ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

ក្រុម​មេធាវី​ទម្លាយ​នូវ​ល្បិច​ឆបោក​របស់​ជន​បោកប្រាស់​ជ្រកកោន​នៅ​កម្ពុជា​លើ​ជនជាតិ​ជប៉ុន​ជិត​១០០​នាក់​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​២០​លាន​ដុល្លារ​

​កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ក្រុម​មេធាវី​ជប៉ុន​(​ការិយាល័យ​មេធាវី​ Warnomori)​ បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ រាជធានី​ភ្នំពេញ​ ទម្លាយ​ចេញ​នូវ​ល្បិច​ឆបោក​ទៅ​លើ​ពលរដ្ឋ​ជនជាតិ​ជប៉ុន​ចំនួន​៩៩​នាក់​ ស្មើនឹង​ទឹកប្រាក់​ប្រមាណ​២០​លាន​ដុល្លារ​អា​មេ​រិ​ក​ បង្ក​ដោយ​ជន​បោកប្រាស់​កំពុង​រស់នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ចំនួន​រហូត​ដល់​៤៤​នាក់​ ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​ មាន​សញ្ជាតិ​ខ្មែរ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​ ។​ ក្រុម​មេធាវី​ដដែល​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ ជន​រង​គ្រោះជា​ពលរដ្ឋ​ជប៉ុន​អាច​មាន​ចំនួន​ច្រើន​ជាង​ហ្នឹង​ និង​មាន​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​បាន​គេ​បោកប្រាស់​រហូត​ដល់​ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក​ ដ្បិត​មាន​ជន​រង​គ្រោះ​មិន​បាន​មក​ប្រឹក្សា​ដើម្បី​ដាក់​ពាក្យបណ្តឹង​ ។​

​លោក​ Katsuta​ Isao​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ សំណុំរឿង​ក្តី​ឆបោក​នេះ​បាន​ក្លាយទៅជា​ករណី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នៅ​ប្រទេស​ជប៉ុន​ ដោយសារ​វត្តមាន​ជន​ឆបោក​ត្រូវ​បាន​សាក្សី​បញ្ជាក់​ថា​ កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ និង​មាន​ចំនួន​ជា​ក្រុម​រហូត​ដល់​៤៥​នាក់​ ។​

​របៀប​នៃ​ការ​ឆបោក​ទៅ​លើ​ជនជាតិ​ជប៉ុន​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ​ ត្រូវ​បាន​លោក​ Katsuta​ Isao​ ចង្អុលបង្ហាញ​ថា​ ក្រុម​ជន​បោកប្រាស់​បាន​យក​ប្លង់​ Apartment​ ឬ​ខុន​ដូ​ជាដើម​ នៅ​ប្រទេស​កម្ពុជា​បញ្ជូន​ទៅ​ឲ្យ​ពលរដ្ឋ​ជប៉ុន​មួយ​ចំនួន​នៅ​ប្រទេស​ជប៉ុន​ដើម្បី​លក់ដូរ​ ។​ ក្នុង​ចំណោម​ប្លង់​ដែល​ជន​បោកប្រាស់​យក​ទៅ​ ក៏​មាន​អចលនវត្ថុ​ខ្លះៗ​តិចតួច​ផង​ដែរ​ គឺ​ឧទាហរណ៍​មាន​ចំនួន​តែ​៥​ គេ​លក់ដូរ​បាន​រហូត​ដល់​៦០​កន្លែង​ ដោយ​ប្រាប់​ក្រុមហ៊ុន​មួយ​ចំនួន​ឲ្យ​ទិញ​អចលនវត្ថុ​ទាំងនោះ​ ហើយ​ប្រាប់​ថា​ នឹង​អាច​បាន​ចំណេញ​ពី​៣​ទៅ​៤​ដង​ ។​

​លោក​ Katsuta​ Isao​ បាន​ថ្លែង​ថា​ ក្នុង​ចំណោម​ជន​បោកប្រាស់​ប្រមាណ​៤៥​នាក់​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជប៉ុន​ និង​ជា​ជន​ចាស់ជរា​នៅ​ប្រទេស​ជប៉ុន​រង​គ្រោះ​នោះ​ គឺ​លោក​ កូ​ណូ​អ៊ី​ កា​អូ​ បាន​និយាយ​ដោយ​ខ្លួនឯង​ រួម​ទាង​សក្ខីកម្ម​ផ្សេង​ទៀត​ផង​ បាន​បញ្ជាក់​ថា​ កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ ហើយ​លំនៅ​ឋាន​របស់​គាត់​(​លោក​ កូ​ណូ​អ៊ី​ កា​អូ​)​ នៅ​ប្រទេស​ជប៉ុន​ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​មក​រស់នៅ​ប្រទេស​កម្ពុជា​ដែរ​ ។​

​ទាក់ទង​នឹង​សំណុំរឿង​ឆបោក​មាន​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ ក្រុម​មេធាវី​ជប៉ុន​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជូន​សហការ​ និង​អន្តរាគមន៍​វែកមុខ​ និង​ចាប់ខ្លួន​ក្រុម​ជន​ឆបោក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​សារ​ព៏​ត៌​មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ ក្រសួងមហាផ្ទៃ​មិន​ទាន់​បានឃើញ​សំណុំរឿង​ និង​សំណើសុំ​ជួយ​អន្តរាគមន៍​ពី​ក្រុម​មេធាវី​ជប៉ុន​នោះ​នៅឡើយ​ទេ​ ៕​

Japan-Lawyer

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.