ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

រូបភាព​រើសអើង​នៃ​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​នៅ​ក្នុង​សម័យ​គ្រប់គ្រង​អំណាច​របស់​បុរស​ខ្លាំង​

​ក្រៅពី​មានការ​រើសអើង​ខាង​នយោបាយ​ សមាគម​ និង​សហជីព​…​នៅ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ គ្រប់គ្រង​អំណាច​ទាំងស្រុង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ សូ​ម្បី​តែ​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ដែល​ជា​វិជ្ជាជីវៈ​ឯករាជ្យ​ និង​សេរី​ ចូលរួម​បម្រើ​វិស័យ​យុត្តិធម៌​ ឋិត​ក្នុង​ក្របខ័ណ្ឌ​នៃ​គណៈមេធាវី​ ដែល​មិន​ឋិត​នៅ​ក្រោម​គណបក្ស​នយោបាយ​ណាមួយ​ ឬ​អង្គការ​សាសនា​ណាមួយ​ ឬ​អង្គការ​នានា​ផ្សេង​ទៀត​ដូច​មាន​ចែង​ក្នុង​មាត្រា​១​ និង​មាត្រា​១៣​ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ ក៏​មានការ​រើសអើង​ធ្ងន់ធ្ងរ​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ ។​

​អនុលោម​តាម​មាត្រា​១​ និង​មាត្រា​១៣​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ មិន​គួរ​ត្រូវ​ទទួល​រង​ការ​រើសអើង​ឡើយ​ ដ្បិត​វិជ្ជាជីវៈ​មេធាវី​ដែល​ប្រព្រឹត្ត​ទៅ​បាន​តែ​ក្នុង​ក្របខ័ណ្ឌ​គណៈមេធាវី​ជា​វិជ្ជាជីវៈ​ឯករាជ្យ​ និង​សេរី​ ចូលរួម​បម្រើ​វិស័យ​យុត្តិធម៌​ និង​គណៈមេធាវី​មិន​ឋិត​នៅ​ក្រោម​គណបក្ស​នយោបាយ​ណាមួយ​ ឬ​អង្គការ​សាសនា​ណាមួយ​ ឬ​អង្គការ​នានា​ផ្សេង​ទៀត​ ។​ ប៉ុន្តែ​ផ្ទុយ​ស្រឡះ​ទាំងស្រុង​ គឺ​គណៈមេធាវី​បាន​និង​កំពុង​លូកលាន់​ ជ្រៀតជ្រែក​ពី​មជ្ឈដ្ឋាន​គណបក្ស​នយោបាយ​ និង​អ្នកមាន​អំណាច​ ព្រមទាំង​មេធាវី​ខ្លួនឯង​ដែល​ជា​សមាជិក​នៃ​គណៈមេធាវី​ បូក​រួម​ទាំង​ក្រុមប្រឹក្សា​គណៈមេធាវី​(​ជា​អ្នកគ្រប់គ្រង​គណៈមេធាវី​)​ ក៏​ដូច​ជា​ប្រធាន​គណៈមេធាវី​(​ជា​អ្នកដឹកនាំ​គណៈមេធាវី​)​ បាន​ក្លាយជា​ស្ពាន​ចម្លង​ឥទ្ធិពល​នៃ​គណបក្ស​នយោបាយ​ និង​មន្ត្រី​អ្នកនយោបាយ​មាន​អំណាច​មក​ស្ថាប័ន​គណៈមេធាវី​ដោយ​ផ្ទាល់​ ធ្វើ​ឲ្យ​វិជ្ជាជីវៈ​មេធាវី​បាត់បង់​ឯករាជ្យ​ភាព​ និង​ពោរពេញ​ទៅ​ដោយ​ភាព​រើសអើង​ ។​

