អ្នកអនុវត្តន៍ច្បាប់នៅកម្ពុជាត្រូវទទួលរងការចោទប្រកាន់ថា បានមើលរំលងលើករណីនាយទាហាននៃកងយោធពលខេមរភូមិន្ទមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចគ្រប់គ្រងក្រុមហ៊ុនជាលក្ខណៈឯកជន រំលោភបំពានទៅលើបញ្ញត្តិមាត្រា២៥នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ដែលបានចែងថា "ហាមដាច់ខាតមិនឲ្យយកម៉ោងរដ្ឋបាលទៅប្រកបវិជ្ជាជីវៈជាឯកជន ។ ហាមដាច់ខាតមិនឲ្យចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនជាលក្ខណៈឯកជន ។ " ។
ព័ស្តុតាងបានបង្ហាញថា លោកឧត្តមសេនីយ៍ឯក ណឹម ម៉េង នាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣២៥០៥ មេបញ្ជាការរងកងអង្គរក្សសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសារព័ត៌មានមួយចំនួនដែលដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជា ចុះផ្សាយថា ជាប្រធានក្រុមហ៊ុនណឹម ម៉េង គ្រុប ខូអិលធីឌី ។ រីឯសារព័ត៌មានខ្លះទៀតចុះផ្សាយថា លោកជំទាវ ឡាយ ស៊ីនាង ណឹម ម៉េង ជាភរិយារបស់លោកឧត្តមសេនីយ៍ឯក ណឹម ម៉េង ជាអគ្គនាយិកាក្រុមហ៊ុនណឹម ម៉េង គ្រុប ខូអិលធីឌី ។
ក្រុមហ៊ុន ណឹម ម៉េង គ្រុប ធ្លាប់បានចូលរួមជាមួយក្រុមហ៊ុនចិនមួយឈ្មោះ ហុង ទុង ធ្វើអាជីវកម្មរុករករ៉ែរួមគ្នានៅស្រុកជីក្រែង ខេត្តសៀមរាប ។ ក្រុមហ៊ុនណឹម ម៉េង គ្រុប ក៏ធ្លាប់ឈ្នះលើការដេញថ្លៃរៀបចំដោយសាលារាជធានីភ្នំពេញ ក្នុងគម្រោងស្ថាបនាផ្លូវចម្ការដូងលេខ២១៧ ប្រវែងជាង៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាអស់ជិត២០លានដុល្លារអាមេរិក ។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ណឹម ម៉េង គ្រុប ត្រូវបានស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមឲ្យឈ្នះក្តីទៅលើស្ត្រីជនជាតិចិន សញ្ជាតិខ្មែរម្នាក់ឈ្មោះ សុខ នាងហ្គិច អាយុ៤៦ឆ្នាំ ដោយសម្រេចឲ្យឈ្មោះ សុខ នាងហ្គិច សងប្រាក់ចំនួន២០លានរៀលឲ្យទៅលោកឧត្តមសេនីយ៍ឯក ណឹម ម៉េង ជាដើមបណ្តឹងរដ្ឋប្បវេណី និងផាកពិន័យចំនួន៤លានរៀល ក្នុងសំណុំរឿងបរិហារបង្កាច់កេរ្តិ៍ ។
មជ្ឈដ្ឋានអ្នកឃ្លាំមើលកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា កិត្យានុភាពរបស់កងយោធពលខេមរភូមិន្ទបច្ចុប្បន្នមានភាពអាប់ឱន ដោយសារនាយទាហានពាក់ផ្កាយខ្លះប្រើប្រាស់អំណាចប្រព្រឹត្តខុសច្បាប់ ពលទាហានខ្លះយកម៉ោងរដ្ឋបាលទៅបម្រើការងារឲ្យក្រុមហ៊ុនឯកជន ដើម្បីបានផលប្រយោជន៍ជាប្រាក់ កាងការពារឲ្យក្រុមហ៊ុនឯកជនក្នុងសកម្មភាពរំលោភបំពានទៅលើសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋតូចតាច…។ល៕