ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អា​មេ​រិ​ក​ចោទ​ថា ​ការ​ចំណាយ​លើ​វិស័យ​យោធា​របស់​ចិន​ច្រើន​ជាង​១៤៥​ពាន់​លាន​ដុល្លារ លើស​ពី​តួលេខ​ចិន​ប្រកាស​

​មន្ទីរ​ប៉ង​តា​ហ្គោ​ន​របស់​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ បាន​ចោទប្រកាន់​ថា​ការ​ចំណាយ​លើ​វិស័យ​យោធា​របស់​ចិន​មាន​ទំហំ​ច្រើន​ជាង​១៤៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៣​ ខណៈ​ដែល​ចិន​ជំរុញ​កម្មវិធី​ទំនើបភាវូបនីយកម្ម​សព្វាវុធ​ ដូច​ជា​ ការ​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក​,​ នាវាចម្បាំង​,​ យន្តហោះ​ប្រតិកម្ម​ និង​កាំជ្រួច​មី​ស៊ី​ល​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ ពោល​គឺជា​ទំហំ​ទឹកប្រាក់​ចំណាយ​មួយ​ដែល​លើស​ពី​តួលេខ​ផ្លូវការ​ដែល​ចិន​បាន​ប្រកាស​ ខណៈ​ដែល​ចិន​អនុវត្តន៍​គោលការណ៍​ខ្វះ​តម្លាភាព​ផ្នែក​គណនី​ និង​ការ​បិទ​បាំង​ទិន្នន័យ​ពិតប្រាកដ​ក្នុង​កំណើនសេដ្ឋកិច្ច​ ។​

​ការ​ប៉ាន់ស្មាន​របស់​មន្ទីរ​បង់​តា​ហ្គោ​ន​ដែល​បាន​រាយការណ៍​ជូន​សភា​ Congress​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​ចំណាយ​លើ​វិស័យ​យោធា​កាលពី​ឆ្នាំ​២០១៣​ ចិន​បាន​ប្រកាស​ថា​ មាន​ទំហំ​ទឹកប្រាក់​១១៩,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ខុស​ពី​ការ​ពិត​ គឺ​ជាក់ស្តែង​វា​មាន​ទំហំ​ច្រើន​ជាង​នេះ​រហូត​ដល់​ប្រមាណ​២១​ភាគរយ​ ។​

​សេចក្តីរាយការណ៍​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​បាន​ប្រើ​ភាសា​ធ្ងន់ៗ​ និង​ខ្លាំងៗ​ចោទប្រកាន់​ទៅ​លើ​ក្រុង​ប៉េ​កាំ​ង​ថា​ កំពុង​ធ្វើ​ឲ្យ​មាន​អ​ស្ថិរភាព​ក្នុង​តំបន់​ទាក់ទង​នឹង​ជម្លោះ​ទាមទារ​ទឹកដី​ ។​

​ដោយឡែក​ ក្រសួងការពារជាតិ​របស់​ចិន​បាន​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​ទៅ​នឹង​សេចក្តីរាយការណ៍​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ ដោយ​ចោទប្រកាន់​ថា​ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​រាយការណ៍​បំផ្លើស​ខុស​ពី​ការ​ពិត​ ។​

​សព្វថ្ងៃ​ប្រទេស​ចិន​កំពុង​រុំ​ព័ទ្ធ​ទៅ​ដោយ​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ និង​ខាងកើត​ រួម​មាន​ប្រទេស​វៀតណាម​ ហ្វី​លី​ពី​ន​ ម៉ា​ឡេ​ស៊ី​ ព្រុយ​ណេ​ តៃវ៉ាន់​ និង​ជប៉ុន​ ។​ ដោយសារ​មូលហេតុ​នេះ​ ទើប​ធ្វើ​ឲ្យ​ប្រទេស​ចិន​បង្កើន​ទំហំ​ទឹកប្រាក់​ចំណាយ​ទៅ​លើ​វិស័យ​យោធា​ជា​លំដាប់​ក្នុង​មួយ​ឆ្នាំៗ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.