ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ​បំបាក់មុខ​បុរស​ខ្លាំង​ឲ្យ​អាម៉ាស់ ​និង​ខ្មាស​សម្តី​

​មិនដឹង​ជា​មក​ពី​ទីប្រឹក្សា​ផ្ទាល់​ ឬ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ផ្តល់​យោបល់​ និង​រាយការណ៍​ភូតភរ​ ឬ​ក៏​អ្នកជំនាញ​របស់​ក្រុមហ៊ុន​រុករក​ និង​ធ្វើ​អាជីវកម្ម​ប្រេង​របស់​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​ឈ្មោះ​ Chevron​ ផ្តល់​ទិន្នន័យ​ខុសឆ្គង​ជូន​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងណា​នោះ​ទេ​ ទើប​កាលពី​ខែកក្កដា​ ឆ្នាំ​២០១១​កន្លង​ទៅ​ បុរស​ខ្លាំង​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា​ កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​ដំបូង​របស់​ខ្លួន​នៅ​វេលា​ម៉ោង​១២​យប់​នា​ថ្ងៃ​ទី​១២​ ខែធ្នូ​(១២)​ ឆ្នាំ​២០១២​ ខណៈ​ដែល​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ ព្រមទាំង​ត្រូវជា​ដន្លងដងស្នែង​ជាមួយ​បុរស​ខ្លាំង​ មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១១​ថា​ ក្រុម​អ្នក​ច្បាប់​ និង​មន្ត្រី​ជំនាញ​របស់​កម្ពុជា​កំពុង​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត​ និង​ឧស្ម័ន​ ។​

​ការ​ប្រកាស​ដោយ​ផ្ទាល់មាត់​ជា​សាធារណៈ​របស់​បុរស​ខ្លាំង​ ដែល​អ្នក​ដ​ដ្ហែ​គាំទ្រ​តែងតែ​និយាយ​ថា​ មាន​អនុសាសន៍​ពេជ្រ​អំពី​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នោះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​ ដោយ​សង្ឃឹមថា​ ការ​គ្រប់គ្រង​ និង​ការ​បែងចែក​ផល​ពី​ប្រេងកាត​បាន​ល្អ​ប្រសើរ​ នាំ​ឲ្យ​សេដ្ឋកិច្ចជាតិ​បាន​រីក​លូតលាស់​ ជៀស​ផុត​ពី​បណ្តាសា​នៃ​ប្រេងកាត​ចំពោះ​ប្រទេស​កម្ពុជា​ ។​

​ផ្ទុយ​ពី​ការ​ប្រកាស​របស់​បុរស​ខ្លាំង​ទាំងស្រុង​ គឺ​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​មាន​រយៈពេល​ជិត​២​ឆ្នាំ​ហើយ​ តំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​ ដោយ​មន្ត្រីជាន់ខ្ពស់​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​មួយ​ចំនួន​អះអាង​សា​ជា​ថ្មី​ថា​ ការ​បូម​ប្រេង​ និង​ឧស្ម័ន​ពី​បាតសមុទ្រ​កម្ពុជា​ នឹង​ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ​២០១៦​ខាង​មុខ​ទៅ​វិញ​ ខណៈ​ដែល​តំបន់​ប្រេង​បាតសមុទ្រ​ពី​ប្លុក​ A​ ដល់​ប្លុក​ F​ ជា​ពិសេស​ប្លុក​ A​ ត្រូវ​បាន​រុករក​ឃើញ​ដោយ​ក្រុមហ៊ុន​ Chevron​ រង់​ចាំតែ​ថ្ងៃ​បូម​យក​ប្រេង​ និង​ឧស្ម័ន​ប៉ុណ្ណោះ​ ។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ធ្លាប់​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​ទៅ​ឲ្យ​ដឹង​ថា​ កម្ពុជា​អាច​នឹង​ទទួល​បាន​ចំណូល​ជាង​១០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ ប្រសិនបើ​ការ​បូម​ប្រេងកាត​នៅ​ប្លុក​ A​ បាន​សម្រេច​ ។​ លើស​ពី​នេះ​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ក៏​ធ្លាប់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១១​ថា​ នៅ​តំបន់​ត្រួត​គ្នា​ក្នុង​ដែនសមុទ្រ​រវាង​កម្ពុជា​និង​ថៃ​ ត្រូវ​បាន​អ្នកឯកទេស​វាយតម្លៃ​ថា​ មាន​ធនធាន​ប្រេង​ច្រើន​ជាងគេ​ធៀប​នឹង​តំបន់​នានា​ក្នុង​ដែនសមុទ្រ​កម្ពុជា​ ។​

