ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ចោរ​ចូល​គាស់​បង្អួច​ភូមិ​គ្រឹះ​ឯកឧត្តម​ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម​ម្នាក់​លួច​ទ្រព្យសម្បត្តិ​អស់​ជាង​២​ម៉ឺន​ដុល្លារ​ផ្គើន​នយោបាយ​”​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​”

​នា​វេលា​ម៉ោង​១៣​រសៀល​ ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ភូមិ​គ្រឹះ​លេខ​៣២៤​ របស់​ឯកឧត្តម​ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ម្នាក់​ ឋិត​នៅ​ផ្លូវ​លេខ​៩៩​ ភូមិ​បឹង​សាឡា​ង​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ក្រុម​ចោរ​ធ្វើ​សកម្មភាព​គាស់​ចម្រឹង​បង្អួច​ចូល​ទៅ​លួច​រើ​កកាយ​យក​អស់ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ និង​កាំភ្លើង​១​ដើម​ ព្រមទាំង​ឯកសារ​មួយ​ចំនួន​ទៀត​ ខណៈ​ដែល​ឯកឧត្តម​រូប​នោះ​មិន​នៅ​ភូមិ​គ្រឹះ​ធ្វើ​ដំណើរ​ទៅ​មើល​ភរិយា​សម្រាលកូន​នៅ​មន្ទីរសម្ភព​សោភា​ក្នុង​រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ឯកឧត្តម​ តាន់​ ស៊ិ​ន​តូ​ ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម​ និង​អតីត​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ជា​ម្ចាស់​ភូមិ​គ្រឹះ​ដែល​ត្រូវ​ក្រុម​ចោរ​គាស់​ចម្រឹង​បង្អួច​ចូល​លួច​ទ្រព្យសម្បត្តិ​នោះ​ រួម​ទាំង​បងប្អូន​ដែល​រស់នៅ​ជាមួយ​ បាន​ចាក់សោ​ភូមិ​គ្រឹះ​ធ្វើ​ដំណើរ​ទៅ​មន្ទីរសម្ភព​សោភា​តាំងពី​ព្រឹក​ព្រលឹម​ នៅ​សល់​តែ​ស្ត្រី​អ្នក​ដាំបាយ​ម្នាក់​ ។​ នៅ​ម៉ោង​១១​ព្រឹក​ អ្នក​ដាំបាយ​ក៏​បាន​ចាក់សោ​ភូមិ​គ្រឹះ​ចោល​ទៀត​ ដោយ​យក​បាយ​ សម្ល​ទៅ​មន្ទីរពេទ្យ​ ។​ លុះដល់​វេលា​ម៉ោង​ប្រមាណ​១៣​រសៀល​ ប្អូនស្រី​របស់​ឯកឧត្តម​ម្ចាស់​ភូមិ​គ្រឹះ​បាន​ត្រឡប់​មក​ភូមិ​គ្រឹះ​វិញ​ ស្រាប់តែ​ឃើញ​ភូមិ​គ្រឹះ​ត្រូវ​ចោរ​គាស់កកាយ​ពេញ​បន្ទប់​ និង​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​ឯកឧត្តម​ តាន់​ ស៊ិ​ន​តូ​ ឲ្យ​អញ្ជើញ​ត្រឡប់​មក​ភូមិ​គ្រឹះ​វិញ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​ប្តឹង​ទៅ​កាន់​សមត្ថកិច្ច​តែ​ម្តង​ ។​

​ព័ត៌មាន​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ទ្រព្យ​ស​មុ្ប​ត្តិ​ដែល​ចោរលួច​យក​ទៅ​អស់នោះ​ រួម​មាន​ ក្រវិល​ពេជ្រ​១​គូ​,​ ខ្សែ​ក​ប្លា​ទី​ន​មាន​បន្តោង​ដាំ​ពេជ្រ​១​ខ្សែ​,​ ចិញ្ចៀន​ដាំ​ពេជ្រ​១​វង់​,​ ខ្សែដៃ​ដាំ​ពេជ្រ​១​ខ្សែ​,​ កាបូប​១​មាន​ប្រាក់​ចំនួន​១.៥០០​ដុល្លារ​អា​មេ​រិ​ក​ សរុប​មាន​តម្លៃ​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ និង​កាំភ្លើងខ្លី​ម៉ា​កឡុក​១​ដើម​ មាន​គ្រាប់​ចំនួន​៦​គ្រាប់​ និង​សៀវភៅ​ធនាគារ​ចំនួន​១,​ ឯកសារ​ប្លង់​ដី​-​ផ្ទះ​ ព្រមទាំង​ឯកសារ​មួយ​ចំនួន​ទៀត​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ កាលពី​ចុងខែ​ឧសភា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ នៅ​សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ក្រុម​ចោរ​បាន​ចូល​លួច​គាស់​ផ្ទះ​មន្ត្រី​ព្រឹទ្ធសភា​ចំនួន​៦​លើក​ ដោយ​ចាប់ចោរ​មិន​ទាន់​បាន​ផង​ ស្រាប់តែ​ដើមខែ​មិថុនា​នេះ​ ក្រុម​ចោរ​បាន​បន្ត​ធ្វើ​សកម្មភាព​មក​ចូល​លួច​គាស់កកាយ​បន្ទប់​ភូមិ​គ្រឹះ​ឯកឧត្តម​ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម​ តាន់​ ស៊ិ​ន​តូ​ ទៀត​ ។​ ដោយឡែក​ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ឯណោះ​វិញ​ កាលពី​ខែមេសា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ចោរ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចំនួន​៤​លើក​ ក្នុង​នោះ​មាន​លំនៅ​ឋាន​របស់​នាយទាហាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ម្នាក់​ ជា​ប្រធាន​តុលាការយោធា​ផង​ ក៏​មិន​ទាន់​បង្ក្រាប​ចោរ​បាន​នៅឡើយ​ដែរ​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ បាន​បញ្ចេញមតិ​ថា​ សកម្មភាព​ចោរលួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​ជា​ញឹកញាប់​រហូត​ដល់​ភូមិ​គ្រឹះ​របស់​អ្នកធំ​ ហើយ​សមត្ថកិច្ច​ចាប់ចោរ​មិន​បាន​ផង​នោះ​ គឺជា​សញ្ញា​មួយ​ដែល​ផ្គើន​នឹង​នយោបាយ​"​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​"​របស់​រាជរដ្ឋាភិបាល​លែង​ឲ្យ​មាន​ប្រសិទ្ធភាព​ ដោយ​មិន​អាច​ផ្តល់​ភាព​កក់ក្តៅ​ខាង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ និង​ក៏​បាន​បង្ហាញ​ថា​ សមត្ថកិច្ច​មាន​តែ​បរិមាណ​ ប៉ុន្តែ​គុណភាព​ជាក់ស្តែង​គ្មាន​ទាល់តែ​សោះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.