ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

លេច​ចេញ​សកម្មភាព​ក្រុម​ជនបិទមុខ​ចាប់ក្មេងៗ​សិស្សសាលា​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​

​កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ នៅ​ចំណុច​ក្បែរ​សាលារៀន​អង្គការ​មេគង្គ​ ឋិត​ក្នុងភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ មាន​លេច​ចេញ​នូវ​សកម្មភាព​របស់​ជន​ពាក់​ម៉ាស់​បិទមុខ​មួយ​ក្រុម​ស្ទាក់​ចាប់​ក្មេង​សិស្សសាលា​ចំនួន​៣​នាក់​បងប្អូន​ ពេល​កំពុង​ជិះ​កង់​មក​រៀន​នៅ​សាលា​បឋម​សិក្សា​អូរ​អំបិល​ ដាក់​ក្នុង​រថយន្ត​យក​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ នាំ​ចេញ​ឆ្ពោះទៅ​ប្រទេស​ថៃ​ ក្នុង​គោលបំណង​ជួញដូរ​កុមារ​ឆ្លង​ដែន​ ប៉ុន្តែ​ត្រូវ​កង​តម្រួត​ថៃ​ទប់ស្កាត់​បាន​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​កម្ពុជា​វិញ​ ។​

​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ ក្មេង​សិស្សសាលា​រង​គ្រោះ​ទាំង​៣​នាក់​ដែល​ត្រូវ​ជនបិទមុខ​ចាប់​យក​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នោះ​ មានឈ្មោះ​ សុខ​ វិសាល​ ភេទ​ប្រុស​ អាយុ​១២​ឆ្នាំ​,​សុខ​ ពិសី​ ភេទ​ស្រី​ អាយុ​៦​ឆ្នាំ​ និង​ឈ្មោះ​ ចាន់​ រតនា​ ភេទ​ប្រុស​ អាយុ​៦​ឆ្នាំ​ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​ ។​

​ក្រុម​ក្មេង​សិស្សសាលា​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ មុន​ពេល​កើតហេតុ​ ពួក​គេ​ទាំង​៣​នាក់​បាន​ជិះ​កង់​ឌុ​ប​គ្នា​បម្រុង​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​អូរ​អំបិល​ និង​មក​ដល់​ចំណុច​កើតហេតុ​ មាន​សភាព​ស្ងាត់​ ស្រាប់តែ​មាន​ជន​ពាក់​ម៉ាស់​មុខ​ចំនួន​៧​នាក់​ឈប់​រថយន្ត​ចាប់​ពួក​គេ​ រួម​ទាំង​កង់​ដាក់​ក្នុង​រថយន្ត​ទួ​រី​ស​ ពណ៌​ស​ បិទ​ស្កុ​ត​ពណ៌​ខ្មៅ​ ។​ ពេល​នោះ​ នាង​ សុខ​ ពិសី​ បាន​ស្រែកយំ​ឲ្យ​គេ​ជួយ​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ជនល្មើស​ស្រែក​គំរាម​សម្លាប់​ ទើប​នាង​ឈប់​យំ​ ខណៈ​ដែល​នៅ​ក្នុង​រថយន្ត​ឃើញ​មាន​ក្មេង​ប្រុស​-​ស្រី​តូចៗ​ចំនួន​៤​នាក់​ទៀត​កំពុង​អង្គុយ​យំ​ផង​ដែរ​ មិនដឹង​ថា​ ជនល្មើស​ចាប់​យក​ពី​ទីណា​ទេ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ បន្ទាប់​ពី​ក្រុម​ជនល្មើស​ចាប់​ក្មេង​រង​គ្រោះ​រួច​មក​ ពួក​គេ​បាន​បើករថយន្ត​ឆ្វែល​ជុំវិញ​ក្រុង​សិរី​សោភ័ណ​ ហើយ​ក៏​បើក​ឆ្ពោះ​បន្ត​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​ ពេល​មក​ដល់​ ចំណុច​មុខ​ស្ពាន​ ក្រុម​ជនល្មើស​បាន​ឲ្យ​ក្មេង​សិស្សសាលា​ទាំង​៣​នាក់​ចុះ​បណ្តើរ​កង់​ឆ្លង​ចូល​ទៅ​ទឹកដី​ថៃ​  រួម​ទាំង​បាន​គំរាម​សម្លាប់​កុំ​ឲ្យ​ប្តឹង​សមត្ថកិច្ច​ រីឯ​ក្មេង​៤​នាក់​ទៀត​នោះ​ នៅ​ក្នុង​រថយន្ត​ដដែល​ ។​ លុះ​ក្មេង​រង​គ្រោះ​ដើរ​ឆ្លង​ចូល​ដល់​ផ្សារ​ថៃ​ទល់មុខ​ធនាគារ​ថៃ​មាន​ស្ត្រី​រុញ​រទេះ​ម្នាក់​បាន​ហៅ​ក្មេង​ប្រុស​ឈ្មោះ​ សុខ​ វិសាល​ សួរនាំ​ ហើយ​ក្មេង​នោះ​ក៏​បាន​ឆ្លើយ​ប្រាប់​ថា​ មាន​ជន​មួយ​ក្រុម​បាន​ចាប់​ពួក​គេ​បញ្ជូន​ទៅ​ប្រទេស​ថៃ​ ។​ ក្រោយ​សួរនាំ​រួច​ ស្ត្រី​រុញ​រទេះ​ក៏​បាន​នាំ​ក្រុម​ក្មេង​ទាំង​៣​នាក់​ប្រគល់​ឲ្យ​អង្គការ​មួយ​ក្នុង​ទឹកដី​ថៃ​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ជនល្មើស​រត់គេច​ខ្លួន​បាត់​ ។​ តម​ក​អង្គការ​នោះ​ក៏​បាន​ប្រគល់​ក្មេង​ទាំង​៣​នាក់​ឲ្យ​ទៅ​កង​តម្រួត​ថៃ​ ហើយ​តម្រួត​ថៃ​ក៏​បញ្ជូន​ក្មេង​ទាំង​៣​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​ ។​

​ក្មេងៗ​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ ខេត្តបន្ទាយមានជ័យ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ហើយ​ នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៤​នេះ​ ខណៈ​ដែល​ក្រុម​ជនល្មើស​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

yifhkaaw

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.