ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ជម្លោះ​ចិន​-​វៀតណាម​រឿង​ចិន​ដាក់​ស្ថានីយ៍​ខួង​ប្រេង​ក្នុង​ដែនសមុទ្រ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​បណ្តា​ប្រទេស​ជា​ច្រើន​

​សកម្មភាព​ដាក់​ដំឡើង​ស្ថានីយ៍​ខួង​ប្រេង​ HD981​ ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ពី​សំណាក់​ប្រទេស​ចិន​ បាន​នាំ​ឲ្យ​មាន​ជម្លោះ​យ៉ាង​ក្តៅ​គគុក​រវាង​វៀតណាម​និង​ចិន​ នៅ​ពាក់កណ្តាល​ខែឧសភា​ ឆ្នាំ​២០១៤​នេះ​ រហូត​ដល់​ថ្នាក់​នាវា​ចិន​ដេញ​បុក​ និង​បាញ់​ទឹក​ដាក់​នាវា​វៀតណាម​ និង​ប្រជាពលរដ្ឋ​វៀតណាម​ក៏​បាន​ផ្ទុះ​កំហឹង​ដុត​កម្ទេច​រោងចក្រ​ក្រុមហ៊ុន​ចិន​វិនិយោគ​នៅ​វៀតណាម​អស់​ជាង​១៥​រោងចក្រ​ ដើម្បី​តវ៉ា​ទៅ​នឹង​អំពើ​របស់​អាជ្ញាធរ​ចិន​ថែម​ទៀត​ ។​ លើស​ពី​នេះ​ បណ្តា​ប្រទេស​ជា​ច្រើន​បាន​បញ្ចេញ​នូវ​ប្រតិកម្ម​ជា​ហូរហែ​ជុំវិញ​រឿងរ៉ាវ​ជម្លោះ​ដែនទឹក​ចិន​-​វៀតណាម​ រួម​មាន​ជា​អាទិ៍​ ៖

១-​អា​មេ​រិ​ក​ ៖​ លោក​ Joe​ Biden​ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​ឯកតោភាគី​របស់​ចិន​នៅ​ដែនសមុទ្រ​ភាគ​ខាងត្បូង​ គឺជា​សកម្មភាព​គំរាមកំហែង​ដល់​សុខ​សន្តិភាព​ ស្ថិរភាព​ក្នុង​តំបន់​ទាំងមូល​ ។​ រីឯ​តំណាងរាស្ត្រ​អា​មេ​រិ​ក​គឺ​លោក​ Daniel​ Russel​ បាន​បញ្ជាក់​ថា​ តំណាងរាស្ត្រ​អា​មេ​រិ​កបាន​ថ្កោលទោស​សកម្មភាព​របស់​ចិន​ ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ ។​ ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ទទួល​បន្ទុក​អាស៊ី​ភាគ​ខាងកើត​ និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ក៏​បាន​ថ្កោលទោស​ដល់​សកម្មភាព​ដាក់​ស្ថានីយ៍​ខួង​ប្រេង​របស់​ចិន​ ។​ ទន្ទឹម​នឹង​នេះ​ សហរដ្ឋអាមេរិក​ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​១៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ពង្រឹង​និង​បង្កើន​កម្លាំង​យាមល្បាត​របស់​វៀតណាម​ក្នុង​តំបន់​ដែនសមុទ្រ​ ។​

២-​បារាំង​ ៖​ លោកស្រី​ Helene​ តំណាងរាស្ត្រ​សាធារណរដ្ឋ​បារាំង​ និង​ក្នុង​នាម​ជា​ប្រធានកិត្តិយស​សមាគម​បារាំង​-​វៀតណាម​ បាន​ប្រកាស​ថា​ "​ខ្ញុំ​ពិតជា​ខកចិត្ត​យ៉ាង​ខ្លាំង​ពេល​ឃើញ​ចិន​មាន​សកម្មភាព​ឈ្លានពាន​ បង្ក​អសន្តិសុខ​នៅ​ក្នុង​តំបន់​ ។​ ចិន​ចាំបាច់​ត្រូវ​តែ​គោរព​ច្បាប់​អន្តរជាតិ​ និង​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជាមួយ​ប្រទេស​ជិតខាង​"​ ។​

៣-​ជប៉ុន​ ៖​ លោក​ Shinzo​ Abe​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ធ្វើការ​រិះគន់​ដល់​សកម្មភាព​ពង្រីក​អំណាច​ និង​កម្លាំងយោធា​របស់​ចិន​ ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​តំបន់​កាន់តែ​ខ្លាំង​ឡើង​ ជា​ពិសេស​ក្នុង​វិវាទ​ដែនសមុទ្រ​ចិន​ភាគ​ខាងកើត​ និង​ភាគ​ខាងត្បូង​ ។​ រីឯ​លោក​ Fumio​ Kishida​ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ បាន​បញ្ជាក់​ថា​ ជម្លោះ​តានតឹង​រវាង​វៀតណាម​និង​ចិន​នា​ពេល​នេះ​ គឺ​បណ្តាល​មក​ពី​សកម្មភាព​ឈ្លានពាន​ពី​ភាគី​ចិន​ ។​

