ក្នុងឱកាសប្រារព្ធខួបលើកទី១៥១នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ម្សិលមិញនេះ តារាចម្រៀងលំដាប់ជួរមុខប្រចាំផលិតកម្មសាន់ដេ បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន១.០០០ដុល្លារអាមេរិក ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងត្រូវជាភរិយារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ខណៈការបរិច្ចាគប្រាក់ជូនអង្គការមនុស្សធម៌មួយនេះចំពេលដែលរឿងក្តីគ្រោះថ្នាក់ចរាចរណ៍ដ៏ស្មុគស្មាញរបស់ខ្លួននៅស្ថាប័នតុលាការកំពូលមិនទាន់ចប់នៅឡើយ ។
រូបភាពបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ជួយដល់កាកបាទក្រហមកម្ពុជានោះ មានមជ្ឈដ្ឋាននានាលើកឡើងផ្ទុយគ្នា គឺទី១គេបានកោតសរសើរចំពោះកាយវិការសប្បុរសធម៌របស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនជួយដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់ជនរងគ្រោះកម្ពុជា និងទី២ គេបានផ្តោតអារម្មណ៍ថា អាចតារាចម្រៀង ខេមរៈ សិរីមន្ត ប្រើប្រាស់កាយវិការសប្បុរសធម៌នេះពញាក់អារម្មណ៍ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជាដ៏មានឥទ្ធិពល ជួយជំរុញឲ្យស្ថាប័នតុលាការកំពូលពិចារណាពន្លឿនដំណើរការនីតិវិធីរឿងក្តី និងវិនិច្ឆ័យផ្តល់យុត្តិធម៌ឲ្យខ្លួន ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣កន្លងមក ដ្បិតក្រុមហ៊ុនរថយន្តបង្កក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ជាក្រុមហ៊ុនរបស់មន្ត្រីយោធាដ៏មានអំណាចម្នាក់ស្និទ្ធនឹងបុរសខ្លាំង ទោះបីតុលាការសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ធ្លាប់បានកាត់ក្តីបង្គាប់ឲ្យក្រុមហ៊ុន SK សងប្រាក់ទៅក្រុមតារាចម្រៀង ខេមរៈ សិរីមន្ត ជាជនរងគ្រោះក៏ដោយ ។
គួរបញ្ជាក់ថា ក្នុងឱកាសប្រារព្ធខួបលើកទី១៥១នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៤ ក្រោមប្រធានបទ "ខ្ញុំនិងកាកបាទក្រហម" នេះ កាកបាទក្រហមកម្ពុជាទទួលថវិកាពីសប្បុរសជនបានចំនួន១៤.៣៦០.៩៩៧ដុល្លារអាមេរិក ៕