​តាម​រយៈ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិន​បាន​ត្រឹមត្រូវ​ និង​មិន​ម៉ឺងម៉ាត់​ ជា​ពិសេស​ត្រង់​មាត្រា​៣២,​ មាត្រា​៨៣​ និង​មាត្រា​៨៩​នោះ​ បាន​បើកផ្លូវ​ឲ្យ​ឥស្សរជន​នយោបាយ​យ៉ាងច្រើន​ រួម​ទាំង​មន្ត្រី​នៃ​ស្ថាប័ន​តុលាការ​ផង​ (​ចៅក្រម​ និង​ព្រះរាជអាជ្ញា​)​ អាច​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​បាន​ ដោយ​សម្អាង​លើ​សញ្ញាបត្រ​បណ្ឌិត​ច្បាប់​ ដែល​កើត​ចេញពី​គ្រឿង​ឥស្សរិយយស​ ឬ​មេដាយ​ស្ថាបនា​ជាតិ​ ឬ​បណ្ឌិត​កិត្តិយស​(​គ្មាន​ឆ្លងកាត់​សាលា​ច្បាស់លាស់​ ឬ​សញ្ញាបត្រ​បាន​មក​ដោយ​ការ​បង់ប្រាក់​ ឬ​ជួល​ឲ្យ​គេ​សរសេរ​និក្ខេបបទ​ជំនួស​ជា​ហូរហែ​)​ ។​

​មាន​ឥស្សរជន​នយោបាយ​ និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​ ទាំង​ស៊ី​វិល​ ទាំង​ប្រដាប់​អាវុធ​ ព្រមទាំង​ចៅក្រម​-​ព្រះរាជអាជ្ញា​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​តុលាការ​ជា​ច្រើន​នាក់​ ទទួល​បាន​ឱកាស​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​ ដោយ​អ្នក​ទាំងនោះ​ខ្លះ​ជា​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​ ខ្លះ​ជា​មេធាវី​សុំ​នៅ​ក្រៅបញ្ជី​គណៈមេធាវី​ ព្រោះ​មាន​វិសមិតភាព​នឹង​មុខងារសាធារណៈ​ រួម​មាន​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​មេធាវី​អត្តលេខ​៣៥០,​ ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជា​មេធាវី​អត្តលេខ​៣៤៩,​ ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​មេធាវី​អត្តលេខ​៣៤៨,​ ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ជា​មេធាវី​អត្តលេខ​៥២២,​ ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ជា​មេធាវី​អត្តលេខ​០៣៧,​ ឯកឧត្តម​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ជា​មេធាវី​អត្តលេខ​០៥៥,​ ឯកឧត្តម​ ព្រុំ​ សុខា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ មេធាវី​អត្តលេខ​៣៤៧,​ ឯកឧត្តម​ ច័ន្ទ​ តានី​ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​   ជា​មេធាវី​អត្តលេខ​១១៧,​ ឯកឧត្តម​ សុក​ ផេង​ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​មេធាវី​អត្តលេខ​០៩២,​ ឯកឧត្តម​ ហ៊ី​ សោភា​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ជា​មេធាវី​អត្តលេខ​៨៤៥,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សុខ​ ផល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ជា​មេធាវី​អត្តលេខ​៧០៥,​ ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ប្រធាន​តុលាការ​កំពូល​ ជា​មេធាវី​អត្តលេខ​១២០,​ ឯកឧត្តម​ ជីវ​ កេង​ អនុប្រធាន​តុលាការ​កំពូល​ ជា​មេធាវី​អត្តលេខ​៨៤៨,​ ឯកឧត្តម​ យូ​ ប៊ុ​ន​ឡេ​ង​ ប្រធាន​សាលាឧទ្ធរណ៍​ ជា​មេធាវី​អត្តលេខ​៨៤៦,​ ឯកឧត្តម​ អ៊ុ​ក​ សា​វុ​ធ​ អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ ជា​មេធាវី​អត្តលេខ​៨៤៧…​។​ល​។​

