បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃផង និងធ្វើសំណើផង ទាក់ទងនឹងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមុខងារ ភារកិច្ច និងសមាសភាពរបស់ស្ថាប័ននេះមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជាថា គ្មានឯករាជ្យភាព និងព្យាក្រឹតភាពនោះរួចមក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាចដ៏មានឥទ្ធិពល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពយល់ព្រមតាមសំណើរបស់គណបក្សប្រឆាំងក្នុងការដាក់បញ្ចូល គ.ជ.ប ទៅក្នុងរដ្ឋធម្មនញ្ញ ហើយតម្រូវឲ្យអ្នកតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិចំនួន៥៥នាក់ចូលប្រជុំសភា ដើម្បីអនុម័តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។
ប្រភពព័ត៌មានដែលស្និទ្ធនឹងគណបក្សសង្គ្រោះជាតិ ដែលអាចជឿទុកចិត្តបាន ឲ្យដឹងថា ដើម្បីបញ្ចប់នយោបាយនៅកម្ពុជាមិនឲ្យលើសពីខែកក្កដា ឆ្នាំ២០១៤ខាងមុខនេះ អ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥នាក់របស់គណបក្សសង្គ្រោះជាតិ បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសច្ចាប្រណិធានចូលប្រជុំសភា ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដាក់បញ្ចូលស្ថាប័ន គ.ជ.ប ក្នុងច្បាប់កំពូលរបស់ប្រទេស ក្រោយបុរសខ្លាំង"បើកភ្លើងខៀវ"រួចមក ។
ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របច្ចុប្បន្ន បានចែងតម្រូវឲ្យការគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជាអង្គការឯករាជ្យ និងអព្យាក្រឹតក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ។ សមាជិកទាំងឡាយនៃ គ.ជ.ប និងសមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវមានជំហអព្យាក្រឹតឥតលម្អៀងក្នុងការអនុវត្តការងារបោះឆ្នោត ។ សមាសភាព គ.ជ.ប មានចំនួន៩នាក់ដែលអនុម័តដោយរដ្ឋសភា ។
ទោះបីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងតម្រូវឲ្យ គ.ជ.ប ជាអង្គការឯករាជ្យ និងអព្យាក្រឹតក៏ដោយ ក៏គណបក្សនយោបាយប្រឆាំងនៅកម្ពុជាធ្លាប់បានចាត់ទុកថា គ.ជ.ប មិនឯករាជ្យ និងលម្អៀងទៅរកគណបក្សនយោបាយកាន់អំណាច ទើបគណបក្សសង្គ្រោះជាតិមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ហើយទទូចទាមទារឲ្យមានការកែទម្រង់ស្ថាប័ន គ.ជ.ប និងទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញ ។
មជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បានលើកឡើងថា ការណ៍ដែលចង់ឲ្យ គ.ជ.ប មានឯករាជ្យភាព មានអព្យាក្រឹតភាព និងមានសមត្ថភាព គឺមិនពឹងផ្អែកលើការចែងអំពីតួនាទី ភារកិច្ច និងសមាសភាព គ.ជ.ប តែក្នុងរដ្ឋធម្មនុញ្ញ ឬក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប៉ុណ្ណោះទេ សំខាន់ត្រូវគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភាទាំង២(គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ)លៃលកកែច្នៃយ៉ាងណាឲ្យ គ.ជ.ប មានឯករាជ្យភាពទាំងស្ថាប័ន មានឯករាជ្យភាពទាំងមនុស្សបម្រើការងារក្នុងស្ថាប័ន ទើបជាការប្រសើរ ។
ក្រុមអ្នកច្បាប់ឯករាជ្យបានធ្វើការពន្យល់ថា មានស្ថាប័នមួយចំនួនចែងនៅក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យមានអំណាចឯករាជ្យ ដូចជាស្ថាប័នតុលាការជាដើម ប៉ុន្តែជាក់ស្តែង ស្ថាប័នតុលាការកម្ពុជាចាប់តាំងពីប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញមក មានរយៈពេលជាង២០ឆ្នាំហើយគ្មានឯករាជ្យភាពទេ ដ្បិតការតាក់តែងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានភាពមិនច្បាស់លាស់ មិនឆ្លងកាត់ការស្ទង់មតិល្អិតល្អន់ជាមុន និងច្បាប់ស្តីពីការបង្កើតស្ថាប័នក្រុមប្រឹក្សាការពារជាតិក៏ដូច្នោះដែរ…។ល។
សរុបសេចក្តីមក ទោះបីដាក់បញ្ចូល គ.ជ.ប ទៅក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ ក៏មិនអាចប្រាកដថា ស្ថាប័ន គ.ជ.ប នឹងមានឯករាជ្យភាព និងអព្យាក្រឹតភាពនោះដែរ លុះត្រាតែអ្នកនយោបាយទាំង២គណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភាមានឆន្ទៈអនុវត្តន៍ច្បាប់ឲ្យបានម៉ឺងម៉ាត់ តាក់តែងច្បាប់ឲ្យមាននិយាមត្រឹមត្រូវ និងកែច្នៃឲ្យ គ.ជ.ប មានឯករាជ្យភាពទាំងស្ថាប័ន មានឯករាជ្យភាពទាំងមនុស្សធ្វើការក្នុងស្ថាប័ន ៕