ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

នាយ​ឧត្តមសេនីយ៍​ ឡូយ​ សុ​ផាត​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​ខេត្តស្ទឹងត្រែង​ចាប់ផ្តើម​ល្បីឈ្មោះ​ក្នុង​ Facebook​

​បន្ទាប់​ពី​បាន​លើក​ឡើង​ចំៗ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​  ឡូយ​ សុ​ផាត​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០០៧​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ នីតិកាល​ទី​៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ភាព​កម្សោយ​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​រាជរដ្ឋាភិបាល​គ្រប់គ្រង​អំណាច​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ និង​ជា​អ្នកតំណាង​រាស្ត្រ​នៅ​មណ្ឌល​ខេត្តកណ្តាល​ ជា​ពិសេស​លើក​ករណី​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​រួច​មក​ ឯកឧត្តម​ អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ អាយុ​៦៥​ឆ្នាំ​រូបនេះ​ បាន​ចាប់ផ្តើម​ល្បីឈ្មោះ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ហើយ​ ។​

​ទោះបី​ចាប់ផ្តើម​ល្បីឈ្មោះ​ក្នុង​ Facebook​ ដោយ​អ្នកលេង​ Facebook​ ខ្លះ​ចាត់​ទុក​ថា​ជា​គំរូ​ល្អ​ក្តី​ ក៏​មាន​អ្នកលេង​ Facebook​ ខ្លះ​ទៀត​ចាត់​ទុក​ការ​លើក​ឡើង​របស់​ឯកឧត្តម​ ឡូយ​ សុ​ផាត​ គឺជា​ឆាកល្ខោន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដ្បិត​ឯកឧត្តម​ ឡូយ​ សុ​ផាត​ កាល​ធ្វើ​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​នៅឡើយ​នោះ​ គឺ​បទល្មើស​ព្រៃឈើ​ និង​គ្រឿងញៀន​មិន​អាច​បង្ក្រាប​ឲ្យ​ឫសគល់​ទេ​ រហូត​មក​ដល់​ពេល​ឯកឧត្តម​រូប​នេះ​ចូល​និវត្តន៍​ និង​បាន​ធ្វើ​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង​ទល់​សព្វថ្ងៃ​ ។​

​ឯកឧត្តម​ ឡូយ​ សុ​ផាត​ អាយុ​៦៥​ឆ្នាំ​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០០៧​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ធ្លាប់​ធ្វើ​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​កាល​មិន​ទាន់​ចូល​និវត្តន៍​នោះ​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៨/៦៩៥​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០០៨​ ។​ នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ រៀបចំ​ដោយ​ គ​.​ជ​.​ប​ ឯកឧត្តម​ ឡូយ​ សុ​ផាត​ បាន​ជាប់​ឆ្នោត​ជា​អ្នកតំណាង​រាស្ត្រ​នៅ​មណ្ឌល​ខេត្តស្ទឹងត្រែង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​ចំនួន​តែ​១​អាសនៈ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.