ក្រោយពីបានធ្វើរដ្ឋប្រហារយោធាប្រកបដោយជោគជ័យកាលពីថ្ងៃម្សិលមិញ និងបានតែងតាំងខ្លួនឯងជានាយករដ្ឋមន្ត្រី ដោយអះអាងថា ក្នុងគោលបំណងគ្រប់គ្រងស្ថានការណ៍ប្រទេសជាតិឲ្យមានរបៀបរៀបរយឡើងវិញរួចមក លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា អគ្គមេបញ្ជាការកំពូល និងជាមេបញ្ជាការកងទ័ពជើងគោកថៃ បានកោះលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងមន្ត្រីស្និទ្ធលោកស្រីចំនួន២២នាក់ឲ្យមកចូលរួមប្រជុំនៅការិយាល័យយោធានាថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០១៤នេះ ដោយសម្រេចហាមប្រាមលោកស្រីអតីតនាយករដ្ឋមន្ត្រី សាច់ញាតិរបស់លោកស្រី លោកនាយករដ្ឋមន្ត្រីចាំផ្ទះ Niwatthamrong Boonsongpaisan ព្រមទាំងជាន់ខ្ពស់ចំនួនជាង១៥០នាក់ផ្សេងទៀត មិនឲ្យធ្វើដំណើរចាកចេញពីប្រទេសដោយគ្មានការអនុញ្ញាតឡើយ ។
កងកម្លាំងយោធាបានត្រួតពិនិត្យ និងសម្រេចឲ្យមានការផ្អាកនូវប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជា ទូរទស្សន៍ប៉ុស្តិ៍លេខ៣ លេខ៧ លេខ៩ លេខ១១ និងប៉ុស្តិ៍PBS វៀរលែងតែទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលជាកម្មសិទ្ធិផ្ទាល់របស់យោធា បន្ទាប់ពីថ្ងៃធ្វើរដ្ឋប្រហារយោធាភ្លាមៗ ។ ជាមួយគ្នានេះ ការជួបជុំរបស់ក្រុមបាតុករប្រឆាំងក៏ត្រូវដាក់បម្រាម និងបម្រាមគោចរនៅទូទាំងប្រទេសត្រូវបានដាក់ចេញផងដែរចាប់ពីម៉ោង២២យប់រហូតដល់ម៉ោង០៥ទៀបភ្លឺ ។
ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា នៅរាត្រីថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០១៤នេះ ទូរទស្សន៍ប៉ុស្តិ័លេខ៣ លេខ៧ លេខ៩ និងលេខ១១ នឹងត្រូវអនុញ្ញាតឲ្យដំណើរការផ្សព្វផ្សាយប្រក្រតីឡើងវិញ លើកលែងតែទូរទស្សន៍ប៉ុស្តិ៍PBS ត្រូវបានបន្តបិទ ខណៈដែលនៅទីក្រុងបាងកកមានសភាពស្ងប់ស្ងាត់ ។ សកម្មភាពប្រកបមុខរបររកស៊ីរបស់ប្រជារាស្ត្រប្រព្រឹត្តទៅជាធម្មតា ប៉ុន្តែសាលារៀនរហូតដល់កម្រិតថ្នាក់មហាវិទ្យាល័យត្រូវបានបិទជាបណ្តោះអាសន្នសិន ។ មានប្រជារាស្ត្រខ្លះបានផ្តល់បទសម្ភាសន៍ថា ពួកគេពេញចិត្តនឹងការធ្វើរដ្ឋប្រហាររបស់កម្លាំងយោធា ដើម្បីដោះស្រាយស្ថានការណ៍នយោបាយប្រទេសជាតិឡើងវិញ បន្ទាប់ពីរលកនៃការបះបោរតវ៉ារាប់ខែនាំឲ្យបែកបាក់នូវផ្ទៃក្នុងជាតិ ។
នេះគឺជាសកម្មភាពនៃការធ្វើរដ្ឋប្រហារយោធាលើកទី១៩ហើយ ពាក់ព័ន្ធនឹងដំណើរការដឹកនាំប្រទេសនៃព្រះរាជាណាចក្រថៃ ដែលអង្គព្រះមហាក្សត្រមានព្រះរាជឥទ្ធិពលយ៉ាងខ្លាំងទៅលើកងកម្លាំងយោធា ៕