ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

សម្លាប់​មេចោរ​ប្លន់​ទើប​ចេញពី​គុក​បាន​ម្នាក់ ​និង​៦​នាក់​រត់​រួច​ក្នុង​ហេតុការណ៍​បាញ់​តដៃ​យ៉ាង​គឃ្លើន​ជាមួយ​សមត្ថកិច្ច​

​ប្រ​ព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា​ មេចោរ​ប្លន់​ជា​មុខសញ្ញា​ចាស់​ទើប​ចេញពី​គុក​ម្នាក់​ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​កណ្តាល​វាលស្រែ​ និង​៦​នាក់​ផ្សេង​ទៀត​រត់​រួច​ ក្នុង​ហេតុការណ៍​ក្រុម​ចោរ​បាញ់​តដៃ​យ៉ាង​គឃ្លើន​ជាមួយ​សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​ រាត្រី​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ក្រោយ​ក្រុម​ចោរ​ប្រដាប់​ដោយ​កាំភ្លើង​ AK​ ពី​២​ទៅ​៣​ដើម​ បាន​ធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ ឋិត​នៅ​ក្នុងភូមិ​អំពិល​ ឃុំ​បន្ទាយ​ចក្រី​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​រួច​មក​ ។​

​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ នា​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៤​ ពួក​ចោរប្លន់​មួយ​ក្រុម​មាន​គ្នា​៧​នាក់​ ប្រដាប់​ដោយ​កាំភ្លើង​ AK​ ពី​២​ទៅ​៣​ដើម​ បាន​ធ្វើ​សកម្មភាព​ប្លន់​នៅផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ឈ្មោះ​ ប៉ោ​ សុវណ្ណ​ ហៅ​មាន់​តក់​ ពេល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្រោមផ្ទះ​ជាមួយ​កូន​ ដោយ​ក្រុម​ចោរ​បាន​ចូល​ទៅ​ភ្ជង់​ម្ជា​ស់​ផ្ទះ​ជា​ជន​រង​គ្រោះ​ ហើយ​បាន​ដោះ​យក​ចិញ្ចៀន​ប្លា​ទី​ន​១​វង់​ ទម្ងន់​៣​ជី​ ទូរស័ព្ទ​ iPhone២​គ្រឿង​ កាត​ATM១​ និង​លុយ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​កាបូប​ និង​បន្ទាប់​មក​ ក្រុម​ចោរ​បាន​សម្លុត​ឲ្យ​ជន​រង​គ្រោះ​យក​សោ​ចាក់​ទូ​ប្រមូល​មាសប្រាក់​ប្រគល់​ខ្លួន​ ។​ ពេល​ដែល​ជន​រង​គ្រោះ​ដើរ​ទូ​ចាក់សោ​ទូ​ ខណៈនោះ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ក៏​បាន​រត់គេច​ខ្លួន​តាម​ទ្វារ​ខាងក្រោយ​ ហើយ​ក្រុម​ចោរ​បាន​បាញ់​សំដៅ​ទៅ​លើ​ម្ចាស់ផ្ទះ​ចំនួន​៣​គ្រាប់​ តែ​សំណាងល្អ​ម្ចាស់ផ្ទះ​ជា​ជន​រង​គ្រោះ​មិន​ត្រូវ​គ្រាប់កាំភ្លើង​ដែល​ក្រុម​ចោរ​បាញ់​នោះ​ទេ​ ។​ ក្នុង​ហេតុការណ៍​បែប​នេះ​ ក្រុម​ចោរ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ រួច​ហើយ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ និង​ក៏​ទៅ​រាយការណ៍​ដល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បន្ទាយ​ចក្រី​ភ្លាមៗ​ ។​

​បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ពី​នគរបាល​ប៉ុស្តិ៍​បន្ទាយ​ចក្រី​រួច​ហើយ​ សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង​ក៏​បាន​បញ្ជា​ឲ្យ​នគរបាល​អធិការដ្ឋាន​ស្រុក​ព្រះស្តេច​ដឹកនាំ​កម្លាំង​ចុះ​ត្រៀម​ឃ្លាំមើល​សកម្មភាព​របស់​ក្រុម​ចោរ​ នៅ​ចំណុច​ព្រំប្រទល់​ស្រុក​ព្រះស្តេច​ និង​ស្រុក​កំពង់ត្របែក​ ។​ ពេល​សមត្ថកិច្ច​កំពុង​ត្រៀម​ពួនស្ទាក់​ដំណើរ​របស់​ក្រុម​ចោរ​នោះ​ នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ សមត្ថកិច្ច​ក៏​បានឃើញ​ភ្លើង​ពិល​របស់​ក្រុម​ចោរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខ្សែត្រៀម​របស់​សមត្ថកិច្ច​ ក៏​សួរ​និង​ស្រែក​ឲ្យ​ក្រុម​ចោរ​នោះ​ឈប់​ ស្រាប់តែ​ក្រុម​ចោរ​បាន​បាញ់​សំដៅ​មក​លើ​សមត្ថកិច្ច​ជាំ​ច្រើន​គ្រាប់​ បង្ខំ​ឲ្យ​សមត្ថកិច្ច​បាញ់​តបត​វិញ​ បណ្តាល​ឲ្យ​មេចោរ​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​ដេក​ស្លាប់​នៅ​កណ្តាល​វាលស្រែ​ភ្លាមៗ​ រីឯ​បក្ខពួក​ក្រុម​ចោរ​ចំនួន​៦​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ ខណៈ​ក្រុម​ចោរ​ទាំង​៦​នាក់​នោះ​ក៏​មាន​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​របស់​សមត្ថកិច្ច​រង​របួស​ធ្ងន់ធ្ងរ​ផង​ដែរ​ ។​

​សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មេចោរ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ស្លាប់​នៅ​កណ្តាល​វាលស្រែ​នោះ​ មានឈ្មោះ​ ប្រាក់​ ហៀ​ប​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​ជាងដែក​ ឃុំ​ជាងដែក​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ហើយ​ជា​មុខសញ្ញា​ចាស់​ដែល​ទើប​ចេញពី​គុក​បាន​ប្រហែលជា​២​ខែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​មេចោរ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ប្លន់​នៅ​ខេត្ត​តា​យ​និ​ញ​ ប្រទេស​វៀតណាម​ និង​បាន​ជាប់​ពន្ធនាគារ​នៅ​ខេត្តស្វាយរៀង​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ​ ។​ ឥឡូវ​ សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​ក្រុម​ចោរ​ដ៏​សាហាវ​នេះ​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.