មិនមែនជារឿងសាមញ្ញពេកទេដែលនាយនគរបាលជាតិជាន់ខ្ពស់នៃក្រសួងមហាផ្ទៃមួយចំនួននាសម័យគ្រប់គ្រងអំណាចដោយសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី អាចទទួលបានការដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ត្រី(ផ្កាយ១) ទៅជាឧត្តមសេនីយ៍ទោ(ផ្កាយ២)ក្នុងរយៈពេលត្រឹមប្រមាណ២ខែប៉ុណ្ណោះ ហើយច្រឡំច្របូកច្របល់អត្តលេខសាមីខ្លួនជានាយនគរបាលត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍នោះថែមទៀត ដោយការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ សុទ្ធតែធ្វើឡើងតាមរយៈព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រី ។
ព័ស្តុតាងបានបង្ហាញថា លោក ឌឿន សុវណ្ណ នាយនគរបាលជាតិជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អត្តលេខ០២១៦៩ ត្រូវបានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៨/៧០៩ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៨ (ព្រះរាជក្រឹត្យសរសេរថា អត្តលេខ០២១៩៦) និងត្រូវបានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៨/៩៦៦ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៨ (ព្រះរាជក្រឹត្យសរសេរថា អត្តលេខ០២១៦៩) ។ មានន័យថា ក្នុងរយៈពេលត្រឹមប្រមាណ២ខែប៉ុណ្ណោះ លោក ឌឿន សុវណ្ណ បានឡើងឋានន្តរស័ក្តិរហូតដល់១ផ្កាយឯណោះ (ពីផ្កាយ១ឡើងផ្កាយ២) ។
លោកឧត្តមសេនីយ៍ទោ ឌឿន សុវណ្ណ នាយនគរបាលជាតិជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អត្តលេខ០២១៦៩ ក៏ត្រូវបានតែងតាំងផងដែរជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៨/១៤២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៨ ពោលគឺត្រូវមានងារជាឯកឧត្តម ។
ក្រោយមកទៀត ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌឿន សុវណ្ណ នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០២១៦៩ ក៏ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១១/៣៩៦ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១១ ។
ប៉ុន្តែនៅទីបំផុតព្រោះតែឈ្លក់នឹងអំណាច និងទ្រព្យសម្បត្តិ ឯកឧត្តម ឧត្តមសេនីយ៍ ឌឿន សុវណ្ណ មានការប៉ះទង្គិចជាមួយក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់វែងដីធ្លីរបស់បុរសខ្លាំង ទើបធ្វើឲ្យឯកឧត្តមឧត្តមសេនីយ៍រូបនេះ ត្រូវបានដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ព្រមទាំងបញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងមហាផ្ទៃវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១២/៩៣៥ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ ។
ទោះយ៉ាងណាក៏ដោយ មុនពេលលោក ឌឿន សុវណ្ណ អស់បុណ្យស័ក្តិ និងត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនោះ គឺបុរសរូបនេះធ្លាប់ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍លឿនដូចព្យុះ (ពីផ្កាយ១ទៅជាផ្កាយ២)ក្នុងរយៈពេលត្រឹមតែប្រមាណ២ខែប៉ុណ្ណោះ នាសម័យគ្រប់គ្រងអំណាចដោយបុរសខ្លាំង ៕