ការចរចារវាងតំណាងបុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈ CALTEX ដែលកំពុងធ្វើកូដកម្ម និងក្រុមហ៊ុន CHEVRON របស់សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤នេះ មិនទទួលបានលទ្ធផលអ្វីឡើយ ហើយក្រុមកូដករបានអះអាងថា នឹងបន្តធ្វើកូដកម្មមិនធ្វើការតទៅទៀតរហូតដល់មានដំណោះស្រាយសមស្របអាចទទួលយកបាន ។
ទាក់ទងនឹងសំណើទាមទារដំឡើងប្រាក់បៀវត្សរ៍ឲ្យបានចំនួន១៦០ដុល្លារអាមេរិកក្នុង១ខែរបស់បុគ្គលិកបម្រើការងារនៅស្ថានីយ៍ប្រេង ឥន្ធនៈCALTEX នោះ ត្រូវបានភាគីក្រុមហ៊ុនបញ្ជាក់ថា នឹងយកទៅសិក្សាក្នុងរយៈពេលពី២ទៅ៣ខែទៀតនិងសំណើទាមទារឲ្យមានប្រាក់ខែទី១៣នោះ ភាគីក្រុមហ៊ុនអះអាងថា ប្រាក់រង្វាន់ត្រូវបានក្រុមហ៊ុនផ្តល់ឲ្យរៀងរាល់ខែដល់បុគ្គលិកគ្រប់ៗគ្នាអស់ហើយ។
លោក សរ ម៉ូរ៉ា ប្រធានសម្ព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា បានថ្លែងប្រាប់ឲ្យដឹងថា កិច្ចប្រជុំចរចានេះទទួលបានលទ្ធផលតិចតួចមិនទាន់មានដំណោះស្រាយទេ គឺភាគីក្រុមហ៊ុនបានត្រឹមសម្រេចដំឡើងប្រាក់ខែដល់បុគ្គលិកខាងបេឡា (ខាងគិតលុយ) ចំនួន១០ដុល្លារអាមេរិក រីឯបុគ្គលិកកម្មករដែលលក់ផ្ទាល់មិនទាន់បានដំឡើងឡើយ ។
ភាគីក្រុមហ៊ុនបានថ្លែងប្រាប់ឲ្យដឹងថា ក្រុមហ៊ុនមានការខកចិត្តចំពោះបុគ្គលិកទាំងអស់ដែលបានធ្វើសកម្មភាពយ៉ាងគំហុក គឺឈប់ធ្វើការភ្លាមៗ ដោយមិនជ្រើសរើសយកវិធានផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហា ដែលអាចឲ្យក្រុមហ៊ុនមានលទ្ធភាពបន្តការផ្គត់ផ្អង់ផលិតផលប្រេងឥន្ធនៈដល់អតិថិជននោះទេ ។ ក្រុមហ៊ុននឹងបន្តដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស ដោយសុវត្ថិភាព និងដោយសន្តិវិធី តាមដែលក្រុមហ៊ុនអាចធ្វើបាន ៕