​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ បាន​ព្យាករណ៍​ទុក​ថា​ កម្ពុជា​នឹង​អាច​ទទួល​បាន​ពី​ចំណូល​ប្រេង​ប្រចាំឆ្នាំ​កើនឡើង​ដល់​១,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២១​ខាង​មុខ​ ។​

​លោក​ ឆាយ​ សា​រ៉េ​ត​ នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ បាន​ឲ្យ​ដឹង​ថា​ ធនធាន​ប្រេងកាត​នៅ​កម្ពុជា​អាច​ធ្វើ​អាជីវកម្ម​បាន​រយៈពេល​៣០​ឆ្នាំ​ ។​

​មជ្ឈដ្ឋាន​ជា​ច្រើន​ ជា​ពិសេស​ស្រទាប់​បញ្ញវន្ត​ បាន​ចោទ​ជា​សំណួរ​ថា​ តើ​មក​ពី​មូ​លេ​ហេតុ​អ្វី​ពិតប្រាកដ​ដែល​មិន​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ Chevron​ របស់​អា​មេ​រិ​ក​បូម​ប្រេងកាត​កម្ពុជា​ធ្វើ​អាជីវកម្ម​ទាញ​យក​ចំណូល​បាន​ ខណៈ​ដែល​ក្រុមហ៊ុន​រុករក​ឃើញ​កំណប់​ប្រេងកាត​នៅ​ក្នុង​បាតសមុទ្រ​កម្ពុជា​រួច​ហើយ​នោះ​ ?​ ម្យ៉ាងទៀត​ គេ​គួរតែ​ដឹង​ថា​ តើ​ប្លុក​ប្រេងកាត​ឋិត​នៅ​តំបន់​ដែនសមុទ្រ​ត្រួតស៊ីគ្នា​រវាង​កម្ពុជា​និង​ថៃ​ដែល​អ្នកឯកទេស​វាយតម្លៃ​ថា​មាន​បរិមាណ​ប្រេង​ច្រើន​ជាង​តំបន់​ផ្សេង​ទៀត​ក្នុង​សមុទ្រ​កម្ពុជា​នោះ​ ខាង​ភាគី​ប្រទេស​ថៃ​បាន​បូម​ប្រេង​ធ្វើ​អាជីវកម្ម​ហើយ​ឬ​នៅ​ ?​ ម្យ៉ាងទៀត​ តើ​មាន​មូលហេតុ​ដ៏​ស្មុគស្មាញ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​សម្តី​ប្រកាស​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្លាយជា​គ្មាន​តម្លៃ​ ពាក់ព័ន្ធ​នឹង​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ ?

