ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

អាជ្ញាធរ​យោធា​ថៃ​នឹង​បន្ត​ឃុំខ្លួន​អតីត​នាយក​រដ្ឋមន្ត្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ និង​អតីតមន្ត្រី​ជាន់ខ្ពស់​ឯទៀត​រយៈពេល​១​ស​ប្តា​ហ៍​

​អាជ្ញាធរ​យោធា​ថៃ​ក្រោម​ការ​ដឹកនាំ​របស់​ឧត្តមសេនីយ៍​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ (Prayuth​ Chan-Ocha)​ អគ្គមេបញ្ជាការ​កំពូល​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ដែល​កំពុង​ទទួល​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ថា​ ក្រុម​យោធា​នឹង​បន្ត​ធ្វើការ​ឃុំខ្លួន​អតីត​នាយក​រដ្ឋមន្ត្រី​ គឺ​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ និង​អតីត​ក្រុម​មន្ត្រី​ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​ទម្លាក់​ចេញពី​តំណែង​ផ្សេងៗ​ទៀត​ជា​ច្រើន​នាក់​សម្រាប់​រយៈពេល​មួ​យស​ប្តា​ហ៍​ បន្ទាប់​ពី​ក្រុម​យោធា​បាន​ប្រកាស​ធ្វើ​រដ្ឋប្រហារ​ និង​ឃាត់ខ្លួន​អតីត​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​សំខាន់ៗ​រួច​មក​ ។​

​លោក​វរសេនីយ៍​ វី​ន​ថៃ​ ស៊ូ​រ៉ា​វី​ អ្នកនាំពាក្យ​យោធា​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ អតីត​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​សំខាន់ៗ​ដែល​បាន​ឃាត់ខ្លួន​ នឹង​ត្រូវ​បន្ត​ឃុំខ្លួន​រយៈពេល​មួ​យស​ប្តា​ហ៍​ រង់ចាំ​ត្រួតពិនិត្យ​មើល​ថា​ តើ​ពួក​គេ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​កម្រិត​ណា​ជាមួយនឹង​ព្រឹត្តិការណ៍​ចលាចល​នយោបាយ​ថៃ​ ។​ ទោះ​យ៉ាងណា​ អ្នកនាំពាក្យ​យោធា​បាន​ធ្វើការ​បដិសេធ​មិន​បញ្ជាក់​អំពី​ទីកន្លែង​ដែល​ត្រូវ​ឃុំខ្លួន​អតីត​ថ្នាក់ដឹកនាំ​សំខាន់ៗ​នោះ​ទេ​ គ្រាន់តែ​បាន​អះអាង​ថា​ ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ត្រូវ​បាន​ដកហូត​ និង​ពួក​គេ​បាន​គេច​ផុត​ពី​គ្រោះថ្នាក់​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ ធី​រ៉ា​ឆៃ​ ណា​ក​វ៉ា​នី​ច​ មេបញ្ជាការ​យោធា​តំបន់​កណ្តាល​ និង​រាជធានី​ បាន​អះអាង​ឲ្យ​ដឹង​ថា​ លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ កំពុង​ឋិត​នៅ​ក្រោម​ការ​ឃុំខ្លួន​ និង​លោកស្រី​មាន​សុខភាព​ល្អ​ទេ​ ដែល​ការ​ឃុំខ្លួន​នេះ​អនុវត្តន៍​ក្រោម​អំណាច​នៃ​ច្បាប់អាជ្ញាសឹក​ ពោល​គឺ​អនុញ្ញាត​ឲ្យ​ចាប់ខ្លួន​ដោយ​មិន​ចាំបាច់​មានការ​ចោទប្រកាន់​ ។​

​របប​ថ្មី​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​យោធា​ថៃ​នេះ​ គឺ​សេរីភាព​ស៊ី​វិល​ត្រូវ​បាន​កំហិត​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​ត្រូវ​ផ្អាក​ប្រើប្រាស់​លើ​ចំណុច​ភាគច្រើន​ វៀរលែងតែ​ផ្នែក​ដែល​ទាក់ទង​នឹង​ព្រះមហាក្សត្រ​ ។​

​ជាមួយនឹង​ព្រឹត្តិការណ៍​គ្រប់គ្រង​អំណាច​ដោយ​អាជ្ញាធរ​យោធា​ថៃ​ ក្រោម​រូបភាព​រដ្ឋប្រហារ​យោធា​នៃ​ប្រទេស​ថៃ​នេះ​ បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​បញ្ចេញ​នូវ​ប្រតិកម្ម​តប​យ៉ាង​ខ្លាំងក្លា​ រហូត​បាន​សម្រេច​ផ្អាក​ជំនួយ​ចំពោះ​ប្រទេស​ថៃ​ រួម​ទាំង​ជំនួយ​យោធា​មាន​ទំហំ​ទឹកប្រាក់​៣,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​អន្តរជាតិ​បាន​លើក​ឡើង​ថា​ រដ្ឋប្រហារ​យោធា​ជា​ច្រើន​លើក​នា​រយៈពេល​ចុង​ក្រោយ​បន្តបន្ទាប់​គ្នា​នៅ​ប្រទេស​ថៃ​ បាន​ស្តែង​ចេញ​ឲ្យ​ឃើញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ឥស្សរជន​កំពូលៗ​ដែល​មាន​អំណាច​ស្និទ្ធ​នឹង​រាជវង្ស​ និង​យោធា​ ក្នុង​គោលបំណង​បំបាត់​ការ​គំរាមកំហែង​ខាង​នយោបាយ​ណាមួយ​ដែល​ធ្លាប់​រៀបចំ​សេណា​រី​យោ​ដោយ​លោក​ ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ ជា​មហាសេដ្ឋី​ទូរគមនាគមន៍​ ជា​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ និង​ត្រូវជា​បងប្រុស​បង្កើត​របស់​លោកស្រី​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.