ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ចិន​រាប់រយ​នាក់​សម្រុក​ឆ្លង​ចូល​មក​កម្ពុជា​តាម​ច្រក​បា​វិត​ បន្ទាប់​ពី​មាន​កុបកម្ម​ប្រឆាំង​ចិន​នៅ​វៀតណាម​

​សមត្ថកិច្ច​នគរបាល​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត​ ខេត្តស្វាយរៀង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជនជាតិ​ចិន​ជា​ច្រើន​រយ​នាក់​បាន​ធ្វើ​ដំណើរ​ដោយ​ស្របច្បាប់​ឆ្លង​ចូល​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​បា​វិត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ បន្ទាប់​ពី​មាន​ផ្ទុះ​កុបកម្ម​ហិង្សា​ប្រឆាំង​ចិន​នៅ​ប្រទេស​វៀតណាម​រួច​មក​ តួយ៉ាង​គ្រាន់តែ​កាលពី​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​ ជនជាតិ​ចិន​បាន​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា​មាន​រហូត​ដល់​ទៅ​ចំនួន​៦៥១​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​១៩៣​នាក់​ និង​គិត​មក​ដល់​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៤​នេះ​ មាន​ចំនួន​កើនឡើង​ដល់​ទៅ​ជាង​៨០០​នាក់​ហើយ​ ។​

​តាម​ការ​បញ្ជាក់​អះអាង​របស់​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ ការណ៍​ដែល​នាំ​ឲ្យ​មាន​ជនជាតិ​ចិន​ជា​ច្រើន​រយ​នាក់​សម្រុក​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​បា​វិត​ដូច្នេះ​ គឺ​ដោយសារ​កាលពី​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៤​ ពលរដ្ឋ​វៀតណាម​ជា​ច្រើន​ពាន់​នាក់​បាន​ផ្ទុះ​កំហឹង​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​ ក្រោយ​ពេល​អាជ្ញាធរ​ចិន​បាន​ធ្វើ​សកម្មភាព​ខួង​យក​ប្រេង​នៅ​ក្នុង​ដែនសមុទ្រ​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម​ និង​នាវាចម្បាំង​របស់​ចិន​និង​វៀតណាម​បាន​បុក​គ្នា​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ រហូត​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​២១​នាក់​បាន​ស្លាប់​ ជា​ច្រើន​រយ​នាក់​រង​របួស​ ៥០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ និង​រោងចក្រ​ដែល​មាន​ស្លាក​យីហោ​សរសេរ​ជា​អក្សរ​ចិន​មិន​តិច​ជាង​១៥​រោងចក្រ​ត្រូវ​បាន​ដុត​បំផ្លាញ​ ។​

​ប្រភព​សារព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​មាន​ហេតុការណ៍​ផ្ទុះ​អំពើ​ហិង្សា​មក​លើ​អ្នក​វិនិយោគ​ និង​ប្រជាពលរដ្ឋ​ចិន​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​ចេញ​បម្រាម​ព្រមាន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​មិន​ឲ្យ​ធ្វើ​ដំណើរ​ទេសចរណ៍​មក​កាន់​ប្រទេស​វៀតណាម​ឡើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.