ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

សំណុំរឿង​ក្តី​អតីត​ផ្កាយ​៣​ប៉ូលិស​ ឌឿ​ន​ សុវណ្ណ​ ដែល​ធ្វើ​ឲ្យ​បុរស​ខ្លាំង​”​ឆេះដុំ​”​បាត់​ស្ងាត់ឈឹង​នៅ​តុលាការ​

បន្ទាប់​ពី​រាជរដ្ឋាភិបាល​សម្រេច​ដកហូត​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ ព្រមទាំង​បញ្ចប់​មុខ​តំណែង​ពី​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​រួច​មក​ លោក​ ឌឿ​ន​ សុវណ្ណ​ អតីត​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០២១៦៩​ ដែល​ធ្វើ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រតិកម្ម​"​ឆេះដុំ​"​តាម​កញ្ចក់​ទូរទស្សន៍​ ព្រោះតែ​ហ៊ាន​បញ្ជា​ឲ្យ​យុវជន​ស្ម័គ្រចិត្ត​បុរស​ខ្លាំង​វាស់វែង​ដីធ្លី​ជូន​ប្រពន្ធ​របស់​ខ្លួន​នៅ​ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​នោះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កសាង​សំណុំរឿង​ប្តឹង​ទៅ​ស្ថាប័ន​តុលាការ​ថែម​ទៀត​ ។​

​សំណុំរឿង​ក្តី​របស់​លោក​ ឌឿ​ន​ សុវណ្ណ​ អតីត​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ឯក​ និង​ជា​អតីត​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ ឋានៈ​ស្មើ​រដ្ឋលេខាធិការ​នៅ​ស្ថាប័ន​តុលាការ​ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​សម្លុត​គំរាម​តាម​ប​ញ្ញ​តិ្ត​មាត្រា​៦០៧​ និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ​ តាម​បញ្ញត្តិ​មាត្រា​៦០៩​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួច​ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​ នៅ​ក្នុង​ដំណាក់កាល​ស៊ើបសួរ​ ជន​ត្រូវ​ចោទ​ឈ្មោះ​ ឌឿ​ន​ សុវណ្ណ​ មិន​ត្រូវ​បាន​លោក​ លី​ លី​ប​ម៉េ​ង​ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​អ្វី​ឡើយ​ គឺ​បាន​ត្រឹម​សម្រេច​ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ប៉ុណ្ណោះ​ ។​

