ក្នុងដំណើរទស្សនកិច្ចនិងជំនួបរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅលើទឹកដីប្រទេសចិន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងទង់ជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានយកមកប្រើប្រាស់ផងដែរនៅកន្លែងបដិសណ្ឋារកិច្ច និងកន្លែងសាលប្រជុំ ។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍ផង និងសោកស្តាយផងនោះ គឺទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានយកមកប្រើប្រាស់នៅលើទឹកដីប្រទេសចិននោះ មានភាពខុសឆ្គងពីអត្តសញ្ញាណទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាពិតប្រាកដដែលមានចែងក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា៦ ឧបសម្ព័ន្ធទី១ ពោលគឺទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាបែរជា"គ្មានកាំជណ្តើរ"ទៅវិញ ។
នេះគឺជាព័ស្តុតាងមួយដែលបង្ហាញឲ្យឃើញថា អត្តសញ្ញាណទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានយកមកប្រើប្រាស់ទាំងខុសឆ្គង មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺរហូតឈានទៅដល់ប្រទេសចិនថែមទៀត ។
ដូច្នេះ ប្រសិនបើប្រមុខរាជរដ្ឋាភិបាលកម្ពុជាមិនចាប់អារម្មណ៍សោះនោះ សូមឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាឯទៀតៗមេត្តាធ្វើការចាប់អារម្មណ៍លើការប្រើប្រាស់អត្តសញ្ញាណទង់ជាតិខ្មែរឲ្យស្រប ឬត្រឹមត្រូវទៅតាមអត្តសញ្ញាណដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាផង ជៀសវាងបង្កឲ្យមានការខ្មាសអៀនចំពោះមុខបរទេសនានា ៕