ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

អ្នក​ស្ទូច​មិន​ឈឹ​ មិនគ្រោះថ្នាក់ និង​មិន​ស្លាប់​ បែរជា​មាន​លាភ​វិញ​​ ដោយ​ត្រី​ចាប់ផ្តើម​ស៊ី​សន្ទូច​ ?

​ដំណឹង​ក្តៅ​គគុក​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុ​ជានា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ គឺ​ទាក់ទង​នឹង​សុខភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​អំណាច​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​អ្នកលេង​ Facebook​ មួយ​ចំនួន​ធ្វើ​សេចក្តីរាយការណ៍​ដូច​ជា​ជាក់ច្បាស់​ថា​ បុរស​ខ្លាំង​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហ​បុរី​ បន្ទាប់​ពី​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ រាជធានី​ភ្នំពេញ​ ហើយ​ក្រោយមក​បុរស​ខ្លាំង​ក៏​ដាច់​សរសៃឈាម​ខួរក្បាល​ និង​ស្លាប់​បាត់បង់​ជីវិត​ ។​ ប៉ុន្តែ​ព័ត៌មាន​ច​ចាម​អារាម​ពេញ​ Facebook​ ទាំងនេះ​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ ខណៈ​ដែល​បុរស​ខ្លាំង​ និង​ភរិយា​បាន​បង្ហាញ​វត្តមាន​ក្នុង​ឱកាស​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ និង​សំណេះសំណាល​ជាមួយ​យោធិន​ពិការ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​កោះ​ស្លា​ ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ ស្រុក​ឈូក​ ខេត្តកំពត​ នា​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៤​ព្រឹក​មិ​ញ​ ។​

​ព័ត៌មាន​ច​ចាម​អារាម​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដែល​ថា​ បុរស​ខ្លាំង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ រហូត​ដល់​ថ្នាក់​ដាច់​សរសៃឈាម​ខូ​រ​ក្បាល​នោះ​ កើតឡើង​ចំ​ពេល​ដែល​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​ជាប់​គាំង​អស់​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ​ ដោយ​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ចំនួន​៥៥​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ធ្វើ​សច្ចាប្រណិធាន​ចូលរួម​ប្រជុំ​សភា​ជាមួយ​អ្នកតំណាង​រាស្ត្រ​ចំនួន​៦៨​នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រមទាំង​គណបក្សប្រឆាំង​ចោទប្រកាន់​ថា​ ដំណើរការ​របស់​រដ្ឋសភា​នីតិកាល​ទី​៥​បច្ចុប្បន្ន​ គឺជា​សភា​ឯក​បក្ស​ និង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​សព្វថ្ងៃ​ ជា​រាជរដ្ឋាភិបាល​មិន​ស្របច្បាប់​ កើត​ចេញពី​សភា​មិន​គ្រប់ទឹក​…​។​ល​។​ រីឯ​ខាង​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និង​កំពុង​អន្ទង​ឲ្យ​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​នាក់​ចូលរួម​ប្រជុំ​សភា​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ ដែល​រូបភាព​អន្ទង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​នយោបាយ​កាន់​អំណាច​ឲ្យ​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្សប្រឆាំង​ចូល​ប្រជុំ​សភា​នោះ​ គឺ​ប្រៀបប្រដូច​ទៅ​នឹង​អ្នក​ស្ទូចត្រី​ប្រើប្រាស់​ផ្លែ​សន្ទូច​ នុយ​ និង​បន្លាយខ្សែ​សន្ទូច​ដើម្បី​ស្ទូច​យក​ត្រី​ ។​

​ទន្ទឹម​នឹង​ការ​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ ស្តែង​ឲ្យ​ឃើញ​ថា​មិន​ឈឺ​ និង​មិន​ស្លាប់​នោះ​ បុរស​ខ្លាំង​ថែម​ទាំង​មាន​កម្លាំង​ថាមពល​ធ្វើការ​ព្រមាន​ និង​គំរាមកំហែង​ទៅ​លើ​មេដឹកនាំ​គណបក្សប្រឆាំង​ទៀត​ផង​ ។​ លើស​ពី​នេះ​ បុរស​ខ្លាំង​បាន​ប្រកាស​ឯកភាព​យល់ព្រម​ដាក់​បញ្ចូល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​យល់ព្រម​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ស្ថានីយ៍ទូរទស្សន៍​ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ តាម​សំណើ​របស់​គណបក្សប្រឆាំង​ថែម​ទៀត​ ។​

​ក្រោយ​ការ​ប្រកាស​របស់​បុរស​ខ្លាំង​ទាក់ទង​នឹង​ការ​ឯកភាព​តាម​សំណើ​របស់​គណបក្សប្រឆាំង​លើ​ការ​បញ្ចូល​ គ​.​ជ​.​ប​ ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ឲ្យ​គណបក្សប្រឆាំង​មាន​ស្ថានីយ៍ទូរទស្សន៍​នោះ​ ប្រភព​ដែល​ស្និទ្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​នាក់​ របស់​គណបក្សប្រឆាំង​មួយ​នេះ​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រជុំ​រដ្ឋសភា​ ជាមួយ​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​នាក់​ ដើម្បី​អនុម័ត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដាក់​បញ្ចូល​នូវ​សមាសភាព​ ភារកិច្ច​ និង​តួនាទី​របស់​ គ​.​ជ​.​ប​ នៅ​ពេល​ខាង​មុខ​ មិន​ឲ្យ​ហួស​ពី​ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​យល់ព្រម​ទទួលយក​នូវ​សម្បទាន​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​ពី​បុរស​ខ្លាំង​លើ​ការ​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​បង្កើត​ស្ថានីយ៍ទូរទស្សន៍​ និង​ដាក់​បញ្ចូល​ គ​.​ជ​.​ប​ ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ទាំង​៥៥​នាក់​ចូលរួម​ប្រជុំ​សភា​ ក្រោម​ហេតុផល​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នោះ​ គឺ​មាន​ន័យ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ប្រៀប​ដូច​ជា​ត្រី​ចាប់ផ្តើម​ស៊ី​សន្ទូច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អូស​បន្លាយខ្សែ​សន្ទូច​អស់​រយៈពេល​ជិត​១​ឆ្នាំ​កន្លង​ទៅ​នេះ​ ដើម្បី​អន្ទង​ឲ្យ​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​មក​ធ្វើការ​ក្នុង​សភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​សរុបសេចក្តី​មក​ បុរស​ខ្លាំង​ដែល​ជា​អ្នក​ស្តូ​ច​ត្រី​មិន​ឈឺ​ និង​មិន​ស្លាប់​ ដូច​ពាក្យ​ច​ចាម​អារាម​កក្រើក​ពេញ​ Facebook​ បែរជា​មាន​លាភ​ទៅ​វិញ​ ដោយ​ត្រី​ចាប់ផ្តើម​ស៊ី​សន្ទូច​ហើយ​ ។​

 

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.