ខេត្ត​-​ក្រុង​ និង​កងកម្លាំងប្រដាប់អាវុធ​ផ្ទេរ​លុយកាក់​តាម​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ Wing​ ជា​ថ្នូរ​នឹង​ការ​ដំឡើង​ឋានន្តរស័ក្តិ​ ដំឡើង​ឋានៈ​ ឬ​រត់ការ​កិច្ចការ​ផ្សេងៗ​ទៀត​…​។​

​ដោយឡែក​ របាយការណ៍​លេខ​ពិសេស​ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​របស់​លោក​ឧត្តមសេនីយ៍ឯក​ ចៅ​ តុល​ មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ដឹង​ឮ​ដោយ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ុយ​ ពិសិដ្ឋ​ អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ នាយករង​ការ​ខុទ្ទកាល័យ​បុរស​ខ្លាំង​ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​បុរស​ខ្លាំង​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ ដែល​បាន​គោរព​រាយការណ៍​ជូន​បុរស​ខ្លាំង​ និង​ភរិយា​ឲ្យ​ដឹង​ថា​ លោក​ ឌឿ​ន​ សុវណ្ណ​ អតីត​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ និង​ជា​អតីត​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ធ្លាប់​បាន​ធ្វើ​ឯកសារ​សុំ​ហត្ថលេខា​ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ដំឡើង​ឋានន្តរស័ក្តិ​ផ្ទាល់ខ្លួន​ ដោយ​មិន​បាន​ឆ្លង​តាម​រយៈ​រាជរដ្ឋាភិបាល​នោះ​ទេ​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ លោក​ ឌឿ​ន​ សុវណ្ណ​ អតីត​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ធ្លាប់​ត្រូវ​បាន​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៨/៧០៩​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០០៨(​ដាក់​អត្តលេខ​០២១៩៦)​ និង​រយៈពេល​ប្រមាណ​២​ខែ​១៣​ថ្ងៃ​ក្រោយមក​ លោក​ ឌឿ​ន​ សុវណ្ណ​ ត្រូវ​បាន​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៨/៩៦៦​ ចុះ​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០០៨​ (​ដាក់​អត្តលេខ​០២១៦៩)​ ដែល​ក្នុង​ពិភពលោក​គ្មាន​រូបភាព​ត្រឹម​រយៈពេល​២​ខែ​បាន​ឡើង​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ពី​ផ្កាយ​១(​ឧត្តមសេនីយ៍ត្រី​)​ទៅ​ជា​ផ្កាយ​២(​ឧត្តមសេនីយ៍ទោ​)​បែប​នេះ​ទេ​ ។​ មាន​ន័យ​ថា​ ការ​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ជូន​លោក​ ឌឿ​ន​ សុវណ្ណ​ នេះ​មាន​ភាព​មិន​ប្រក្រតី​ បង្កប់​ដោយ​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម​នៅ​ក្នុង​នោះ​ ។​ បន្ត​មក​ទៀត​ លោក​ ឌឿ​ន​ សុវណ្ណ​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១១/៣៩៦​ ចុះ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១១​ ។​

​នៅ​មាន​ព័ស្តុតាង​ជា​ច្រើន​ទៀត​បាន​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា​ មន្ត្រីរាជការ​ក្នុង​មុខងារសាធារណៈ​មួយ​ចំនួន​ដែល​មាន​លុយកាក់​ និង​មាន​បក្ខពួក​ ត្រូវ​បាន​ដំឡើង​ឋានៈ​ផ្លោះ​រំលង​ពី​៣​ថ្នាក់​ទៅ​៤​ថ្នាក់​ មិន​តាម​លំដាប់លំដោយ​នោះ​ទេ​ គឺ​ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥​ទៅ​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ជាដើម​ ដោយ​រាជរដ្ឋាភិបាល​អះអាង​បញ្ជាក់​ថា​ ជា​ករណី​ពិសេស​(Sic!)​ ។​

​សរុបសេចក្តី​មក​ យោង​តាម​របាយការណ៍​លេខ​ពិសេស​ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ របស់​បញ្ជាការដ្ឋាន​អង្គរក្ស​ និង​សេចក្តីជូនដំណឹង​លេខ​៦០៤​ខ​.​ន​/០១៤​ ចុះ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៤​ របស់​ខុទ្ទកាល័យ​បុរស​ខ្លាំង​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម​ក្នុង​ការ​ជួញដូរ​ឋានៈ​ និង​ឋានន្តរស័ក្តិ​ដែល​ជា​វប្បធម៌​ដ៏​ពេញ​និយម​អស់​រយៈពេល​រាប់​ឆ្នាំ​នៅ​កម្ពុជា​នោះ​ គឺ​ពិតជា​បាន​កើត​មាន​ឡើង​មែន​ ហើយ​ធ្វើ​ឲ្យ​កក្រើក​រញ្ជួយ​ដល់​ខុទ្ទកាល័យ​របស់​បុរស​ខ្លាំង​ថែម​ទៀត​ ៕
 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.