​លើស​ពី​នេះ​ ប្រធាន​គណៈមេធាវី​ ក្រុមប្រឹក្សា​គណៈមេធាវី​ និង​សមាជិក​គណៈមេធាវី​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ មេធាវី​រាជរដ្ឋាភិបាល​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​ពី​អនុរដ្ឋលេខាធិការ​ រដ្ឋលេខាធិការ​ ដល់​រដ្ឋមន្ត្រី​…​ពោល​គឺ​មាន​ងារ​ជា​ឯកឧត្តម​ ខុស​ប្លែក​សហ​ភាតា​មេធាវី​ដទៃ​ ក្នុង​ក្របខ័ណ្ឌ​គណៈមេធាវី​តែ​មួយ​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ ទាំង​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ ទាំង​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ផ្សេងៗ​ទៀត​ ក្រុម​ចៅក្រម​-​ព្រះរាជអាជ្ញា​ និង​ក្រុម​មន្ត្រី​ តែង​ផ្តល់​តម្លៃ​ និង​អាទិភាព​ដល់​មេធាវី​ដែល​ជា​បក្ខពួក​ សែស្រឡាយ​ សាច់ញាតិ​របស់​គេ​ ទើប​អាច​ប្រាស្រ័យ​ការងារ​ ជា​ពិសេស​ក្នុង​រឿង​ផលប្រយោជន៍​បាន​ល្អ​ប្រសើរ​ ។​ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើជា​មេធាវី​ដែល​មិន​ដង្ហែ​គាំទ្រ​ពួក​គេ​ទាំង​ងងឹតងងល់​នោះ​ ត្រូវ​ពួក​គេ​លាប​ពណ៌​ ដោយ​ចាត់​ទុក​ថា​ជា​មេធាវី​ប្រឆាំង​ ហើយ​ងាយ​នឹង​ទទួល​បាន​លទ្ធផល​ចាញ់ក្តី​ ក្នុង​ករណី​មេធាវី​នោះ​តំណាង​សិទ្ធិ​ និង​ការពារ​ក្នុង​រឿង​ក្តី​ឲ្យ​អតិថិជន​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​ បាន​បង្ហាញ​ថា​ មេធាវី​ដែល​អាច​ចាត់ទុកជា​មេធាវី​ប្រកប​វិជ្ជាជីវៈ​គោរព​តាម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ និង​ជា​មេធាវី​មាន​សមត្ថភាព​វែកញែក​រឿង​ក្តី​ ប្រកបដោយ​ឯករាជ្យ​ភាព​នោះ​ មិន​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​ និង​យកចិត្តទុកដាក់​ទេ​នៅ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ គ្រប់គ្រង​អំណាច​ដោយ​បុរស​ខ្លាំង​ គឺ​គេ​ត្រូវការ​មេធាវី​ជា​សែស្រឡាយ​សាច់ញាតិ​ និង​បក្ខពួក​ដង្ហែ​តាម​ពួក​គេ​ឥត​ងាករេ​ ទោះ​ខុសឆ្គង​កម្រិត​ណា​ក៏​ដោយ​ និង​ជា​ប្រភេទ​មេធាវី​ចេះ​រក​លុយ​ឲ្យ​ចៅក្រម​-​ព្រះរាជអាជ្ញា​ ក៏​ដូច​ជា​មន្ត្រី​ផ្សេងៗ​ទៀត​ ដោយ​មិន​ខ្វល់ខ្វាយ​អំពី​អំពើ​អយុត្តិធម៌​នៅ​ក្នុង​រឿង​ក្តី​ ដែល​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ក្នុង​រឿង​ក្តី​ ក្លាយជា​ជន​រង​គ្រោះ​នោះ​ឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ រូបភាព​រើសអើង​នៃ​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ដែល​ជា​វិជ្ជាជីវៈ​មួយ​បម្រើ​ក្នុង​វិស័យ​យុត្តិធម៌​ដ៏​សំខាន់​នោះ​ គឺ​អាច​ធ្វើ​ឲ្យ​មាន​អំពើ​អយុត្តិធម៌​សង្គម​យ៉ាងធ្ងន់ធ្ងរ​ ដែល​ពិបាក​ស្រោចស្រង់​ជាទី​បំផុត​ ដ្បិត​អំពើ​ពុក​រលួយ​របស់​មន្ត្រី​ ចៅក្រម​-​ព្រះរាជអាជ្ញា​ខិលខូច​មួយ​ចំនួន​អាច​ប្រព្រឹត្ត​ទៅ​តាម​រយៈ​ក្រុម​មេធាវី​ដង្ហែ​ជា​បក្ខពួក​ និង​សែស្រឡាយ​ សាច់ញាតិ​របស់​ពួក​គេ​ ។​ ដូច្នេះ​ គួរតែ​ក្រុមប្រឹក្សា​ និង​ប្រធាន​គណៈមេធាវី​ធ្វើការ​ពិចារណា​នៅ​ក្នុង​ករណី​រើសអើង​ចំពោះ​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​នេះ​ឲ្យ​បាន​ម៉ត់ចត់​បំផុត​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.