​ទោះ​យ៉ាងណា​ក្តី​ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ សំណុំរឿង​ក្តី​ដ៏​រសើប​របស់​លោក​ ឌឿ​ន​ សុវណ្ណ​ ហាក់ដូចជា​កប់​បាត់​ស្ងាត់ឈឹង​នៅ​ស្ថាប័ន​តុលាការ​ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​បាន​បិទ​បញ្ចប់​សំណុំរឿង​ស៊ើបសួរ​រួច​ហើយ​បញ្ជូន​ទៅ​ជំនុំជម្រះ​តាម​ច្បាប់​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​ការ​ចោទប្រកាន់​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទៅ​លើ​លោក​ ឌឿ​ន​ សុវណ្ណ​ នោះ​ គឺ​ជនជាប់ចោទ​ឈ្មោះ​ ឌឿ​ន​ សុវណ្ណ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​ក្នុង​បទ​សម្លុត​គំរាម​ តាម​បញ្ញត្តិ​មាត្រា​៦០៧​ និង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​៦​លាន​រៀល​ ក្នុង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ​ តាម​បញ្ញត្តិ​មាត្រា​៦០៩​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ដំណើររឿង​របស់​លោក​ ឌឿ​ន​ សុវណ្ណ​ ដែល​ធ្វើ​ឲ្យ​បុរស​ខ្លាំង​ប្រតិកម្ម​"​ឆេះដុំ​"​ជា​សាធារណៈ​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ នា​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១២​កន្លង​មក​ គឺ​បន្ទាប់​ពី​លោក​ ឌឿ​ន​ សុវណ្ណ​ កាល​នៅ​មាន​អំណាច​បាន​ធ្វើ​លិខិត​ចុះ​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០១២​ស្នើ​សុំ​ទៅ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តពោធិ៍សាត់​ អភិបាលស្រុក​វាល​វែង​ និង​មេឃុំ​ថ្មដា​ ឲ្យ​ជួយ​សម្រួល​ដល់​ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​បុរស​ខ្លាំង​ និង​ក្រុម​អ្នកបច្ចេកទេស​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រពន្ធ​របស់​គាត់​ ដែល​អះអាង​ថា​ បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​នា​អំឡុង​ឆ្នាំ​២០០៨​ ។​ ខ្លឹមសារ​លិខិត​របស់​លោក​ ឌឿ​ន​ សុវណ្ណ​ បាន​បញ្ជាក់​ថា​ "​ប្រសិនបើ​ដីធ្លី​នោះ​មិន​ព្រម​ដោះស្រាយ​ ឬ​វាស់វែង​ឲ្យ​ភរិយា​របស់​លោក​ទេ​ មាន​តែ​ប្តឹង​ទៅ​តុលាការ​ ដើម្បី​ទាមទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​នោះ​មក​វិញ​ ដែល​ក្នុង​នោះ​ក៏​មាន​ប្រធាន​វរ​យោធា​ព្រំដែន​ប្រចាំ​ឃុំ​ថ្មដា​ ប្រធាន​វរ​នគរបាល​ជាតិ​ប្រចាំការ​នៅ​ឃុំ​ថ្មដា​ មានការ​ពាក់ព័ន្ធ​ និង​ទទួលខុសត្រូវ​ចំពោះ​រឿង​វិវាទ​លក់​ដីធ្លី​នេះ​ដែរ​ ។​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មានការ​ប្តឹងផ្តល់​ទៅ​តុលាការ​រវាង​ភរិយា​របស់​លោក​ និង​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ សូម​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​និង​ដោះស្រាយ​"​ ។​

​អំពើ​របស់​លោក​ ឌឿ​ន​ សុវណ្ណ​ កាល​នៅ​មាន​អំណាច​នោះ​ត្រូវ​បាន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​បញ្ចេញ​ប្រតិកម្ម​"​ឆេះដុំ​"​ថា​ ជំហាន​ដំបូង​រាជរដ្ឋាភិបាល​នឹង​ចាត់វិធានការ​រដ្ឋបាល​ដកហូត​តំណែង​ និង​ដក​បុណ្យស័ក្តិ​ទាំងអស់​ រួច​ហើយ​ប្រគល់​ឲ្យ​ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដំណើរការ​រឿង​ក្តី​ទៅ​តុលាការ​ ។​ ប្រ​សិន​សាមីខ្លួន​ហ៊ាន​ច្រឡោងខាម​នឹង​ជាប់​ខ្នោះដៃ​ភ្លាម​ ។​ លើស​ពី​នេះ​ បុរស​ខ្លាំង​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​លោក​ ឌឿ​ន​ សុវណ្ណ​ បើ​ហ៊ាន​រត់​ត្រូវ​ចាប់ខ្លួន​ភ្លាម​ ពីព្រោះ​រឿងរ៉ាវ​កំពុង​ឋិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​អាជ្ញាធរ​នៅឡើយ​ ។​

​ដោយឡែក​ របាយការណ៍​លេខ​ពិសេស​ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ចៅ​ តុល​ មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ ដឹង​ឮ​ដោយ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ុយ​ ពិសិដ្ឋ​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ ដែល​គោរព​រាយការណ៍​ជូន​បុរស​ខ្លាំង​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ភរិយា​របស់​បុរស​ខ្លាំង​ អំពី​ករណី​វិវាទ​រវាង​លោក​ឧត្តមសេនីយ៍ទោ​យោធា​ ជា​ តារា​ នាយ​រង​សេនាធិការ​បញ្ជាការដ្ឋាន​អង្គរក្ស​ប្រចាំការ​ដឹកនាំ​បញ្ជា​អាវុធ​គាំទ្រ​នៅ​ទិស​ជួរ​មុខ​សមរភូមិ​ប្រាសាទព្រះវិហារ​ និង​លោក​ ឌឿ​ន​ សុវណ្ណ​ នោះ​ បាន​អះអាង​ថា​ "​លោក​ ឌឿ​ន​ សុវណ្ណ​ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដក​បុណ្យស័ក្តិ​ និង​បណ្តេញ​ចេញពី​កងកម្លាំង​នគរបាល​ជាតិ​ នៅ​តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់ថ្នាក់​ ព្រោះ​ជា​មនុស្ស​ដែល​មានការ​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង​ជាមួយ​ឯកឧត្តម​ ជីវ​ កេង​ ដូច្នេះ​ហើយ​ទើប​រឿង​អ្វីៗ​ដែល​លោក​ ឌឿ​ន​ សុវណ្ណ​ បាន​ប្តឹង​ពុំដែល​បរាជ័យ​ទេ​"​ ។​

