រថយន្តមួយគ្រឿងម៉ាក TOYOTA មួយបាំងកន្លះ និងឈើប្រណីតដែលកងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរីប្រដេញស្ទាក់ចាប់បាន កាលពីវេលាម៉ោង១៣រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤កន្លងមកនោះ ត្រូវបានដោះលែងវិញហើយ ដោយម្ចាស់រថយន្តដែលដឹកឈើប្រណីតបានយល់ព្រមបង់ប្រាក់ឲ្យទៅសមត្ថកិច្ចនគរបាល ជាថ្នូរនឹងការដោះលែង ។
លោក ណុច ម៉ៅ អាយុ៥០ឆ្នាំ ជាម្ចាស់រថយន្តដឹកឈើប្រណីតដែលត្រូវសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរីបង្ក្រាបបាននោះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា មានមន្ត្រីនគរបាលចំនួន២នាក់ គឺឈ្មោះ គង់ ផាន់ និងឈ្មោះ ឈាង សុភ័ក្រ ជាអ្នកជំរិតទារប្រាក់ពីគាត់ចំនួន១.០០០ដុល្លារអាមេរិកនាគ្រាដំបូង ជាថ្នូរនឹងការដោះលែង ប៉ុន្តែក្រោយមកបានចរចាត្រូវគ្នាចុះថ្លៃត្រឹមចំនួន៨០០ដុល្លារអាមេរិក ទើបរថយន្តនិងឈើក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យមកគាត់វិញ ។
មិនទាន់ទទួលបានការបំភ្លឺពីសំណាក់លោក គង់ ផាន់ និងលោក ឈាង សុភ័ក្រ ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី ពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក ណុច ម៉ៅ នោះនៅឡើយទេ ត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤នេះ ។
មជ្ឈដ្ឋានអ្នកតាមដានឃ្លាំមើលបទល្មើសព្រៃឈើនៅកម្ពុជា បានលើកឡើងថា បទល្មើសព្រៃឈើដែលក្លាយជាវិនាសកម្មនៅកម្ពុជា នៅតែបន្តកើតមាន គឺដោយសារមន្ត្រីមានសមត្ថកិច្ចទទួលសំណូកពីឈ្មួញរកស៊ីឈើ ជាថ្នូរនឹងការមិនបង្ក្រាប ធ្វើមិនដឹងមិនឮ និងជាថ្នូរនឹងការដោះលែង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ៕