​ក្រុម​អ្នក​តាមដាន​ឃ្លាំមើល​ដំណើរការ​រុករក​ប្រេងកាត​នៅ​កម្ពុជា​ បាន​ធ្វើការ​ទាញអារម្មណ៍​ទៅ​លើ​ការ​ពន្យារពេល​នៃ​ការ​បូម​ប្រេង​នៅ​ក្រោម​បាតសមុទ្រ​កម្ពុជា​ អាច​មានការ​សង្ស័យ​លើ​កត្តា​ពីរ​យ៉ាង​សំខាន់ៗ​ គឺ​ ៖

១-​ថ្វី​ដ្បិត​ក្រុមហ៊ុន​ Chevron​ របស់​សហរដ្ឋអាមេរិក​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​រុករក​ និង​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​កម្ពុជា​ក៏​ពិតមែន​ ប៉ុន្តែ​ជំហរ​របស់​ក្រុមហ៊ុន​នេះ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ចង់​ឃើញ​ប្រទេស​កម្ពុជា​ប្រើប្រាស់​ចំណូល​ពី​ធនធាន​ប្រេងកាត​ និង​ឧស្ម័ន​នោះ​មាន​តម្លាភាព​ និង​ចំ​គោលដៅ​(​មិន​ពុក​រលួយ​)​ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាក់ស្តែង​ ។​ ជំហរ​របស់​ក្រុមហ៊ុន​ Chevron​ ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​បច្ចុប្បន្ន​ស្ទាក់ស្ទើរ​មិន​អាច​ទទួលយក​បាន​ ទើប​ការ​បូម​ប្រេង​គាំងដំណើរ​ទល់​សព្វថ្ងៃ​ ហើយ​បុរស​ខ្លាំង​ក៏​អាម៉ាស់​បាក់មុខបាក់មាត់​យ៉ាង​ខ្លាំង​ក្នុង​ករណី​នេះ​ ។​

២-​អាច​មាន​អាថ៌​កំបាំង​ផ្សេង​ទៀត​រវាង​កម្ពុជា​និង​ប្រទេស​ក្បែរ​ខាង​ គឺ​ ថៃ​ និង​ វៀតណាម​ ។​ តាម​ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា​ សណ្ឋាន​តំបន់​អណ្តូង​ប្រេងកាត​ក្រោម​បាតសមុទ្រ​កម្ពុជា​មាន​រាង​ដូច​បាតខ្ទះ​ ដូច្នេះ​បើ​កម្ពុជា​ធ្វើការ​បូម​ប្រេង​នឹង​អាច​ធ្វើ​ឲ្យ​អណ្តូង​ប្រេងកាត​ប្រទេស​ក្បែរ​ខាង​ត្រូវ​ហូរ​ធ្លាក់​ចូល​មក​អណ្តូងប្រេង​កម្ពុជា​ ។​ ក្នុង​ហេតុផល​គួរ​ឲ្យ​សង្ស័យ​នេះ​ ប្រទេស​ក្បែរ​ខាង​អាច​ប្រើប្រាស់​គ្រប់​ល្បិច​កល​ និង​គ្រប់​មធ្យោបាយ​បន្ទច់បង្អាក់​ការ​បូម​ប្រេង​នៅ​កម្ពុជា​ ទុក​ឱកាស​ឲ្យ​ប្រទេស​ពួក​គេ​ធ្វើការ​បូម​ប្រេង​ធ្វើ​អាជីវកម្ម​មុន​កម្ពុជា​ ជៀសវាង​ការ​ខាតបង់​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ព័ស្តុតាង​បាន​បង្ហាញ​រួច​ហើយ​ថា​ តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​បាន​បំបាក់​មុខមាត់​បុរស​ខ្លាំង​ឲ្យ​អាម៉ាស់​ និង​ខ្មាស​សម្តី​ដែល​ល្បី​ថា​ "​ជា​មាស​ ជា​ពេជ្រ​"​នោះ​យ៉ាងធ្ងន់ធ្ងរ​ រហូត​ទល់​បច្ចុប្បន្ន​ ដ្បិត​តំណក់​ប្រេង​ដំបូង​របស់​បុរស​ខ្លាំង​នៅ​វេលា​ម៉ោង​១២​យប់​ ថ្ងៃ​ទី​១២​ ខែ​១២​ ឆ្នាំ​២០១២​ ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.