ស្រីក្រមុំអាយុ១៨ឆ្នាំម្នាក់ កំពុងទទួលរងសម្ពាធឈឺចាប់ខាងផ្លូវចិត្ត ដ្បិតជ្រុលខ្លួនមានផ្ទៃពោះចំនួន៤ខែក្នុងសម្ព័ន្ធសេ្នហាលួចលាក់ជាមួយព្រះសង្ឃមួយអង្គព្រះជន្ម២១ព្រះវស្សា គង់នៅវត្តព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយសង្ឃកំហូចបែរជាគេចវេះមិនទទួលខុសត្រូវពាក់ព័ន្ធនឹងរឿងស្នេហាលួចលាក់នេះទៅវិញ ។
ព្រះសង្ឃវ័យក្មេងដែលប្រព្រឹត្តប្រាសចាកធម៌វិន័យលួចមានសេ្នហាជាមួយកូនក្រមុំអ្នកស្រុក រហូតដល់មានផ្ទៃពោះចំនួន៤ខែនោះ មានព្រះនាម សេង ឧត្តម ។ រីឯស្រីក្រមុំរងគ្រោះព្រោះលួចមានស្នេហាជាមួយព្រះសង្ឃរបៀបទុំមុនស្រគាលនោះ មានឈ្មោះ ហាន អ៊ាង មានទីលំនៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
តាមការឆ្លើយបំភ្លឺដោយឥតលាក់លៀមរបស់ស្រីក្រមុំរងគ្រោះ បានឲ្យដឹងថា នាងនិងព្រះសង្ឃ សេង ឧត្តម បានស្គាល់គ្នាតាមរយៈទូរស័ព្ទច្រឡំលេខ និងក៏ឈានដល់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នាចាប់តាំងពីខែមករា ឆ្នាំ២០១៤មក ។ នារយៈពេលមួយ គាប់ជួនឪពុកម្តាយនាងមិននៅផ្ទះ ហើយព្រះសង្ឃ សេង ឧត្តម ក៏បាននិមន្តមកលេងផ្ទះរបស់នាង និងបានលួងលោមនាងរួមរ័កមេត្រី ដោយសន្យាថា នឹងសឹកលាចាកសិក្ខាបទចូលស្តីដណ្តឹងនាងធ្វើជាប្រពន្ធតាមប្រពៃណី ទើបនាងជ្រុលប្រគល់ខ្លួនប្រមាណឲ្យសង្ឃកំហូចទាំងគ្មានស្តាយស្រណោះ ។ លុះក្រោយពីបានខ្លួនប្រាណនាងរួចហើយ ព្រះសង្ឃ សេង ឧត្តម បែរជាគេចវេះមិនទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួនឡើយ ព្រមទាំងញោមរបស់សង្ឃអង្គនោះបានជួយជម្លៀសសង្ឃកំហូចឲ្យគង់នៅវត្តផ្សេង ឈ្មោះវត្តចរិយាវង្ស សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប ទៀតផង ។
អ្នកស្រី សេង រី ត្រូវជាម្តាយរបស់ស្រីក្រមុំរងគ្រោះបានបញ្ជាក់ឲ្យដឹងថា ការទំនាក់ទំនងស្នេហារវាងកូនស្រីគាត់ និងព្រះសង្ឃអង្គនោះកាលពីដំណាក់កាលដំបូងគាត់មិនបានដឹងឡើយ ហើយគាត់បានដឹងនៅពេលឃើញកូនស្រីមានអាការៈចេះតែក្អួតចង្អោររបៀបចាញ់កូន ទើបបែកធ្លាយរឿងរ៉ាវនេះតែម្តង ខណៈដែលព្រះសង្ឃអង្គនោះព្យាយាមគេចវេះមិនទទួលខុសត្រូវទាល់តែសោះ ។
សូមស្ថាប័នមន្ទីរធម្មការកិច្ចការសាសនាខេត្ត និងព្រះមេគណខេត្តកែប មេត្តាស៊ើបអង្កេតត្រួតពិនិត្យលើករណីព្រះសង្ឃព្រះនាម សេង ឧត្តម លួចមានសេ្នហាលួចលាក់រហូតធ្វើឲ្យកូនក្រមុំអ្នកស្រុកមានផ្ទៃពោះ៤ខែនេះផង ៕