ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ឧត្តមសេនីយ៍​យោធាវ័យក្មេង​ ហ៊ុន​ ម៉ា​ណែ​ត​ កំពុង​ប្រមាថ​ព្រះមហាក្សត្រ​ និង​ប្រមាថ​បុរស​ខ្លាំង​ជា​ឪពុក​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​(WWW.DTN7.COM)​ ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​មក​ហើយ​ដើម្បី​កែ​លម្អ​កំហុសឆ្គង​របស់​លោក​ឧត្តមសេនីយ៍​យោធា​ ហ៊ុន​ ម៉ា​ណែ​ត​ អត្តលេខ​០៣៣៨៨៣​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ព្រមទាំង​ត្រូវជា​កូនប្រុស​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ ទាក់ទង​នឹង​ការ​ប្រើប្រាស់​ឋានន្តរស័ក្តិ​នៅ​លើ​ឯកសណ្ឋាន​មិន​ត្រឹមត្រូវ​ស្រប​ទៅ​តាម​ឋានន្តរស័ក្តិ​ពិត​ដែល​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​ផ្តល់​ជូន​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​ត្រូវជា​ឪពុក​ ។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ អាយុ​៣៦​ឆ្នាំ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ ត្រូវជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ ត្រូវ​បាន​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ (​ផ្កាយ​៣)​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ និង​បាន​កាន់កាប់​មុខ​តំណែង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​ ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ ។​

​ចំណុច​គួរ​ឲ្យ​កត់សំគាល់​ជា​ពិសេស​នោះ​ គឺ​ថ្វី​ដ្បិត​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ក៏​ដោយ​ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​វ័យក្មេង​រូប​នេះ​តែង​ប្រើប្រាស់​ឯកសណ្ឋាន​ចូលរួម​ក្នុង​ពិធី​ផ្លូវការ​ផ្សេងៗ​ ដោយ​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ទៅ​វិញ​ ។​ តួយ៉ាង​ ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​មេបញ្ជាការ​ថ្នាក់​កងអនុសេនាធំ​កាំភ្លើង​ធំ​នៅ​ទីបញ្ជាការដ្ឋាន​កាំភ្លើង​ធំ​កងទ័ពជើងគោក​ នា​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ខណៈ​ដែល​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ធ្វើ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ គឺ​ស្លាក​ខាងក្រោយ​ត្រូវ​បាន​គេ​សរសេរ​អក្សរ​ធំៗ​ថា​ "​ក្រោម​អធិបតីភាព​ខ្ពង់ខ្ពស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​…"​ ប៉ុន្តែ​ចំពោះ​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​គណៈអធិបតី​ បែរជា​ពាក់​ឯកសណ្ឋាន​ប្រើប្រាស់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ហើយ​នាយទាហាន​ដែល​ពាក់​ផ្កាយ​៣​ជ្រែក​ស្មា​អង្គុយ​អមពី​ខាងក្រោយ​គណៈអធិបតី​ឡើង​ព្រោងព្រាត​  ។​

​ករណី​លោក​ឧត្តមសេនីយ៍​យោធា​វ័យក្មេង​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ បែរជា​ពាក់​ឯកសណ្ឋាន​ប្រើប្រាស់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ជា​រឿយៗ​បែប​នេះ​ មិនដឹង​ថា​ ជា​ចេតនា​ ឬ​អ​ចេតនា​របស់​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ?​ សាមីខ្លួន​មិន​យកចិត្តទុកដាក់​អំពី​ឋានន្តរស័ក្តិ​របស់​ខ្លួន​ ឬ​ក៏​គ្មាន​នរណា​ហ៊ាន​ហើបមាត់​ប្រាប់​ព្រោះ​ខ្លាច​អំណាច​ ?​ ឬ​ក៏​លោក​ឧត្តមសេនីយ៍​វ័យក្មេង​រូប​នេះ​ចង់​សម្ញែង​អំពី​អំណាច​របស់​ខ្លួន​ចំពោះ​មុខ​នាយទាហាន​ឯទៀតៗ​ គឺ​ខ្លួន​មាន​ឋានន្តរស័ក្តិ​ទាប​ជាង​ក៏​ដោយ​ ប៉ុន្តែ​ខ្លួន​មាន​អំណាច​ខ្លាំង​ជាង​យ៉ាង​លើសលប់​(​ផ្កាយ​៣​អម​ផ្កាយ​២)?

​ទោះ​យ៉ាងណា​ក៏​ដោយ​ នេះ​គឺជា​ព័ស្តុតាង​មួយ​ដែល​បង្ហាញ​ថា​ លោក​ឧត្តមសេនីយ៍​វ័យក្មេង​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​និង​កំពុង​តែ​ប្រមាថ​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ​ និង​ប្រមាថ​ទៅ​លើ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​ជា​ឪពុក​របស់​ខ្លួន​ហើយ​ ដ្បិត​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ត្រូវ​បាន​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​ផ្តល់​ជូន​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ហេតុ​អ្វី​ក៏​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ប្រើប្រាស់​ឯកសណ្ឋាន​ពាក់​ផ្កាយ​២(​ឧត្តមសេនីយ៍ទោ​)​ទៅ​វិញ​បែប​នេះ​ ។​

​គួរ​រំលឹក​ជូន​ថា​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ដែល​ទទួល​បានការ​សិក្សា​រៀនសូត្រ​នៅ​សាលា​យោធា​ West​ Point​ សហរដ្ឋអាមេរិក​(​បញ្ចប់​ការ​សិក្សា​នៅ​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​១៩៩៩)​ជា​នាយ​អាវុធហត្ថ​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​ (​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៦៩​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០០៩​ និង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១០/៩២១​ ចុះ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១០​ ។​ ក្រោយមក​ទៀត​ លោក​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​

​សូម​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ មេត្តា​ធ្វើការ​ពិចារណា​ឡើង​វិញ​ទាក់ទង​នឹង​ករណី​នេះ​ផង​ ជៀសវាង​ប្រព្រឹត្ត​អំពើ​ប្រមាថ​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ​ និង​នាយក​រដ្ឋមន្ត្រី​ ត្រូវជា​ឪពុក​ ព្រមទាំង​កិត្យានុភាព​នៃ​កង​យោធពលខេមរភូមិន្ទ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.