​យោង​តាម​ការ​អះអាង​របស់​មេទាហាន​បុរស​ខ្លាំង​ដែល​បាន​គោរព​រាយការណ៍​ជូន​បុរស​ខ្លាំង​ និង​ភរិយា​បុរស​ខ្លាំង​ ដោយសារ​លោក​ ឌឿ​ន​ សុវណ្ណ​ ជា​មនុស្ស​ស្និទ្ធស្នាល​នឹង​ឯកឧត្តម​ ជីវ​ កេង​ អតីត​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ (​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល​)​ មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​ ដូច្នេះ​សំណុំរឿង​ក្តី​អតីត​ផ្កាយ​៣​ប៉ូលិស​ ឌឿ​ន​ សុវណ្ណ​ មានឈ្មោះ​ជា​ជនជាប់ចោទ​ដែល​កប់​បាត់​ស្ងាត់ឈឹង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ គឺ​ទំនងជា​អាច​មានការ​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ជាមួយ​ឯកឧត្តម​ ជីវ​ កេង​ ជា​ចៅក្រម​មាន​ឥទ្ធិពល​មហិមា​នៅ​ក្នុង​ស្ថាប័ន​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​គួរ​រំលឹក​ជូន​ថា​ លោក​ ឌឿ​ន​ សុវណ្ណ​ អតីត​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០២១៦៩​ ធ្លាប់​ទទួល​បាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ នៅ​ខែមិថុនា​ ឆ្នាំ​២០០៨,​ ទទួល​បាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​នៅ​ខែសីហា​ ឆ្នាំ​២០០៨(​ប្រមាណ​២​ខែ​ក្រោយ​)​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​នៅ​ខែធ្នូ​ ឆ្នាំ​២០០៨​ និង​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​នៅ​ខែឧសភា​ ឆ្នាំ​២០១១​ ។​ ទីបំផុត​ព្រោះតែ​ឈ្លក់​នឹង​អំណាច​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌឿ​ន​ សុវណ្ណ​ ត្រូវ​បាន​ដកហូត​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ ព្រមទាំង​បញ្ឈប់​មុខ​តំណែង​ពី​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ ក្លាយជា​ជន​សាមញ្ញ​វិញ​នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១២​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​រឿង​ក្តី​ពាក់ព័ន្ធ​នឹង​អតីត​ផ្កាយ​៣​ប៉ូលិស​ ឌឿ​ន​ សុវណ្ណ​ សំណូមពរ​ចំពោះ​បុរស​ខ្លាំង​ និង​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ មេត្តា​ចាប់អារម្មណ៍​ និង​មាន​វិធានការ​ទៅ​លើ​សំណុំរឿង​ក្តី​នេះ​ដែល​កប់​បាត់​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​នៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អតីត​គ្រប់គ្រង​អំណាច​ដោយ​ឯកឧត្តម​ ជីវ​ កេង​ ជា​ប្រធាន​ជិត​១០​ឆ្នាំ​នោះ​ផង​ ដើម្បី​បង្ហាញ​អំពី​ភាព​ប្រាកដប្រជា​របស់​បុរស​ខ្លាំង​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ ប្រសើរ​ជាង​និយាយ​ចោល​ឥតប្រយោជន៍​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.