រដ្ឋអំណាចយោធាថៃដែលកើតចេញពីរដ្ឋប្រហារយោធានាពេលថ្មីៗកន្លងទៅនេះ ក្រៅពីបានប្រកាសបិទសាលារៀនរដ្ឋ និងឯកជនទាំងអស់ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤នេះ គឺពួកគេក៏បានព្រមានផងដែរថានឹងបិទបណ្តាញទំនាក់ទំនងព័ត៌មានសង្គមទាំងអស់ ដូចជា Facebook, Youtube, Twitter…។ល។
ប្រភពពីសារព័ត៌មានបរទេសបានឲ្យដឹងថា ការណ៍ដែលអាជ្ញាធរយោធាថៃព្រមានបិទបណ្តាញទំនាក់ទំនងព័ត៌មានសង្គមនៅប្រទេសថៃទាំងអស់នោះ គឺដើម្បីកាត់ផ្តាច់រាល់ការទំនាក់ទំនងនានារបស់ក្រុមអ្នកគាំទ្រគណបក្សនយោបាយសំខាន់ៗ ជាពិសេសគណបក្សភឿថៃរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងគណបក្សរបស់លោក អាប់ភីស៊ីត វេចាជីវ៉ា ផងដែរ ដ្បិតអតីតថ្នាក់ដឹកនាំសំខាន់ៗជាច្រើននាក់ត្រូវបានឃុំខ្លួនដោយដកហូតទូរស័ព្ទដៃជាប្រព័ន្ធទំនាក់ទំនងរួចអស់ទៅហើយ ។
សូមបញ្ជាក់ជូនថា Page មួយក្នុងបណ្តាញព័ត៌មានសង្គម Facebook ដែលគេស្គាល់ថាជារបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី មានចំនួនអ្នក Like Page ច្រើនសន្ធឹកសន្ធាប់រហូតដល់ 3,1m(ជាង៣លាន)នោះ លែងឃើញមានសកម្មភាព Post នូវរូបភាព និងព័ត៌មាននានាចាប់តាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ គឺជាពេលវេលាដែលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានបញ្ចប់ពីមុខតំណែងជានាយករដ្ឋមន្ត្រី ដោយអំណាចតុលាការមកម្ល៉េះ ហើយបច្ចុប្បន្ននេះលោកស្រីត្រូវបានឃុំខ្លួនដោយក្រុមអាជ្ញាធរយោធាថៃ ស្និទ្ធនឹងស្ថាប័នព្រះមហាក្សត្រ ៕