ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

លិខិត​ចុង​ក្រោយ​របស់​ក្មេង​ស្រី​ម្នាក់​មុន​នឹង​ស្លាប់​បន្សល់​ទុក​នូវ​ក្តី​សង្វេគ​ញាប់​ញ័រ​ពន់ពេក​

​លិខិត​ចុង​ក្រោយ​មួយ​ច្បាប់​របស់​កុមារី​ខ្មែរ​ម្នាក់​ ដែល​បន្សល់​ទុក​មុន​ពេល​នាង​ទទួលមរណភាព​ដោយ​ជំងឺមហារីក​ឆ្អឹង​ បាន​អង្រួន​អារម្មណ៍​ប្រិ​យ​មិត្ត​អ្នកលេង​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ ឲ្យ​មាន​ក្តី​សង្វេគ​ញាប់​ញ័រ​ពន់ពេក​ណាស់​ ជាមួយនឹង​ការ​សោកស្តាយ​រក​ទីបំផុត​គ្មាន​ ។​

​លិខិត​របស់​នាង​សរសេរ​នៅ​ថ្ងៃ​ពុធ​ ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៤​ ក្នុង​ឃ្លា​ដំបូង​បាន​សរសេរ​រៀបរាប់​ថា​ "​ពេល​នេះ​ខ្ញុំ​កំពុង​មាន​ជំងឺ​ ខ្ញុំ​ពិតជា​ចង់ទៅ​រៀន​ ចង់​ឃើញ​មិត្តភក្តិ​ ចង់​ឃើញ​ប៉ា​ម៉ាក់​មាន​ស្នាមញញឹម​ ។​ មិន​ចង់​ឃើញ​ប៉ា​ម៉ាក់​មានទុក្ខ​លំបាក​ ខ្ញុំ​តែងតែ​ព្យាយាម​មិន​សម្រក់​ទឹកភ្នែក​ ព្រោះ​ការ​យក​ទឹកភ្នែក​មក​ដោះស្រាយ​បញ្ហា​ក៏​មិនមែន​ជា​រឿង​ល្អ​ដែរ​ ។​ ខ្ញុំ​ស្រឡាញ់​ប៉ា​ម៉ាក់​ ព្រោះ​គាត់​សន្យា​ថា​មើលជំងឺ​ខ្ញុំ​ឲ្យ​ជា​ គាត់​ជា​ម្លប់​ត្រជាក់​របស់ខ្ញុំ​ ខ្ញុំ​សប្បាយចិត្ត​ណាស់​នៅ​ពេល​ឃើញលោក​គ្រូ​ និង​មិត្តភក្តិ​របស់ខ្ញុំ​មក​ជួយ​លើកទឹកចិត្ត​បែប​នេះ​"​ ។​

​នាង​បាន​សរសេរ​រៀបរាប់​នៅ​ក្នុង​លិខិត​ចុង​ក្រោយ​របស់​នាង​ទៀត​ថា​ "​នៅ​ពេល​ខ្ញុំ​ឈឺ​ខ្លាំង​ម្តងៗ​ ខ្ញុំ​តែងតែ​និយាយ​ផ្តេសផ្តាស​ថា​ ត្រូវ​តែ​កាត់​ជើង​ខ្ញុំ​ចេញ​ទៅ​ ព្រោះ​វា​ឈឺ​ខ្លាំង​ពេក​ ។​ ប៉ុន្តែ​ម៉ាក់​តែង​ប្រាប់​កូន​ថា​ កូន​ជា​ កូន​ល្អ​ បន្តិចទៀត​កូន​ជា​ កូន​នឹង​បាន​ទៅ​រៀន​ ចង់​ធ្វើ​អ្វី​ក៏​បាន​ ។​ អរគុណ​ទឹកចិត្ត​អ្នក​ទាំងអស់​គ្នា​"​ ។​

​កុមារី​ដែល​បាន​លាចាក​លោក​ដ៏​គួរ​ឲ្យ​សោកស្តាយ​នេះ​ ត្រូវ​គេ​ដឹង​ថា​ មានឈ្មោះ​ វិច្ឆិកា​ រៀនសូត្រ​នៅ​សាលា​បឋម​សិក្សា​វត្ត​បូព៌​ ក្នុង​ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ប៉ុន្តែ​គេ​មិន​បានដឹង​ថា​ នាង​រៀន​ថ្នាក់​ទី​ប៉ុន្មាន​ និង​មាន​អាយុ​ប៉ុន្មាន​ពិតប្រាកដ​ឡើយ​ គឺ​បាន​ត្រឹម​ឃើញ​រូបថត​នាង​ប៉ុណ្ណោះ​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ បាន​បញ្ចេញមតិ​ Comments​ យ៉ាងច្រើន​ក្នុង​ន័យ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​រូប​នាង​ សរសើរ​រូប​នាង​ថា​ ជា​ក្មេង​ឆ្លាត​ និង​សម្តែង​នូវ​សន្តាន​ចិត្ត​ជួយ​រំលែក​ទុក្ខសោក​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​ ។​ អ្នកលេង​ Facebook​ បាន​ Comments​ ទៀត​ថា​ "​សូម​វិញ្ញាណក្ខន្ធ​ក្មួយ​ស្រី​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ហើយ​បើ​មាន​ជាតិ​ក្រោយ​ សូម​ក្មួយ​ស្រី​មាន​អាយុ​វែង​ សុខភាព​ល្អ​ ប្រាជ្ញា​វាងវៃ​ និង​ជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម​"​ ៕​

Vechika   Vechika-1Vechika-2Vechika-4

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.