៤-​អា​ល្លឺ​ម៉​ង់​ ៖​ លោក​សាស្ត្រាចារ្យ​ Gerhard​ Will​ អ្នកឯកទេស​ភូមិសាស្ត្រ​នយោបាយ​ ទទួល​បន្ទុក​អាស៊ី​ភាគ​អាគ្នេយ៍​ បាន​ឲ្យ​ដឹង​ថា​ ចិន​មាន​គោលនយោបាយ​ឈ្លានពាន​គិត​ទុកជា​យូរណាស់​មក​ហើយ​ គឺ​មុន​ពេល​ដាក់​ស្ថានីយ៍​ខួង​ប្រេង​ក្នុង​ដែនសមុទ្រ​ទៅ​ទៀត​ ។​ សកម្មភាព​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​មហិច្ឆតា​គ្រប់គ្រង​ក្នុង​តំបន់​អាស៊ី​របស់​ចិន​ ។​ ការ​ដាក់​ស្ថានីយ៍​ខួង​ប្រេង​ គឺជា​រឿង​ខុសច្បាប់​អន្តរជាតិ​ស្តី​ពី​ដែនសមុទ្រ​ទាំងស្រុង​ ។​

៥-​អ៊ី​តា​លី​ ៖​ លោក​ Sergio​ Romano​ មន្ត្រី​ការ​បរទេស​អ៊ី​តា​លី​ បាន​បញ្ជាក់​ថា​ ការ​ដាក់​ស្ថានីយ៍​ខួង​ប្រេង​របស់​ចិន​គឺជា​រឿង​ខុសច្បាប់​ និង​ជា​ចេតនា​ក្នុង​ការ​ឈ្លានពាន​គ្រប់គ្រង​ដែនសមុទ្រ​ដល់​ទៅ​៩០​ភាគរយ​របស់​ចិន​នៅ​លើ​ដែនសមុទ្រ​ភាគ​ខាងត្បូង​ ។​

៦-​រុ​ស្ស៊ី​ ៖​ លោក​ Alexander​ Lukashevich​ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី​ បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ថា​ រុ​ស្ស៊ី​នឹង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​រាល់​សកម្មភាព​ប្រែប្រួល​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ហើយ​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​អត់ធ្មត់​បញ្ចៀស​ហេតុការណ៍​អាក្រក់​កើតឡើង​ជាយថាហេតុ​ ។​

៧-​អូស្ត្រាលី​ ៖​ លោក​ Hugh​ White​ សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​ បាន​បញ្ជាក់​ថា​ សកម្មភាព​របស់​ចិន​ពេល​នេះ​គឺ​ដើម្បី​ស្ទាបស្ទង់​កម្លាំង​ និង​ការ​ហ៊ាន​ប្រឈម​មុខរប​ស់អា​មេ​រិ​ក​ជាមួយ​ចិន​ក្នុង​តំបន់​អាស៊ី​ ។​ លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា​ មេដឹកនាំ​ចិន​ចង់​ក្តោប​ក្តាប់​សិទ្ធិ​អំណាច​ ឥទ្ធិពល​ថែម​ទៀត​នៅ​តំបន់​អាស៊ី​ ក្នុង​បំណង​កាត់​បន្ថយ​វត្តមាន​ និង​ឥទ្ធិពល​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​អាស៊ី​ ។​

៨-​សិង្ហ​បុរី​ ៖​ លោក​ លី​ សៀង​ឡុ​ង​ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ បាន​បញ្ជាក់​ថា​ វិបត្តិ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ជា​បញ្ហា​ដែល​នៅ​សេសសល់​ក្នុង​ទំនាស់​រវាង​អាស៊ាន​-​ចិន​ ហើយ​ដើម្បី​រក្សា​សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ាន​ ចាំបាច់​សិង្ហ​បុរី​ត្រូវ​តែ​លូកដៃ​ចូលរួម​ដោះស្រាយ​វិបត្តិ​ទាំងនោះ​ ។​

៩-​ឥណ្ឌូ​នេ​ស៊ី​ ៖​ លោក​ Marty​ Natalegawa​ រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី​ បាន​ស្នើ​ឲ្យ​ចិន​អនុវត្តន៍​កិច្ចសន្យា​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ដែនសមុទ្រ​ ដោយ​រក្សា​ការ​អត់ធ្មត់​ជា​រឿង​ចាំបាច់​បំផុត​ ។​ រីឯ​លោក​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះស្រាយ​វិបត្តិ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ដោយ​សន្តិវិធី​ ជៀសវាង​ប្រើប្រាស់​អំពើ​ហិង្សា​ និង​ត្រូវ​គោរព​ច្បាប់​អន្តរជាតិ​ ។​

១០-​ហ្វី​លី​ពី​ន​ ៖​ លោក​ Benigno​ Aquino​ III​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​វិបត្តិ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ដោយ​សន្តិវិធី​ គោរព​ច្បាប់​អន្តរជាតិ​ និង​មិន​ត្រូវ​ប្រើប្រាស់​អំពើ​ហិង្សា​ឡើយ​ ៕​  

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.